ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់ការចាប់ផ្ដើមសាងសង់នាវាផ្ទុកយន្តហោះក្នុងស្រុកទីបី នៅដើមឆ្នាំ 2021 នេះ បើទោះជាជួបការលំបាកច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ បច្ចេកទេស និងការហ្វឹកហ្វឺន។
ប្រភពព័ត៌មានពីកងទ័ពបានឱ្យដឹងថា នាវាផ្ទុកយន្តហោះក្នុងស្រុកទីបីរបស់ចិន គឺជាប្រភេទ Type 002 នឹងត្រូវបានចាប់ផ្ដើមសាងសង់នៅដើមឆ្នាំនេះ ក្នុងគ្រាដែលនាវាប្រភេទដូចគ្នាដំបូងកំពុងស្ថិតក្នុងដំណាក់កាលនៃការបង្ហើយ។ នាវាប្រភេទ Type 002 ទាំងពីរគ្រឿងនេះ អាចនឹងត្រូវបានបំពាក់ប្រព័ន្ធបាញ់បង្ហោះយន្តហោះទំនើបបំផុតក្នុងពិភពលោក។
នេះគឹជានាវាផ្ទុកយន្តហោះទីបីដែលផលិតឡើងដោយប្រទេសចិនផ្ទាល់ ប៉ុន្តែវាគឺជានាវាផ្ទុកយន្តហោះទីបួនរបស់ប្រទេសនេះ។ ប្រទេសចិន មុននេះបានទិញនាវាផ្ទុកយន្តហោះចាស់មួយគ្រឿងពីប្រទេសអ៊ុយក្រែន និងបានជួសជុលឡើងវិញ ហើយបានដាក់ឈ្មោះឱ្យថា Liaoning ដែលជានាវាផ្ទុកយន្តហោះដំបូងគេរបស់ប្រទេសនេះ។
ដោយយោងទៅតាមរចនារបស់ Liaoning ប្រទេសចិនក៏បានសាងសង់នាវាផ្ទុកយន្តហោះក្នុងស្រុកដំបូងគេដែលមានឈ្មោះថា Shandong និងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែធ្នូ ឆ្នាំ 2019។ ក្រោយមក ចិនក៏បានចាប់ផ្ដើមសាងសង់នាវាផ្ទុកយន្តហោះមួយប្រភេទផ្សេងទៀតដែលមានឈ្មោះថា Type 002 ដែលត្រូវបានគេជឿថា បំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបជាង Liaoning និង Shandong។
នាវាផ្ទុកយន្តហោះដំបូងដែលស្ថិតក្នុងប្រភេទ Type 002 ត្រូវបានចាប់ផ្ដើមសាងសង់កាលពីដើមឆ្នាំ 2017។ គម្រោងសាងសង់នាវាផ្ទុកយន្តហោះទីបួនរបស់ចិន ក៏ស្ថិតក្នុងប្រភេទ Type 002 ដែលត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ 2017 ប៉ុន្តែត្រូវពន្យារពេលដោយសារតែ Covid-19។
តំបន់ស្មុគស្មាញដែលមានតម្លៃ 2.8 ពាន់លានដុល្លារអាមេរិក ទំហំជាង 240 ហិកតា គឺជាកន្លែងសម្រាប់ធ្វើសកម្មភាពស្រាវជ្រាវ រចនារូបរាងនាវា និងជាទីដែលមានរោងចក្រនានាសម្រាប់ការសាងសង់នាវាផ្ទុកយន្តហោះ Type 002។
ប្រទេសចិនមានគម្រោងបង្កើតក្រុមនាវាផ្ទុកយន្តហោះយ៉ាងតិចចំនួនបួននៅក្នុងឆ្នាំ 2030 ដើម្បីក្លាយជាកម្លាំងជើងទឹកខ្លាំង និងទាន់សម័យជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា ដំណើរការនៃការហ្វឹកហាត់របស់កងទ័ពជើងទឹកចិន នៅមិនទាន់ជឿនលឿន ខណៈក្រុមនាវិកនឹងមិនទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់នៅក្នុងអំឡុងនាវាផ្ទុកយន្តហោះទីបួនត្រូវបានដាក់ទៅលើផ្ទៃទឹក៕
ប្រភព៖ SCMP