
សាកលវិទ្យាល័យ Kyoto កំពុងសហការជាមួយនឹងក្រុមហ៊ុនព្រៃឈើមួយដើម្បីអភិវឌ្ឍផ្កាយរណបធ្វើអំពីឈើ និងបញ្ជូនវាឡើងទៅកាន់គន្លងគោចរក្នុងឆ្នាំ 2023 ក្នុងបំណងកាត់បន្ថយសំរាមក្នុងទីអវកាស។
Takao Doi ដែលជាអ្នកអវកាសជនជាតិជប៉ុន និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kyoto បានឱ្យដឹងថា គុណប្រយោជន៍របស់ផ្កាយរណបធ្វើអំពីឈើ នោះគឺថា បើសិនជាវាធ្លាក់មកកាន់ផែនដី ហើយឆេះ វានឹងមិនបញ្ចេញសារធាតុដែលបង្កផលប៉ះពាល់ដូចទៅនឹងផ្កាយរណបធ្វើអំពីលោហធាតុ។
«យើងយកចិត្តទុកដាក់ទៅលើភាពជាក់ស្ដែងដែលថា រាល់ផ្កាយរណបដែលធ្លាក់មកកាន់បរិយាកាសផែនដី សុទ្ធតែត្រូវឆេះ ហើយបង្កើតបានជាគ្រាប់អុកស៊ីដអាលុយមីញ៉ូមល្អិតៗ អណ្ដែតនៅក្នុងស្រទាប់បរិយាកាសខាងលើជាច្រើនឆ្នាំ ដែលនេះនឹងបង្កផលប៉ះពាល់ដល់បរិស្ថានលើផែនដី» លោក Takao Doi បកស្រាយដូច្នេះ។

សាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Sumitomo Forestry កំពុងរៀបចំគម្រោងធ្វើពិសោធន៍ដើម្បីឱ្យដឹងថា ឈើប្រភេទណាដែលមានគុណភាពខ្ពស់ជាងគេក្នុងការស៊ូទ្រាំបានជាមួយនឹងបរិស្ថាននៅទីអវកាស និងដើម្បីអភិវឌ្ឍប្រភេទឈើទាំងនោះ ឱ្យកាន់តែមានគុណភាពដែលអាចទប់ទល់បានជាមួយនឹងសីតុណ្ហភាព និងពន្លឺព្រះអាទិត្យនៅក្នុងលម្ហអវកាស។
សំរាមអវកាសបានក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ។ «បំណែកនៃសំរាមនៅទីអវកាសកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការប៉ះទង្គិចគ្នារវាងបំណែកសំរាមអវកាសនានាដែលមានទម្ងន់ចាប់ពី 1 ដល់ 10 តោន បង្កឱ្យមានហានិភ័យខ្ពស់ដល់បរិស្ថាន» នេះបើតាម Daniel Oltrogge ប្រធានមជ្ឈមណ្ឌស្ដង់ដានិងការច្នៃប្រឌិតក្នុងវិស័យអវកាស (CSSI / Center for Space Standards & Innovation)។
យោងតាម Oltrogge បច្ចុប្បន្ន មានវត្ថុធំជាង 1 សម ចំនួនជាង 760,000 ដុំ កំពុងស្ថិតនៅក្នុងគន្លងគោចររបស់ផែនដី។ តួលេខនេះនឹងចេះតែកើនឡើងជាបន្តបន្ទាប់ ដោយសារតែក្រុមហ៊ុននានាបន្តបាញ់បង្ហោះផ្កាយរណប និងបណ្ដុំផ្កាយរណប។ ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបាញ់បង្ហោះផ្កាយរណបអ៊ីនធើណិតល្បឿនលឿន Starlink ចំនួនជិត 900 គ្រឿងទៅកាន់គន្លងគោចរ និងកំពុងមានគម្រោងបាញ់បង្ហោះផ្កាយរណបថ្មីសរុបចំនួន ចាប់ពី 12,000 ទៅ 14,000 គ្រឿងទៀតនាពេលខាងមុខ៕
ប្រភព៖ Business Insider
