នៅព្រលប់ថ្ងៃទី 11 ខែមករា មន្ត្រីនៃខេត្ត Shandong ភាគខាងកើតប្រទេសចិន បានឱ្យដឹងថា មានការផ្ទុះមួយបានកើតឡើងនៅអណ្ដូងរ៉ែមាសដែលកំពុងត្រូវបានសាងសង់នៅក្នុងខេត្តនេះ បណ្ដាលឱ្យបុគ្គលិកចំនួន 20 នាក់ត្រូវជាប់នៅក្រោមដី។
គ្រោះថ្នាក់ការងារនេះបានកើតឡើងនៅវេលាម៉ោង 14 ថ្ងៃទី 10 ខែមករា នៅឯអណ្ដូងរ៉ែមាសក្នុងទីរួមស្រុក Xicheng ក្រុង Yantai ខេត្ត Shandong។ ក្រុមមន្ត្រីចិនបានបញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។ ប៉ុន្តែ ការផ្ទុះនេះបានបំផ្លាញជណ្ដើរសង្គ្រោះបន្ទាន់ ក៏ដូចជាប្រព័ន្ធទាក់ទងខាងក្នុងអណ្ដូង ទើបក្រុមនៅលើដីមិនអាចទាក់ទងទៅកាន់ជនរងគ្រោះនៅក្រោមដីបាន។ បច្ចុប្បន្ន អាជ្ញាធរកំពុងបញ្ជូនកម្លាំងជំនួយបន្ថែមទៅកាន់កន្លែងកើតហេតុ។
អណ្ដូងរ៉ែមាសខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគ Shandong Wucailong Investment Co. Ltd ដែលមានទំនាក់ទំនងនឹង Zhaojin ដែលជាក្រុមហ៊ុនរុករករ៉ែមាសធំជាងគេលំដាប់ទីបួននៅប្រទេសចិន។
ករណីគ្រោះថ្នាក់នៅឯអណ្ដូងរ៉ែ កើតឡើងជាញឹកញាប់នៅប្រទេសចិន ដោយសារតែលក្ខខណ្ឌការងារផ្នែកពលកម្មនៅមានកម្រិត។ គ្រោះថ្នាក់អណ្ដូងរ៉ែចុងក្រោយនៅប្រទេសចិន បានកើតឡើងកាលពីខែធ្នូ ឆ្នាំ 2020 នៅក្នុងទីក្រុង Chongqing ភាគនិរតីប្រទេសចិន បណ្ដាលឱ្យកម្មករដែលជាប់ក្រោមដីចំនួន 23 នាក់ត្រូវបាត់បង់ជីវិត៕
ប្រភព៖ RT