Major ជាសុនកដែលត្រូវបានប្រធានាធិបតីជាប់ឆ្នោត Joe Biden ទទួលយកមកចិញ្ចឹមពីក្រុមអ្នកជួយសង្គ្រោះសត្វ នឹងមានពិធីស្បថចូលកាន់តំណែងជា «សុនកទីមួយ» ដោយមានការផ្សាយផ្ទាល់ទៀតផង។
អង្គការមនុស្សធម៌ Delaware (DHA) ដែលជាអ្នកបានជួយសង្គ្រោះ Major មុនពេលត្រូវបានគ្រួសាររបស់លោក Biden ទទួលយកទៅចិញ្ចឹមកាលពីឆ្នាំ 2018 បានប្រកាសកាលពីថ្ងៃទី 10 ខែមករាថា នឹងសហការជាមួយមូលនិធិសង្គ្រោះសត្វ Pumpkin ប្រារព្ធ «ពិធីឡើងកាន់តំណែង» នៅថ្ងៃទី 17 មករា ឱ្យសុនកដំបូងរបស់សេតវិមានដែលមកពីបណ្ឌលសង្គ្រោះសត្វអនាថា។
«ពិធីទទួលតំណែងជាសុនកទីមួយ» ដែលនឹងត្រូវបានដឹកនាំធ្វើឡើងដោយអ្នកកាសែត Jill Martin មកពីអង្គភាព NBC នៅមុនការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden រយៈពេល 3 ថ្ងៃនេះ ក៏នឹងមានការផ្សាយផ្ទាល់តាមកម្មវិធី Zoom ផងដែរ។ គ្រប់គ្នាត្រូវបង់វិភាគទានយ៉ាងតិច 10 ដុល្លារដើម្បីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ខ្ទង់ប្រាក់ដែលរៃអង្គាសបាននឹងត្រូវបានវេរទៅកាន់ DHA ដើម្បីបន្តសកម្មភាពការពារសត្វ។
ក្រៅពី Major គ្រួសាររបស់លោក Biden ក៏នៅមានសុនក ប៊ែកហ្សេអាល្លឺម៉ង់ (German Shepherd) មួយក្បាលផ្សេងទៀតដែលមានឈ្មោះថា Champ ប៉ុន្តែ Major ទទួលបានចំណាប់អារម្មណ៍ច្រើនជាង ដោយសារតែមានប្រវត្តិជាសុនកអនាថា។
បន្ទាប់ពី Biden បានឡើងកាន់អំណាច Major និង Champ នឹងក្លាយជាសុនកដំបូងគេដែលបង្ហាញខ្លួននៅសេតវិមាន ក្រោយអវត្តមានសុនកអស់រយៈពេល 4 ឆ្នាំ ព្រោះតែលោក Trump មិនបានចិញ្ចឹមសត្វអ្វីមួយនៅសេតវិមាន៕
ប្រភព៖ CNN