FBI បានប្រកាសបង្ហាញរូបថត និងរង្វាន់ 50,000ដុល្លារអាមេរិកដើម្បីស្វែងរកជនសង្ស័យដែលបានឆ្លៀតឱកាសលើករណីវឹកវរដោយសារបាតុកម្មនៅវិមានសភាដើម្បីបង្កៃគ្រាប់បែក។
រូបថតដែលត្រូវបានការិយាល័យជាតិស៊ើបអង្កេត (FBI) ប្រកាសកាលពីយប់ថ្ងៃទី 7 ខែមករា បង្ហាញថា ជនសង្ស័យគឺជាបុរសម្នាក់ ពាក់ម៉ាស ពាក់អាវយឺតធំមានមួក និងពាក់ស្រោមដៃ។ បុរសនេះត្រូវបានគេជឿថា ជាប់ទាក់ទងនឹងករណីដាក់គ្រាប់បែកបំពង់ដែលកែច្នៃដោយខ្លួនឯងនៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណៈកម្មការជាតិនៃបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី 6 ខែមករា។ ទីស្នាក់ការរបស់គណៈកម្មជាតិនៃបក្សទាំងពីរមានចម្ងាយពីវិមានសភាតែប៉ុន្មានជួរផ្ទះប៉ុណ្ណោះ។
FBI នឹងផ្ដល់រង្វាន់ចំនួន 50,000ដុល្លារដល់អ្នកទាំងឡាយណាដែលផ្ដល់ព័ត៌មាននាំទៅរកការកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងដាក់ទោសដល់អ្នកដែលទទួលខុសត្រូវក្នុងករណីដាក់គ្រាប់បែកនេះ។ ជនសង្ស័យបានឆ្លៀតឱកាសនៃភាពច្របូកច្របល់ដែលកើតឡើងដោយសារបាតុករសម្រុកចូលវិមានសភាអាមេរិក ដើម្បីដាក់បង្កៃគ្រាប់បែក។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា គ្រាប់បែកទាំងពីរគ្រាប់នេះសុទ្ធតែអាចផ្ទុះ និងបង្កការខូចខាតធំធេងដល់ជីវិត បើសិនត្រូវបានបំផ្ទុះ។ ក្រុមបុគ្គលិកផ្នែករាវមីន បន្ទាប់មកក៏បានប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីបំបែកផ្នែកនីមួយៗរបស់គ្រាប់បែកចេញពីគ្នា មុនពេលបិទមិនឱ្យផ្ទុះ នៅចំពេលដែលក្រុមបាតុករគាំទ្រលោក Trump សម្រុកចូលវិមានសភា។ FBI ក៏កំពុងប្រមូលតម្រុយនានាដែលអាចពាក់ព័ន្ធនឹងករណីដាក់គ្រាប់បែកនេះ។
សូមរំលឹកថា យ៉ាងហោចណាស់មានមនុស្សចំនួន 5 នាក់បានស្លាប់ បន្ទាប់ពីបាតុកររាប់រយនាក់ដែលគាំទ្រលោក Donald Trump បានសម្រុកចូលតំបន់ Capitol Hill កាលពីថ្ងៃទី 6 ខែមករា ដើម្បីរារាំងសភាអាមេរិកមិនឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតដែលបញ្ជាក់ថា លោក Joe Biden ជាអ្នកទទួលបានជ័យជំនះ។ ក្នុងចំណោមជនរងគ្រោះក៏មានស្ត្រីម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ និងប៉ូលិសម្នាក់ប្រចាំនៅតំបន់ Capitol Hill ផងដែរ។
មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្រោមបទចោទថា បានកាន់កាប់កាំភ្លើងខុសច្បាប់ និងប្រើប្រាស់អាវុធដែលត្រូវបានហាមឃាត់ រំលោភលើបទបញ្ជាបម្រាមគោចររបស់ទីក្រុង និងសម្រុកចូលវិមានសភាដោយខុសច្បាប់។
បន្ទាប់ពីមានអំពើហិង្សានៅវិមានសភា ប្រធានាធិបតី Donald Trump ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះក្រុមបាតុករដែលបានធ្វើឱ្យមានភាពវឹកវរនេះដែរ៕
ប្រភព៖ USA Today