«រណ្ដៅយក្ស» មួយបានបង្ហាញខ្លួនក្រោយពីមានករណីផ្ទុះដ៏ធំមួយនៅក្បែរមន្ទីរពេទ្យក្នុងទីក្រុង Naples ប្រទេសអ៊ីតាលី បណ្ដាលឱ្យមានការជម្លៀសអ្នកជំងឺ Covid-19 ចេញទៅរកកន្លែងសុវត្ថិភាព។
រណ្ដៅយក្សមួយដែលមានទំហំប្រហែល 50ម និងជម្រៅប្រហែល 15ម បានបង្ហាញខ្លួនភ្លាមៗនៅក្នុងទីលានចតរថយន្តក្បែរមន្ទីរពេទ្យ Ponticelli កាលពីថ្ងៃទី 8 មករា បន្ទាប់ពីមានសំឡេងផ្ទុះមួយយ៉ាងធំ។ ករណីនេះបានធ្វើឱ្យរថយន្តជាច្រើនគ្រឿងត្រូវ «លេបត្របាក់» ចូលក្នុងដី ប៉ុន្តែមិនទាន់មានរបាយការណ៍ស្ដីអំពីការស្លាប់នៅឡើយ។
កងកម្លាំងជួយសង្គ្រោះត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ខណៈការស៊ើបអង្កេតរកមូលហេតុកំពុងចាប់ផ្ដើម។
មន្ទីរពេទ្យ Ponticelli ដែលជាកន្លែងព្យាបាលអ្នកជំងឺ Covid-19 កំពុងត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមានរណ្ដៅយក្សនេះបង្ហាញខ្លួន។ មន្ទីរពេទ្យក៏ត្រូវប្រើប្រាស់ម៉ាស៊ីនភ្លើង ដោយសារតែខ្សែភ្លើងរដ្ឋបានដាច់ក្រោយការផ្ទុះ។
ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Naples នឹងធ្វើការស្រាវជ្រាវលើហេតុការណ៍នេះ បើទោះពួកគេមិនបានគិតដល់សម្មតិកម្មដែលថាមានការវាយប្រហារភេរវកម្ម។ ព័ត៌មានដំបូងបានឱ្យដឹងថា បំពង់នាំអុកស៊ីសែនក្រោមដីរបស់មន្ទីរពេទ្យទំនងជាបានលេចធ្លាយ បង្កឱ្យមានការប្រមូលផ្ដុំឧស្ម័ន និងនាំឱ្យមានការផ្ទុះនេះ៕
ប្រភព៖ RT