
យ៉ាងហោចណាស់មានមនុស្សចំនួន 16 នាក់បានស្លាប់នៅក្នុងករណីផ្ទុះមួយយ៉ាងកក្រើកនៅព្រលានយន្តហោះ Aden កាលពីថ្ងៃទី 30 ខែធ្នូ បន្ទាប់ពីនាយករដ្ឋមន្ត្រី រួមនឹងសមាជិកគណៈរដ្ឋមន្ត្រីដែលទើបតែត្រូវបានបង្កើតឡើង បានចុះចតភ្លាម។
សាក្សីបានឱ្យដឹងថា ពួកគេបានឮសំឡេងផ្ទុះមួយយ៉ាងធំ រួមនឹងសំឡេងកាំភ្លើងនៅក្នុងព្រលានយន្តហោះ នៅពេលយន្តហោះបានចុះចតភ្លាម។ ប្រភពព័ត៌មានពីក្រុមសន្តិសុខក្នុងតំបន់បានប្រាប់ថា គ្រាប់កាំភ្លើងត្បាល់ចំនួន 3 គ្រាប់បានធ្លាក់លើព្រលានយន្តហោះ។ មនុស្សយ៉ាងតិច 13 នាក់បានស្លាប់ និង 60 នាក់បានរងរបួស។ មិនទាន់មានក្រុមណាមួយបានចេញមុខទទួលខុសត្រូវលើករណីនេះនៅឡើយ ប៉ុន្តែ ក្រុមមន្ត្រីយល់ថា នេះអាចជាការវាយប្រហាររបស់ក្រុមឧទ្ទាម Houthi ដែលមានអ៊ីរ៉ង់នៅពីក្រោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានយេមែន លោក Moammar Al-Eryani ឱ្យដឹងថា មន្ត្រីទាំងអស់មានសុវត្ថិភាព និងបានទៅដល់វិមានប្រធានាធិបតីនៅក្នុងទីក្រុង។ នាយករដ្ឋមន្ត្រី Maeen Abdulmalik បានសរសេរនៅលើ Twitter ថា៖ «យើងនិងក្រុមសមាជិកគណៈរដ្ឋមន្ត្រីកំពុងស្ថិតនៅក្នុងទីក្រុង Aden ជាបណ្ដោះអាសន្ន ហើយគ្រប់គ្នាមិនមានបញ្ហាអ្វីទេ។ សកម្មភាពភេរវកម្មដ៏កំសាក វាយប្រហារលើព្រលានយន្តហោះ Aden គឺជាផ្នែកមួយនៃការប្រយុទ្ធដែលកំពុងធ្វើឡើងដើម្បីប្រឆាំងនឹងរដ្ឋាភិបាល និងពលរដ្ឋយេមែន។

រដ្ឋាភិបាលដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកងកម្លាំងផ្ដាច់ខ្លួននៅភាគខាងត្បូង បានចាប់ដៃគ្នាបង្កើតជាគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី 18 ខែធ្នូ ដើម្បីបង្កើតសមរភូមិរួមមួយក្នុងបំណងទប់ទល់នឹងឧទ្ទាម Houthi ដែលកំពុងកាន់កាប់រដ្ឋធានី Sana’a និងភាគច្រើននៃតំបន់ភាគខាងជើង។
សមាជិកគណៈរដ្ឋមន្ត្រីបានទៅកាន់ទីក្រុង Aden តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីប្រធានាធិបតីយេមែន Abedrabbo Mansour Hadi បានតែងតាំងពួកគេនៅអារ៉ាប៊ីសាអូឌីត ជាប្រទេសដែលកំពុងដឹកនាំសម្ព័ន្ធមិត្តយោធាប្រឆាំងនឹងឧទ្ទាម Houthi។ លោក Hadi បានធ្វើដំណើរទៅកាន់រដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីត ក្រោយពីរដ្ឋធានី Sana’a បានធ្លាក់ទៅលើកណ្ដាប់ដៃរបស់ក្រុម Houthi កាលពីឆ្នាំ 2014។
មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនគឺជាជនស៊ីវិល បានបាត់បង់ជីវិត និងរាប់លាននាក់បានភៀសខ្លួនចោលផ្ទះសម្បែងក្នុងអំឡុងសង្គ្រាមដែលអូសបន្លាយ 5 ឆ្នាំនៅយេមែន។ អង្គការសហប្រជាជាតិបានហៅសង្គ្រាមនេះថាជាសោកនាដកម្មមនុស្សធម៌អាក្រក់បំផុតក្នុងពិភពលោក៕
ប្រភព៖ Reuters, AFP
