ករណីផ្ទុះមួយបានកើតឡើងនៅកណ្ដាលទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី 25 ខែធ្នូ បណ្ដាលឱ្យអគារមួយចំនួនរងការខូចខាត ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍អំពីការរងរបួស ឬបាត់បង់ជីវិតមនុស្សនៅឡើយ។
បណ្ដាលអគារនៅកណ្ដាលទីក្រុង Nashville និងតំបន់ជុំវិញ បានរងការញាប់ញ័រ នៅពេលមានករណីផ្ទុះមួយបានកើតឡើង នាំឱ្យមានផ្សែងយ៉ាងខ្មួលខ្មាញ់ និងអណ្ដាតភ្លើងបាញ់ឡើងទៅលើ។ ភ្លាមៗនេះ ក្រុមប៉ូលិស និងក្រុមពន្លត់អគ្គិភ័យ ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
អាជ្ញាធរ Nashville បានឱ្យដឹងថា រថយន្តមួយគ្រឿងដែលកំពុងចតនៅក្នុងតំបន់នេះ បានផ្ទុះ និងបណ្ដាលឱ្យអគារមួយចំនួនរងការខូចខាត។ បច្ចុប្បន្នមិនទាន់មានព័ត៌មានអំពីការស្លាប់ ឬរងបួសនៅឡើយ ហើយក្រុមមន្ត្រីក៏បានអះអាងថា ករណីផ្ទុះនេះ ទំនងជា «មិនមានអ្វីគួរឱ្យសង្ស័យ» នោះទេ។
Muck McCoy ដែលជាពលរដ្ឋម្នាក់រស់នៅក្នុងតំបន់កើតហេតុ បានបង្ហោះវីដេអូមួយបង្ហាញឱ្យឃើញថា ទឹកកំពុងតែហូរធ្លាក់ចូលផ្ទះរបស់គាត់ ខណៈដែលសំឡេងសារ៉ែនប្រកាសអាសន្ន និងសំឡេងស្រែករបស់មនុស្សកំពុងលាន់ឮពេញទឹកពេញដី។
Buck McCoy បានប្រាប់សារព័ត៌មាន AP ថា៖ «បង្អួចទាំងអស់របស់ខ្ញុំបានបែក ហើយបើខ្ញុំឈរនៅទីនោះ វាពិតជាគ្រោះថ្នាក់ណាស់។ វាដូចទៅនឹងការផ្ទុះរបស់គ្រាប់បែក»។
ថៅកែរបស់អគារ Nashville Downtown Hostel ឱ្យដឹងថា ពួកគេបានប្រញាប់ជម្លៀសភ្ញៀវចេញពីអគារ នៅពេលមានសំឡេងផ្ទុះយ៉ាងធំមួយ និងសំឡេងជួងប្រកាសអាសន្នបានបន្លឺឡើង។ លោកបន្តថា អគាររបស់ខ្លួនរងការខូចខាត។
WeGo ដែលជាបណ្ដាញរថយន្តក្រុងរបស់ Nashville បានប្រាប់ថា ពួកគេមិនបានរងផលប៉ះពាល់ពីករណីផ្ទុះនេះទេ។ ពួកគេកំពុងធ្វើសកម្មភាពជួយរៀបចំតំបន់កើតហេតុ និងប្រើប្រាស់រថយន្តរបស់ខ្លួនធ្វើជាកន្លែងជ្រោកកោនដើម្បីឱ្យជនរងផលប៉ះពាល់ស្នាក់នៅក្នុងគ្រាអាកាសធាតុត្រជាក់ខ្លាំង។ ក្រុមប៉ូលិស និងក្រុមពន្លត់អគ្គិភ័យនៅទីក្រុង Nashville នៅតែធ្វើសកម្មភាពនៅកន្លែងកើតហេតុ ព្រមទាំងបានអំពាវនាវឱ្យពលរដ្ឋចៀសឆ្ងាយពីតំបន់កើតហេតុនេះ៕
ប្រភព៖ Fox News, AP