មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការបក្សពលកររបស់កូរ៉េខាងជើងដែលកំពុងកាន់អំណាច នៅមហាសន្និបាតលើកដំបូងរបស់បក្ស ក្នុងអំឡុងជិត 5 ឆ្នាំកន្លងទៅនេះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ថ្ងៃនេះបានចេញផ្សាយថា លោក Kim បានជាប់ឆ្នោតជាអគ្គលេខាធិការក្រោយការបោះឆ្នោតក្នុងសន្និបាតរបស់បក្សពលករលើកទី 8។ KCNA បានឱ្យដឹងថា មហាសន្និបាតនេះត្រូវបានបើកពិភាក្សាចាប់ពីថ្ងៃទី 5 វិច្ឆិកានៅទីក្រុងព្យុងយ៉ាង និងកំពុងបន្តពិភាក្សា ប៉ុន្តែមិនបាននិយាយច្បាស់ថានឹងត្រូវបញ្ចប់នៅពេលនោះទេ។
ប្អូនស្រី និងជាជំនួយការផ្ទាល់របស់លោក Kim Jong-un គឺលោកស្រី Kim Yo-yong លែងមានវត្តមាននៅក្នុងបញ្ជីឈ្មោះសមាជិកជំនួសនៃការិយាល័យនយោបាយរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករទៀតហើយ។ មហាសន្និបាតបក្សលើកមុន ដែលជាមហាសន្និបាតដំបូងបង្អស់ត្រូវបានរៀបចំធ្វើឡើងក្រោយរយៈពេល 36ឆ្នាំ បានពិភាក្សារយៈពេល 4ថ្ងៃ បន្ទាប់ពីបានចាប់ផ្ដើមបើកកាលពីថ្ងៃទី 6ឧសភា ឆ្នាំ 2016។
លោក Kim បានក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងចាប់តាំងពីខែធ្នូ ឆ្នាំ 2011 ក្រោយពីឪពុករបស់លោក គឺលោកប្រធានរដ្ឋ Kim Jong-il បានទទួលមរណភាព។ លោក Kim Jong-un ក៏ត្រូវបានជ្រើសរើសជាប្រធានបក្សកាលពីខែឧសភា ឆ្នាំ 2016 ហើយបានស្ដារ និងកាន់កាប់តំណែងជាអគ្គលេខាធិការចាប់តាំងពីពេលនោះផងដែរ៕
ប្រភព៖ Nikkei