អតីតវរសេនីយ៍ទោនៃទ័ពអាកាស ឈ្មោះ Larry Rendell Brock ដែលបានចូលរួមក្នុងការសម្រុកចូលកាន់កាប់វិមានសភានៅ Capitol Hill បានចេញមុខសារភាពកំហុស ក្រោយពីត្រូវអតីតភរិយា «បង្ហាញផ្លូវ» ដល់ FBI។
ការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក (FBI) នៅចុងសប្ដាហ៍មុនបានអំពាវនាវដល់ពលរដ្ឋឱ្យផ្ដល់ព័ត៌មានអំពីក្រុមមនុស្សជ្រុលនិយមដែលបានប្រើអំពើហិង្សានៅ Capitol Hill កាលពីថ្ងៃទី 6 មករា ដោយយោងទៅតាមរូបភាពដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម។
ស្ត្រីម្នាក់ ក្រោយមកក៏បានហៅទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាតិរបស់ FBI និងបានចោទប្រកាន់អតីតស្វាមីឈ្មោះ Larry Rendell Brock រស់នៅក្នុងទីក្រុង Grapevine នៃរដ្ឋ Texas ថាជាបុរសស្លៀកពាក់ឯកសណ្ឋានជាទាហាន និងកាន់ខ្សែចងប្រភេទរឹតមួយដុំក្នុងដៃនៅពេលស្ថិតក្នុងអគារសភាជាតិ។
«ពេលបានឃើញករណីហិង្សា ខ្ញុំព្រួយបារម្ភថាគាត់នឹងនៅទីនោះ។ ខ្ញុំដឹងច្បាស់ថាគាត់នៅទីនោះ។ នោះគឺជារូបថតច្បាស់ ហើយខ្ញុំស្គាល់រូបសញ្ញានៅលើខ្លួនគាត់» ស្ត្រីជាអតីតភរិយាដែលបានរស់នៅ 18 ឆ្នាំជាមួយនឹង Brock បានប្រាប់បុគ្គលិក FBI។
ក្រោយពេលត្រូវបានចោទប្រកាន់ ថ្ងៃទី 10 មករា Brock ក៏បានទៅកាន់ទីស្នាក់ការ FBI ដើម្បីសារភាព។ អតីតវរសេនីយ៍ទោនៃទ័ពអាកាសអាមេរិកដែលមានអាយុ 53 ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទចូលអគាររបស់រដ្ឋដោយខុសច្បាប់ រំលោភចូលដោយប្រើអំពើហិង្សា និងបង្កអស្ថេរភាព។
FBI បានរកឃើញថា Brock បានចូលក្នុងសាលប្រជុំរបស់សភាជាន់ទាប និងនៅខាងក្រៅការិយាល័យរបស់ប្រធានសភា Nancy Pelosi។
Brock បានទទួលស្គាល់កំហុសរបស់ខ្លួន។ «ប្រធានាធិបតីបានអំពាវនាវឱ្យអ្នកគាំទ្របង្ហាញវត្តមាន ហើយខ្ញុំក៏បានចូលរួម ខ្ញុំគិតថា ប្រការនេះពិតជាមានសារសំខាន់ ព្រោះខ្ញុំស្រលាញ់ទឹកដីនេះខ្លាំងណាស់ ហើយខ្ញុំក៏មានវត្តមាននៅទីនោះ» Brock បានប្រាប់សារព័ត៌មាន New Yorker ដូច្នេះ។
សូមរំលឹកថា ក្រុមបាតុករដែលគាំទ្រលោក Trump បានសម្រុកចូលកាន់កាប់វិមានសភាអាមេរិកកាលពីថ្ងៃទី 6 ខែមករា ក្នុងពេលដែលក្រុមតំណាងរាស្ត្រកំពុងប្រជុំដើម្បីពិចារណាលើការទទួលស្គាល់លទ្ធផលបោះឆ្នោត។ ការរំលោភចូលនេះ បាននាំឱ្យមានអំពើហិង្សាកើតឡើង និងបានសម្លាប់មនុស្សយ៉ាងតិច 5 នាក់។ អាជ្ញាធរបានចាប់ខ្លួនបាតុករមួយចំនួនដែលបានចូលរួមប្រើហិង្សា និងកំពុងស៊ើបអង្កេតលើក្រុមមន្ត្រីប៉ូលិសជាច្រើននាក់ដែលប្រចាំការនៅវិមានសភា ដោយសង្ស័យថា បានគាំទ្រដល់ក្រុមបាតុករ៕
ប្រភព៖ Fox News