
កែវយឹតអវកាស Hubble បានបញ្ជូនរូបថតថ្មីនិងស្រស់ស្អាតនៃកាឡាក់ស៊ីរាងគូទខ្យង ដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឱ្យថា NGC 2217។
មានចម្ងាយប្រមាណ 65 លានឆ្នាំពន្លឺពីផែនដី និងស្ថិតនៅក្នុងកញ្ចុំផ្កាយ Canis Major កាឡាក់ស៊ី NGC 2217 ដែលមានរាងដូចគូទខ្យង់និងមានខ្សែធូលីកាត់ទទឹងមួយកំណាត់ដ៏ពិសេសនេះ គឺជាកាឡាក់ស៊ីមួយដែលមានទំហំប្រហាក់ប្រហែលនឹងកាឡាក់ស៊ី Milky Way របស់មនុស្ស ដោយមានអង្កត់ផ្ចិតប្រវែង 100,000 ឆ្នាំពន្លឺ។
នៅក្នុងរូបថតថ្មីដែលទើបត្រូវបានទីភ្នាក់ងារអវកាសអាមេរិក (NASA) និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) យើងឃើញថាមានគន្លងពណ៌ប្រផេះដ៏វែងមួយកំណាត់នៅតំបន់កណ្ដាល និងព័ទ្ធជុំវិញដោយរង្វង់មូលរាងពងក្រពើ ជាកន្លែងប្រមូលផ្ដុំនៃផ្កាយយ៉ាងច្រើនសន្ធឹក ដែលមានតួនាទីសំខាន់នៅក្នុងវិវត្តន៍របស់កាឡាក់ស៊ី។


«កំណាត់ខ្សែទទឹងរបស់ NGC 2217 កំពុងនាំយកឧស្ម័ន និងធូលីពីថាសជុំវិញ ចូលទៅក្នុងចំណុចកណ្ដាលរបស់កាឡាក់ស៊ី ដើម្បីបង្កបង្កើតផ្កាយថ្មី និងចិញ្ចឹមប្រហោងខ្មៅខ្នាតយក្ស។ កាឡាក់ស៊ីធំៗស្ទើរតែទាំងអស់ សុទ្ធតែមានប្រហោងខ្មៅយក្សនៅចំកណ្ដាល និងមានម៉ាសធ្ងន់ជាងព្រះអាទិត្យចាប់ពីរាប់រយ រហូតដល់ជាង 1 ពាន់លានដងឯណោះ»។

ទិដ្ឋភាពខាងលើ ត្រូវបានថតដោយកាមេរ៉ាសង្កេតកម្រិតខ្ពស់ (ACS) របស់តេឡេស្កុបអវកាស Hubble និងត្រូវបានបន្ថែមពណ៌ដោយយោងទៅតាមទិន្នន័យពីកែវយឹតសង្កេតទិដ្ឋភាពទូលាយ & ប្រព័ន្ធប្រតិកម្មរហ័ស (PanSTARRS)៕
ប្រភព៖ SciTech Daily
