ក្រុមប៉ូលិសដែលស្លៀកពាក់ស៊ីវិលប្រចាំការនៅវិមានសភាសហរដ្ឋអាមេរិក បានបិទបង់ចាំងពន្លឺលើកាំភ្លើងខ្លីដើម្បីជាសញ្ញាបែកចែកថា «អ្នកណាជាសត្រូវ និងអ្នកណាជាមិត្ត» នៅក្នុងករណីបាតុកម្មហិង្សាដែលបានកើតឡើងនៅឯវិមានសភាសហរដ្ឋអាមេរិក។
ក្នុងពេលដែលក្រុមបាតុករគាំទ្រលោក Donald Trump កំពុងសម្រុកចូលអគារសភាជាតិនៅតំបន់ Capitol Hill កាលពីថ្ងៃត្រង់ ទី 6 ខែមករា ក្រុមមន្ត្រីប៉ូលិសប្រចាំនៅសភាដែលស្លៀកពាក់ស៊ីវិល នាំគ្នាតម្រង់ជួរនៅខាងក្រោយទ្វារបន្ទប់ប្រជុំ និងដកកាំភ្លើងខ្លី Glock ដើម្បីបិទតែមសម្គាល់ ក្នុងបំណងគំរាមដល់ក្រុមបាតុករដែលមាន «ឈាមរាវ»។ កំភ្លើងខ្លីដែលក្រុមប៉ូលិសស្លៀកពាក់ស៊ីវិលប្រើប្រាស់ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារនៅលើកាំភ្លើងមានតែម ឬបង់ឆ្នូតក្រហម-ស ដែលចាំងប្លាតពន្លឺ។
Tomer Israeli អតីតប្រធានសន្តិសុខនៃអង្គភាពស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល (Shin Bet) បានអះអាងថា ការដែលមន្ត្រីប៉ូលិសសភាអាមេរិកបិទតែមចាំងប្លាតពន្លឺនៅលើកាំភ្លើងខ្លី «មិនមែនជារឿងខុសប្រក្រតីនោះទេ»។ Tomer Israeli និយាយថា៖ «បង់នេះត្រូវបានប្រើដើម្បីបែងចែកមិត្តនិងសត្រូវ នៅក្នុងស្ថានការណ៍ដែលមានមនុស្សច្រើន ដែលនេះអាចជួយឱ្យក្រុមមន្ត្រីធ្វើការសម្រេចចិត្តបានត្រឹមត្រូវថា ត្រូវវាយប្រហារលើគោលដៅ ឬអត់ នៅក្នុងមួយប៉ប្រិចភ្នែក»។
កងកម្លាំងសន្តិសុខក៏ប្រើប្រាស់សញ្ញាពិសេសនៅលើកាំភ្លើង ដើម្បីកំណត់អត្តសញ្ញាណក្រុមរបស់ខ្លួន និងដើម្បីជៀសវាងការភាន់ច្រលំនៅក្នុងស្ថានភាពច្របូកច្របល់ ពិសេសនៅពេលមានខ្មាន់កាំភ្លើងម្នាក់ ឬច្រើននាក់ដែលប្រើប្រាស់កាំភ្លើងដូចពួកគេ។
និពន្ធនាយក Joseph Trevithick និង Tyler Rogoway របស់សារព័ត៌មាន The Drive បានអះអាងថា៖ «បង់ចាំងពន្លឺក៏ជាវិធីដើម្បីកំណត់អត្តសញ្ញាបានឆាប់រហ័សថា វាជាកាំភ្លើងរបស់ប៉ូលិសប្រចាំការនៅសភា ពោលគឺមិនមែនជាកាំភ្លើងសម្រាប់ប្រព្រឹត្តអំពើខុសច្បាប់ណាមួយនោះឡើយ»។ កាលពីពេលកន្លងទៅនេះ មន្ត្រីប៉ូលិសប្រចាំនៅសភាអាមេរិកក៏ធ្លាប់បានភ្លេចកាំភ្លើងនៅក្នុងបន្ទប់ទឹកជាច្រើនករណីផងដែរ។
ក្រុមមន្ត្រីប៉ូលិសនៅសភាអាមេរិក ចាប់តាំងពីឆ្នាំ 2019 ត្រូវបានបំពាក់កាំភ្លើងខ្លី ម៉ាក Glock 22។ ប៉ុន្តែ នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅសភាកាលពីថ្ងៃទី 6 មករា គេមិនទាន់ដឹងច្បាស់ថា កាំភ្លើងដែលក្រុមប៉ូលិសបានប្រើនោះជាប្រភេទអ្វីនៅឡើយ។
នៅក្នុងការប៉ះទង្គិចនៅសភា គេឃើញមានមន្ត្រីប៉ូលិសយ៉ាងតិច 2 នាក់ កាន់កាំភ្លើងដែលមានសញ្ញាខាងលើ ខណៈមន្ត្រីផ្សេងពីនេះមិនមានសញ្ញានេះទេ។ ប៉ុន្តែគេមិនបានដឹងថា ក្នុងចំណោមពួកគេ មានមន្ត្រីរូបណាជាសមាជិករបស់កម្លាំងសម្ងាត់នៅទេ។
នៅពេលហេតុការណ៍កំពុងកើតឡើង ក្រុមមន្ត្រីប៉ូលិស និងកងកម្លាំងពិសេសនៃអធិការដ្ឋាននគរបាលក្រុងវ៉ាស៊ីងតោន អង្គភាពស៊ើបការណ៍ជាតិ (FBI) ស្ថាប័នគ្រប់គ្រងស្រា បារី អាវុធជាតិផ្ទុះ រួមនឹងនគរបាលយុត្តិធម៌ជាដើម ត្រូវបានបញ្ជូនទៅកាន់វិមានសភាដើម្បីជួយដល់កងកម្លាំងដែលនៅខាងក្នុង។ កងកម្លាំងការពារជាតិនៃតំបន់ពិសេស Columbia និង Virginia ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីទប់ទល់នឹងបាតុករ ខណៈរដ្ឋមួយចំនួនក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន៕
ប្រភព៖ Drive