
កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទទួលបានក្បាលគ្រាប់នុយក្លេអែរដែលមានកម្លាំងបំផ្លាញកម្រិតទាប W76-2 ដែលជាប្រភេទអាវុធធ្លាប់ត្រូវបានលោក Joe Biden រិះគន់ថាជា «គំនិតអាក្រក់»។
នាយកដ្ឋានសន្តិសុខនុយក្លេអែរជាតិអាមេរិកាំង (NNSA) ដែលជាស្ថាប័នគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអែររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី 28 ខែធ្នូកន្លងទៅ បានឱ្យដឹងថា ខ្លួនបានប្រគល់ក្បាលគ្រាប់នុយក្លេអែរ W76-2 ទាំងអស់ទៅឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិករួចហើយ ដើម្បីបំពាក់ទៅលើកាំជ្រួចផ្លោងរបស់នាវាមុជទឹក Trident D5។ ក៏ប៉ុន្តែ NNSA មិនបានបង្ហើបឱ្យដឹងអំពីចំនួនក្បាលគ្រាប់ដែលត្រូវបានផលិត និងបំពាក់លើកាំជ្រួច Trident D5 នេះទេ។
ការប្រគល់ក្បាលគ្រាប់នុយក្លេអែរ W76-2 ខាងលើនេះ ត្រូវបានធ្វើឡើងចំពេលដែលលោក Trump នៅមានឱកាសតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះក្នុងការដឹកនាំប្រទេស។ លោក Biden ធ្លាប់បានជំទាស់ទៅនឹងការអនុម័តលើការផលិត និងពង្រាយប្រភេទក្បាលគ្រាប់នុយក្លេអែរនេះ ខណៈដែលរដ្ឋាភិបាលរបស់លោក Trump បែរជាគាទ្រ និងជំរុញឱ្យអនុវត្តគំនិតនេះ។

W76-2 ត្រូវបានអភិវឌ្ឍនិងផលិតទៅតាមសំណើនៃរដ្ឋាភិបាលរបស់លោក Trump ក្រោយពីរបាយការណ៍របស់ NPR (អង្គភាពវាយតម្លៃស្ថានភាពអាវុធនុយក្លេអែរអាមេរិក) កាលពីឆ្នាំ 2018 បានបង្ហាញថា សហរដ្ឋអាមេរិកមិនត្រឹមតែមានបំណងធ្វើទំនើបកម្មលើអាវុធនុយក្លេអែររបស់ខ្លួនដែលកំពុងហួសសម័យប៉ុណ្ណោះទេ តែថែមទាំងស្រាវជ្រាវផលិតអាវុធថ្មីៗ ដើម្បីទប់ទល់នឹងរុស្ស៊ី ចិន និងប្រទេសជាសត្រូវជាច្រើនផ្សេងទៀត។

របាយការណ៍បានអះអាងថា ទីក្រុងវ៉ាស៊ីងតោន អាចប្រើប្រាស់អាវុធនុយក្លេអែរកម្លាំងបំផ្លាញកម្រិតទាបដើម្បីឆ្លើយតបនឹងការវាយប្រហារដែលប្រើអាវុធយុទ្ធសាស្ត្រមិនមែននុយក្លេអែរ មានដូចជា ការវាយឆ្មក់សំដៅលើហេដ្ឋារចនាសម្ព័ន្ធ និងពលរដ្ឋអាមេរិកាំង ក៏ដូចជាប្រទេសសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូយុទ្ធសាស្ត្រជាដើម។
ក្បាលគ្រាប់ W76-2 ត្រូវបានផលិតរួចរាល់ជាស្ថាពរលើកដំបូងកាលពីខែកុម្ភ ឆ្នាំ 2019។ នាវាមុជទឹក USS Tennessee របស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ ត្រូវបានគេដឹងថា បានចេញទៅល្បាតសមុទ្រជាមួយនឹងកាំជ្រួចផ្លោង Trident D5 ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអែរ W76-2។ រយៈពេលនៃការផលិត និងប្រគល់អាវុធនេះ ស៊ីពេលអស់ត្រឹមតែ 17 ខែប៉ុណ្ណោះ ខណៈដែលការផលិតផ្កាយគ្រាប់ម៉ូដែលមុនៗ ស៊ីពេលអស់ជាង 10 ឆ្នាំ ដែលប្រការនេះបង្ហាញថា W76-2 ទំនងជាត្រូវបានកែលម្អខ្លះៗពីក្បាលគ្រាប់ W76-1 ដែលមានស្រាប់។
W76-2 មានកម្លាំងបំផ្លាញប្រហាក់ប្រហែលនឹងរំសេវ TNT ចាប់ពី 5,000 ដល់ 7,000 តោន ដែលនេះគឺជាកម្លាំងកម្រិតទាបបើធៀបជាមួយនឹង 100,000 តោន របស់ម៉ូដែល W76-1 ឬ 455,000 តោន របស់ក្បាលគ្រាប់ W88 ដែលបំពាក់លើកាំជ្រួចផ្លោត Trident D5។ ក៏ប៉ុន្តែ W76-2 នឹងត្រូវបានបាញ់ទៅដល់គ្រប់ទីតាំងនៅលើពិភពលោកដោយប្រើពេលយ៉ាងខ្លី៕
ប្រភព៖ Drive
