FBI ព្រមានថា ផែនការបាតុកម្មប្រដាប់អាវុធកំពុងត្រូវបានរៀប ហើយព្រឹត្តិការណ៍នេះនឹងអាចត្រូវបានធ្វើឡើងនៅឯវិមានសភារបស់រដ្ឋចំនួន 50 រួមនឹងវិមានសភាជាតិនៃសហរដ្ឋអាមេរិក មុនថ្ងៃទី 20 មករា 2021។
ផែនការបាតុកម្មទាំងនេះកំពុងត្រូវរៀបចំ ហើយនឹងអាចធ្វើឡើងចាប់ពីថ្ងៃទី 16 ខែមករា រហូតដល់យ៉ាងហោចថ្ងៃទី 20 មករា នៅឯវិមានសភារបស់រដ្ឋចំនួន 50 និងថ្ងៃទី 17 ខែមករា ដល់ថ្ងៃទី 20 ខែដដែលនៅឯវិមានសភាជាតិ នេះបើតាមការព្រមានពី FBI ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី 11 ខែមករា។ FBIព្រមានថា អាចនឹងមាន «ការងើបប្រឆាំង» បើសិនជាប្រធានាធិបតី Donald Trump ត្រូវបានដកហូតតំណែងទៅតាមច្បាប់វិសោធនកម្មលើកទី 25 មុនការចូលកាន់តំណែងនៅថ្ងៃទី 20 មករា របស់លោក Joe Biden។
FBI បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី 8 មករា ពួកគេទទួលបានព័ត៌មានសម្ងាត់ថា មានក្រុមមួយកំពុងអំពាវនាវឱ្យធ្វើបាតុកម្មនៅឯវិមានតុលាការ និងទីស្នាក់ការកណ្ដាលរបស់រដ្ឋបាលថ្នាក់រដ្ឋ រួមនឹងថ្នាក់ជាតិ នៅក្នុងករណីដែលប្រធានាធិបតី Donald Trump ត្រូវបានដកហូតតំណែងមុនថ្ងៃទី 20 មករា។ ក្រុមនេះក៏មានគម្រោង «បង្កព្យុះភ្លើង» នៅតំបន់ Capitol Hill និងនៅតាមវិមានសភាទាំង 50 រដ្ឋផងដែរ។
បច្ចុប្បន្ន FBI កំពុងតែតាមដានព័ត៌មានអំពី «ប្រភពនៃការគំរាមកំហែង» ជាច្រើនផ្សេងទៀត នៅមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden រួមទាំងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Kamala Harris និងប្រធានសភាជាន់ទាប លោកស្រី Nancy Pelosi៕
ប្រភព៖ CNN