រហូតដល់គ្រាប់បែកបានផ្ទុះឡើងនៅកណ្ដាលទីក្រុង Nashville កាលពីព្រឹកនៃទិវាបុណ្យណូអែល ទើប Laude យល់អំពីគំនិតដែលបង្កប់ដោយអាថ៌កំបាំងនៅពីក្រោយសម្ដីរបស់អ្នកជិតខាងដែលមានឈ្មោះថា Warner។
Rick Laude កាលពីថ្ងៃទី 28 ខែធ្នូ បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដឹងថា អ្នកជិតខាងរបស់ខ្លួនដែលមានឈ្មោះថា Anthony Quinn Warner គឺជាជនសង្ស័យនៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍មុន ដែលបណ្ដាលឱ្យមនុស្ស 3 នាក់រងរបួស និងអគាររាប់សិបត្រូវរងការខូចខាត។
Laude បានឱ្យដឹងថា កាលពីជិតមួយសប្ដាហ៍មុនថ្ងៃបុណ្យណូអែល លោកបានឃើញ Warner ឈរខាងមុខប្រអបសំបុត្រ ហើយ Laude ក៏បានឈប់រថយន្ត ដើម្បីនិយាយគ្នាលេង។ ក្រោយពីសួរសុខទុក្ខម្ដាយរបស់ Warner លោក Laude ក៏បានសួរថា៖ «តើតាណូអែលបាននាំយកពរល្អៗជូនលោកនៅក្នុងឱកាសបុណ្យគ្រិស្តម៉ាសនេះដែរទេ?»។
លោក Warner សើច រួចនិយាយថា៖ «អូ! ពិតណាស់ Nashville និងពិភពលោកទាំងមូលនឹងមិនភ្លេចខ្ញុំទេ។ ហើយក៏មិនមានសញ្ញាណាមួយបង្ហាញថា Warner កំពុងគំរាមកំហែងនោះដែរ» Laude រៀបរាប់។
យោងតាម Laude លោក Warner ពេលខ្លះមិនបានឆ្លើយតបនៅពេលលោក និងអ្នកជិតខាងលើកដៃស្វាគមន៍នោះដែរ ប៉ុន្តែ Laude មិនបានវាយតម្លៃចំពោះប្រការនេះទេ។ «ខ្ញុំដឹងថា គាត់គឺជាមនុស្សដែលរស់នៅដោយការលាក់បាំង»។
ករណីផ្ទុះកាលពីថ្ងៃទី 25 ខែធ្នូ បានធ្វើឱ្យកក្រើកទីក្រុង Nashville ដែលជា «មជ្ឈមណ្ឌល» នៃវិស័យសិល្បចម្រៀងស្រុកស្រែរបស់សហរដ្ឋអាមេរិក ក្រោយពីរថយន្តបែប picnic មួយគ្រឿងដែលកំពុងចតនៅក្បែរផ្លូវ បន្លឺសំឡេងប្រកាសអាសន្នឱ្យគ្រប់គ្នាជម្លៀសខ្លួន ដោយព្រមានថា រថយន្តនឹងផ្ទុះនៅបន្តិចទៀតនេះ។
សមត្ថកិច្ចបានរកឃើញ DNA នៃបំណែកសាកសពនៅក្នុងកន្លែងកើតហេតុ និងពិនិត្យឃើញថា វាដូចទៅនឹង DNA របស់ Anthony Quinn Warner។ ប្រការនេះបានជួយបញ្ជាក់បន្ថែមទៅលើការសង្ស័យមុននេះថា Warner អាចជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ក៏ប៉ុន្តែ សមត្ថកិច្ចនៅតែមិនទាន់ដឹងអំពីគោលបំណងពិតប្រាកដរបស់ជនសង្ស័យ Warner នៅឡើយ។ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត។
កាលពីពេលកន្លងទៅថ្មីៗនេះ Warner បានជូនអំណោយជារថយន្ត និងនិយាយប្រាប់អ្នកទទួលថា គាត់ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានរោគមហារីក។ Warner ក៏បានជូនអំណោយជាផ្ទុះមួយខ្នងនៅជាយក្រុងដល់ស្ត្រីម្នាក់នៅ Los Angeles កាលពីមួយខែមុនការបំផ្ទុះគ្រាប់បែក។ គាត់បានរស់នៅក្នុងផ្ទះនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
Warner ធ្លាប់ជាអ្នកឯកទេសខាងកុំព្យូទ័រ ដែលធ្វើការឱ្យក្រុមហ៊ុនអចលនទ្រព្យមួយ ប៉ុន្តែ បានសុំឈប់កាលពីដើមខែនេះ។ បុរសនេះក៏ធ្លាប់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ 1978 ទាក់ទិននឹងរឿងកញ្ឆា។
ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden បានហៅការណីបំផ្ទុះគ្រាប់បែកនេះថា ជា «ការរំលឹកអំពីកម្លាំងបំផ្លាញដែលបុគ្គលមួយរូប ឬក្រុមតូចមួយអាចធ្វើបាន ខណៈដែលលោក Trump មិនបានបញ្ចេញមតិជាសាធារណៈ ប៉ុន្តែបានពិភាក្សាជាមួយអភិបាលរដ្ឋ Tennessee លោក Bill Lee និងស្នើឱ្យមានជំនួយជាបន្ទាន់៕
ប្រភព៖ AP