Skip to content

អាចម៍ផ្កាយ​ចំនួន 3 ដុំ នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃបុណ្យ​ណូអែល

អាចម៍ផ្កាយ​ដែល​ធំជាងគេ​ក្នុងចំណោម​អាចម៍ផ្កាយ​ចំនួន 3 ដុំ មកពី​ទី​អវកាស នឹង​ហោះ​តម្រង់​មកកាន់​ផែនដី​ក្នុង​ល្បឿន 10 គីឡូម៉ែត្រ​ក្នុង 1 ម៉ោង។

អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 2014 SD224 (501647) ត្រូវបាន​រកឃើញ​កាលពី​ខែកញ្ញា ឆ្នាំ 2014 និង​ត្រូវបាន​ចាត់​ចូលទៅក្នុង​ប្រភេទ​អាចម៍ផ្កាយ Aten ដែល​មានន័យថា គន្លង​គោចរ​របស់​វា​តែងតែ​ហោះ​កាត់មុខ​ផែន​ដី។ អាចម៍ផ្កាយ 501647 នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រមាណ​ឃើញថា មាន​អង្កត់ផ្ចិត​ចាប់ពី 91-210 ម៉ែត្រ​ ដោយយោង​ទៅតាម​កម្រិត​នៃ​ការ​ចាំង​ប្លាត​ពន្លឺ ប៉ុន្តែ​ពួកគេ​ជឿជាក់ថា ប្រវែង​ពិត​របស់​វា​គឺ​ប្រហែល 150 ម៉ែត្រ។

មជ្ឈមណ្ឌល​សង្កេត​វត្ថុ​អវកាស​ដែល​នៅក្បែរ​ផែនដី​របស់​អង្គការ​អវកាស​អាមេរិក (NASA) ក៏បាន​គន់គូរ​ឃើញថា 2014 SD224 នឹង​ហោះ​មក​ក្បែរ​ផែនដី​បំផុត នៅវេលា​យប់​នៃ​ថ្ងៃទី 25 ធ្នូ​ស្អែក​នេះ។ 2014 SD224 នឹងមិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​ផែនដី​ឡើយ ព្រោះថា វា​នឹងមាន​ចម្ងាយ​ពី​ផែនដី​ដល់​ទៅ 3 លាន​គីឡូម៉ែត្រ​ឯណោះ។ ប៉ុន្តែ សម្រាប់ NASA ការហោះ​មក​ក្បែរ​បែបនេះ សុទ្ធតែ​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​អាចម៍ផ្កាយ​ដែល “មានលទ្ធភាព​បង្ក​គ្រោះថ្នាក់” នៅ​ពេល​​គេ​​និយាយ​​អំពី​​ការ​ខូច​ខាត​​ទ្រង់​ទ្រាយ​​តំបន់​​ដែល​​វា​​អាច​​បង្កឡើង បើសិន​ហោះ​មក​បុក​ផែន​ដី​។​

1​ ឯកតាតារា​សាស្ត្រ (Astronomical_unit) មាន​ចម្ងាយ​ប្រហាក់​ប្រហែល​ពី​ផែន​ដី​ទៅ​កាន់​ព្រះអាទិត្យ​

2014 SD224 មិនមែនជា «ភ្ញៀវ» តែមួយគត់​ដែល​មក «សួរសុខទុក្ខ» ផែនដី នៅក្នុង​រដូវ​បុណ្យ​ណូអែល​ឆ្នាំនេះ​ទេ។ អាចម៍ផ្កាយ​ចំនួន 2 ដុំ​ទៀត​ដែលមាន​ទំហំ​តូច​ជាង 2014 SD224 ក៏​នឹង​ហោះ​មក​ក្បែរ​ផែនដី​នៅក្នុង​យប់​នៃ​ថ្ងៃទី 25 ធ្នូ នោះ​គឺ 2020 XY និង 2020 YM1។ អាចម៍ផ្កាយ​ទាំង 2 ដុំ​នេះ សុទ្ធតែជា​អាចម៍ផ្កាយ​ដែល​ហោះ​ក្បែរ​ផែនដី (NEO) ដូច​ទៅនឹង 2014 SD224 ប៉ុន្តែ​ពួកវា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ។

NEO ដែលមាន​លទ្ធភាព​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី នោះ​គឺ​អាចម៍ផ្កាយ​ដែល​គោចរ​ក្នុង​រយៈ​ចម្ងាយ 0,05 នៃ​ឯក​តា​តារាសាស្ត្រ (1 ឯក​តា​តារាសាស្ត្រ​មាន​ចម្ងាយ​ជិត 15 លាន​គីឡូម៉ែត្រ) និង​មាន​អង្កត់ផ្ចិត​ប្រវែង​ជាង 140 ម។ យោងតាម Planetary.org អាចម៍ផ្កាយ​ប្រភេទ NEO ដែល​ត្រូវបាន​គេ​រកឃើញ មាន​ចំនួន​ជាង 18,000 ដុំ។ កាលពី​ខែមេសា ឆ្នាំ 2019 អង្គការ NASA បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ 69 លាន​ដុល្លារ ជា​មួយ​នឹង​​ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បី​បំពេញបេសកកម្ម​មួយ​ដែលមាន​ភារកិច្ច​បង្វែង​ទិស​ដៅ​​របស់​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ឈ្មោះថា DART ក្នុង​បំណង​ការពារ​មិនឱ្យ​វា​ហោះ​ឆ្ពោះ​ត្រង់​មកកាន់​ផែនដី៕

ប្រភព៖ Fox News

Leave a Reply

Your email address will not be published. Required fields are marked *