អ្នកនេសាទ Solihin បានរៀបរាប់ថា យន្តហោះបានធ្លាក់ដាំក្បាលចុះសមុទ្រ «លឿនដូចរន្ទះ» មុននឹងផ្ទុះនៅលើផ្ទៃទឹក បង្កើតបានជាបំណែកជាច្រើន ហោះ ខ្ទាតចេញពាសពេញផ្ទៃសមុទ្រ។
យន្តហោះ Boeing 737-500 ដែលមានស្លាកលេខ SJ 182 របស់ក្រុមហ៊ុន Srivifaya Air ដឹកអ្នកដំណើរ 62 នាក់ កាលពីថ្ងៃទី 9 មករា បានធ្លាក់នៅក្នុងលម្ហសមុទ្រ Jakarta ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីហោះឡើងបានប៉ុន្មាននាទីប៉ុណ្ណោះ។ សារព័ត៌មាន Flightradar24 បានឱ្យដឹងថា យន្តហោះបានហោះក្នុងកម្ពស់ 3,000 ម៉ែត្រក្នុងរយៈពេលមិនដល់ 1 នាទីនោះទេ មុននឹងវាបាត់ខ្លួន។ សាក្សីជាច្រើនបានប្រាប់ថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងតិចមួយ នៅពេលយន្តហោះធ្លាក់ទៅលើផ្ទៃសមុទ្រ។
«យន្តហោះបោះពួយយ៉ាងលឿនដូចផ្លេកបន្ទោរ សំដៅមកកាន់ផ្ទៃសមុទ្រ និងផ្ទុះខ្ទេចខ្ទីនៅក្រោមទឹក។ វាធ្លាក់នៅជិតពួកខ្ញុំ បំណែករបស់យន្តហោះហាក់ដូចខ្ទាតវិះចំទូករបស់ពួកយើង» អ្នកនេសាទ Solihin ជាអ្នកបានឃើញហេតុការណ៍ផ្ទាល់ និយាយដូច្នេះ។
មនុស្សមួយចំនួនដែលរស់នៅលើកោះក្បែរកន្លែងយន្តហោះបាត់ខ្លួន ឱ្យដឹងថា ពួកគេប្រទះឃើញបំណែកមួយចំនួនដែលសង្ស័យថាជាបំណែកយន្តហោះដែលបានធ្លាក់នេះ រួមមានដូចជាខ្សែភ្លើង បន្ទះក្រណាត់ខោខៅប៊យ និងបន្ទះលោហធាតុមួយចំនួននៅលើផ្ទៃទឹក។
ក្រុមមន្ត្រីឥណ្ឌូនេស៊ីបានឱ្យដឹងថា យន្តហោះនេះដឹកអ្នកដំណើរចំនួន 50 នាក់ រួមមានទាំងកុមារចំនួន 10 នាក់ និងអាកាសយានិកចំនួន 12 នាក់ បើទោះវាអាចផ្ទុកបាន 130 នាក់ក៏ដោយ។ ជនរងគ្រោះទាំងនេះ សុទ្ធតែជាពលរដ្ឋឥណ្ឌូនេស៊ី។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់អំពីជោគវាសនារបស់ជនរងគ្រោះទាំងនេះនៅឡើយ។
Sriwijaya Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2003 និងមានទីស្នាក់ការនៅទីក្រុង Jakarta ភាគច្រើនបម្រើសេវាកម្មក្នុងស្រុក និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនដែលមានយន្តហោះសរុបចំនួន 19 គ្រឿងនេះ មិនធ្លាប់បានជួបគ្រោះថ្នាក់ណាមួយដែលបណ្ដាលឱ្យមានមនុស្សស្លាប់នោះទេចាប់ពីត្រូវបានបើកដំណើរការ៕
ប្រភព៖ BBC