Skip to content

ការបោះឆ្នោត​ផ្ទាល់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ពី​សំណាក់​ក្រុម​តំណាង​ម្ចាស់ឆ្នោត នឹង​ធ្វើឡើង​នៅក្នុង​ថ្ងៃនេះ

តំណាង​ម្ចាស់ឆ្នោត​របស់​អាមេរិក ចំនួន 538 រូប នឹងចូលរួម​បោះឆ្នោត​នៅក្នុង​ថ្ងៃទី 14ធ្នូ ឆ្នាំ2020នេះ ដើម្បី​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ជ័យជំនះ​របស់លោក Joe Biden និង​ទាត់ចោល​រាល់​ការប្រឹងប្រែង​ផ្លាស់ប្ដូរ​លទ្ធផល​បោះឆ្នោត​ពី​សំណាក់​លោក Donald Trump។

ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​របស់​សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​អ្នកនយោបាយ​ល្បីឈ្មោះ​ជាច្រើនរូប មានដូចជា​គូ​ស្វាមីភរិយា​លោក Bill និង Hillary Clinton ជាដើម នឹង​ជួបជុំគ្នា​នៅឯ​វិមាន​សភា​របស់​រដ្ឋ​ចំនួន 50 និង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​បោះឆ្នោត​បញ្ជាក់​ដោយផ្ទាល់​ស​ម្រា​ប់​ការជ្រើសរើស​ប្រធានាធិបតី។ បេក្ខភាព​ដែល​ទទួលបាន​សំឡេងឆ្នោត​យ៉ាងតិច 270 ​សំឡេង ពី​ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​នេះ នឹង​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋអាមេរិក។

យោងតាម​ការកំណត់រ​បស់​ច្បាប់ ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​នឹង​បោះឆ្នោត​ទៅតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ទូទៅ​របស់​បណ្ដា​រដ្ឋ​នៃ​ប្រទេស​នេះ ដើម្បី​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ជ័យជំនះ​របស់​បេក្ខភាព​នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែវិច្ឆិកា​កន្លងទៅ។ មុននេះ រដ្ឋ​ចំនួន 50 របស់​សហរដ្ឋអាមេរិក បានទទួល​ស្គាល់​រួចហើយ​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​សកល​​នេះ ​ដោយ​សារ​​សំឡេង​គាំទ្រ​ភាគច្រើន​បាន​ទៅលើ​បេក្ខភាព Joe Biden។

តាម​ការ​គន់គូរ បេក្ខ​ភាព​លោក Joe ​Biden ទទួលបាន​សន្លឹកឆ្នោត​នៃ​តំណាង​ម្ចាស់ឆ្នោត ចំនួន 306 សំឡេង ខណៈដែល​លោក​ប្រធានាធិបតី Donald Trump ទទួលបាន 232 សំឡេង។ យោងតាម​ការកំណត់​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ការបោះឆ្នោត​ដំបូង​ក្នុង​ឆ្នាំ 1789 ការបោះឆ្នោត​របស់​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត​នៅ​ថ្ងៃទី 14 ខែធ្នូ​នេះ គឺជា​ដំណាក់កាល​ផ្លូវ​ការដែល​លោក Biden នឹង​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទី 46 របស់​សហរដ្ឋ​អាមេរិក។

ការបោះឆ្នោត​របស់​ក្រុម​តំណាង​ម្ចាស់ឆ្នោត​ក្នុងថ្ងៃនេះ ក៏​នឹង​ជា​យន្តការ​មួយ​ដែល​នឹង​ទាត់ចោល​រាល់​ការប្រឆាំង​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ពី​សំណាក់​លោក Trump។ តាម​ធម្មតា ការបោះឆ្នោត​នេះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ និង​មិន​ត្រូវបាន​គេ​ចាប់អារម្មណ៍​ឡើយ ក៏ប៉ុន្តែ សម្រាប់​ការបោះឆ្នោត​លើក​នេះ ការបោះឆ្នោត​របស់​ក្រុម​តំណាង​ម្ចាស់ឆ្នោត ត្រូវបាន​គេ​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះតែ​វា​ដើរតួនាទី​សំខាន់ នៅ​ចំពោះមុខ​ការមិន​ព្រម​ទទួលស្គាល់​បរាជ័យ​ពី​សំណាក់​លោក Donald Trump។

ក្រុម​របស់លោក Trump បានដាក់​ពាក្យបណ្ដឹង​រាប់សិប​ករណី​ទៅកាន់​រដ្ឋ​ជាច្រើន រួម​នឹង​ទៅកាន់​តុលាការ​ផងដែរ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត និង​ទាមទារ​ឱ្យមាន​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ។ ក៏ប៉ុន្តែ ក្រុម​ចៅក្រម​តុលាការ​នៅ​ថ្នាក់​រដ្ឋ និង​ថ្នាក់ជាតិ រួម​នឹង​តុលាការ​កំពូល ភាគច្រើន​សុទ្ធតែ​បាន​ច្រានចោល​បណ្ដឹង​របស់​ក្រុម​លោក Trump។

ទោះជា​យ៉ាងណាក៏ដោយ លោក Donald Trump នៅតែ​មិន​ព្រម​បោះបង់​ការប្រឆាំង​តវ៉ា​របស់ខ្លួន និង​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា «យើង​ទើបតែ​ចាប់ផ្ដើម​ការប្រយុទ្ធ​ប៉ុណ្ណោះ»៕

ប្រភព៖ Guardian

Leave a Reply

Your email address will not be published. Required fields are marked *