កប៉ាល់នេសាទត្រី Onega បានលិចនៅក្នុងសមុទ្រ Barents បណ្ដាលឱ្យមនុស្ស 19 នាក់បាត់ខ្លួន និង 2 នាក់ទៀតត្រូវបានសង្គ្រោះដោយកប៉ាល់មួយនៅក្បែរនោះ។
ក្រសួងកិច្ចការបន្ទាន់របស់រុស្ស៊ី (Ministry of Emergency Situations of the Russian Federation) ថ្ងៃនេះ (28 ធ្នូ) បានឱ្យដឹងថា កប៉ាល់នេសាទត្រីឯកជនដែលមានឈ្មោះថា Onega បានលិចនៅវេលាម៉ោង 7កន្លះ (ម៉ោង 11កន្លះនៅភ្នំពេញ) នៅក្បែរប្រជុំកោះ Novaya Zemlya។
«នាវិករបស់កប៉ាល់នេះ មានចំនួន 19 នាក់។ 2 នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល» ខណៈដែល 17 នាក់ផ្សេងទៀតបានបាត់ខ្លួន នេះបើតាមក្រសួងខាងលើ។ ក្នុងចំណោមនាវិក 2 រូបដែលរួចផុតពីការស្លាប់នោះ មានម្នាក់ជាអ្នកដឹកនាំកប៉ាល់ និងម្នាក់ជាបុគ្គលិកធម្មតារបស់ Onega។
ក្រុមមន្ត្រីរុស្ស៊ីជឿថា ទឹកកកដែលកកនៅលើកប៉ាល់គឺជាមូលហេតុដែលនាំឱ្យមានហេតុការណ៍លិចកើតឡើង។ បច្ចុប្បន្ន ប្រតិបត្តិការជួយសង្គ្រោះកំពុងត្រូវបានធ្វើឡើងដោយមានការចូលរួមរបស់កប៉ាល់ចំនួន 5 គ្រឿង។ ចំណែកយន្តហោះ ឬឧទ្ធម្ភាគចក្រវិញ មិនអាចចូលរួមសង្គ្រោះបាន ដោយសារអាកាសធាតុមិនអំណោយផល។
ប្រភពព័ត៌មានរបស់កាសែតរុស្ស៊ី TASS ឱ្យដឹងថា អាកាសធាតុត្រជាក់ខ្លាំងធ្វើឱ្យដងខ្លួនរបស់កប៉ាល់ Onega ត្រូវជាប់ពេញដោយទឹកកកយ៉ាងក្រាស់។ នៅក្បែរប្រជុំកោះ Novaya Zemlya សីតុណ្ហភាពធ្លាក់ចុះដល់ 0អង្សាសេ ដែលនេះមានន័យថា ទឹកភ្លៀងនឹងកកជាទឹកកកនៅពេលវាស្ថិតនៅលើវត្ថុអ្វីមួយ។
ប្រភពព័ត៌មានមួយរបស់ Interfax និយាយថា ក្រុមនាវិកត្រូវបានទឹកគួចអណ្ដែតចេញពីកប៉ាល់ដោយសារមានព្យុះមួយកើតឡើង។ ចំណែក TASS ចុះផ្សាយថា ក្រុមនាវិកដែលបានបាត់ខ្លួន ត្រូវគេជឿថា បានបាត់បង់ជីវិតទៅហើយ។
Onega គឺជាកប៉ាល់នេសាទមួយគ្រឿងដែលត្រូវបានផលិតកាលពីឆ្នាំ 1979 និងមានដោតទង់ជាតិរុស្ស៊ី។ អាជ្ញាធររុស្ស៊ី បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើករណីនេះ៕
ប្រភព៖ Reuters, AFP, RT