ក្រុមប៉ូលិសនៅរុស្ស៊ី បានរកឃើញសាកសពមនុស្សម្នាក់ដែលបានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង ព្រោះតែបានជាប់គាំងនៅលើដងផ្លូវដែលគ្របដណ្ដប់ពេញដោយព្រឹល។ ក្រោយពីការស្រាវជ្រាវ ទើបអាជ្ញាធរបានដឹងថា មូលហេតុដែលនាំឱ្យមានករណីស្លាប់នេះ គឺព្រោះតែយោបល់របស់កម្មវិធីនាំផ្លូវនៅលើទូរស័ព្ទ។
យោងតាមទំព័រ The Sun យុវវ័យអាយុ 18ឆ្នាំម្នាក់ ឈ្មោះ Sergey Ustinov រួមនឹងមិត្តភក្ដិម្នាក់ ឈ្មោះ Vladislav Istomin បាននាំគ្នាដើរលេងផ្លូវឆ្ងាយ និងបានជួបគ្រោះថ្នាក់។ ពួកគេទាំងពីរ បានធ្វើដំណើរពី Yakutsk ទៅកាន់កំពង់ផែ Magadan នៅភាគឦសាននៃប្រទេសរុស្ស៊ី។
ដោយសារតែជាលើកដំបូងនៅក្នុងការធ្វើដំណើរផ្លូវឆ្ងាយ យុវជនទាំងពីរនេះ បានបើកបររថយន្តទៅតាមការណែនាំរបស់ Google Maps។ Google Maps បានណែនាំអំពីផ្លូវកាត់ ហើយ Sergey ក៏បានធ្វើដំណើរតាមដូចសព្វមួយដង។ ក៏ប៉ុន្តែ ទាំង Sergey ទាំង Google Maps សុទ្ធតែមិនបានដឹងថា ផ្លូវនេះជាផ្លូវនាំទៅរក «ជ្រោះមរណៈ» នោះទេ។
Google Maps បានណែនាំឱ្យយុវជនទាំងពីររូបនេះ ធ្វើដំណើរទៅតាមផ្លូវល្បឿនលឿន ឈ្មោះថា Kolyma ដែលល្បីថា ជាផ្លូវត្រជាក់បំផុតក្នុងពិភពលោក។ ផ្លូវនេះ ត្រូវបានគេហៅថា Road of Bones (ផ្លូវរបស់ឆ្អឹង)។ ផ្លូវនេះស្ថិតនៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ថ្នាក់បានសម្លាប់មនុស្សប្រមាណ 250,000 នៅក្នុងអំឡុងពេលកំពុងស្ថាបនា។
ពលរដ្ឋមួយចំនួនដែលចូលចិត្តទេសចរណ៍បែបផ្សងព្រេង ថែមទាំងបានចាត់ទុកដងផ្លូវ Kolyma នេះ ជាទីតាំងប្រកបដោយភាពទាក់ទាញ ប៉ុន្តែ មានមនុស្សតិចណាស់ដែលហ៊ានមកកាន់ទីនេះ។ ការធ្វើដំណើរទេសចរណ៍មកកាន់តំបន់ខាងលើនេះ មិនត្រូវបានគេលើកទឹកចិត្តឡើយ បើទោះក្រោមរូបភាពណាក៏ដោយ។
ភាពគ្រោះថ្នាក់របស់ផ្លូវនេះ បាននាំឱ្យរដ្ឋាភិបាលរុស្ស៊ី បិទដំណើរការតាំងពីទសវត្សរ៍ទី 70 នៃសតវត្សរ៍មុន។ ប្រជាជនក្នុងតំបន់ សុទ្ធតែបានដឹងអំពីគ្រោះថ្នាក់នេះ និងតែងតែធ្វើដំណើរវាងតាមផ្លូវដទៃ បើទោះវាឆ្ងាយជាងការធ្វើដំណើរតាមផ្លូវនេះ ប្រហែល 200គីឡូម៉ែត្រក៏ដោយ។ ក៏ប៉ុន្តែ គួរឱ្យស្ដាយ Google Maps និងអ្នកដំណើរពីចម្ងាយដូចជា Sergey និង Vladislav មិនបានដឹងអំពីប្រការនេះ។
នៅពេលត្រូវបានរកឃើញ Sergey បានស្លាប់នៅខាងក្នុងរថយន្ត ដោយសារអាកាសធាតុត្រជាក់។ ចំណែក Vladislav នៅមានជីវិត ប៉ុន្តែកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ព្រោះតែអវយវៈបានស្ពឹក និងហាក់ពិការទៅហើយ។
ក្នុងរយៈពេល 1សប្ដាហ៍ដែលជាប់គាំងក្នុងព្រឹលលើដងផ្លូវ យុវជនទាំងពីររូបនេះ បានតស៊ូដើម្បីរស់ ដោយការព្យាយាមស្វែងរកឧសក្បែរផ្លូវដើម្បីដុតយកកំដៅ។ ពួកគេថែមទាំងដុតកង់ឡានទៀតផងដើម្បីរក្សាជីវិត។ ទូរស័ព្ទរបស់ពួកគេក៏លែងដំណើរការ ដោយក៏ព្រោះតែអាកាសធាតុត្រជាក់ដល់ -50 អង្សាសេ៕
ប្រភព៖ The Sun