Skip to content

តំណាងរាស្ត្រ​របស់ Texas ចាប់ផ្ដើមមាន​​ផែនការ​បំបែក​រដ្ឋ​នេះ ចេញពី​សហរដ្ឋអាមេរិក

តំណាងរាស្ត្រ​សភា​ជាន់​ទាប Kyle Biedermann ស្នើឱ្យ​បំបែក​រដ្ឋ Texas ចេញពី​សហរដ្ឋអាមេរិក ដើម្បី​បង្កើតជា​ប្រទេស​ឯករាជ្យ ដោយសារតែ​រដ្ឋាភិបាល​កណ្ដាល​លែង​ជា​តំណាងឱ្យ​តម្លៃ​របស់​ប្រជាជន​នៃ​រដ្ឋ​នេះ។

«រដ្ឋាភិបាលកណ្ដាល​បាន​បាត់បង់​ការគ្រប់គ្រង និង​លែង​ជា​តំណាង​នៃ​តម្លៃ​របស់​ប្រជាជន​ក្នុង​រដ្ឋ Texas។ នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​មាន​គម្រោង​ដាក់សំណើ​ផ្លូវច្បាប់​មួយ ឡើងទៅ​កាន់​ស្ថាប័ន​សភា​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រជាមតិ ក្នុង​បំណង​ឱ្យ​រដ្ឋ Texas ក្លាយជា​ប្រទេស​ឯករាជ្យ​មួយ» តំណាងរាស្ត្រ Biedermann បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី 8ធ្នូ 2020។

ស្ថាប័ន​សភា​របស់​រដ្ឋ Texas នឹង​បើក​កិច្ចប្រជុំ​ឡើងវិញ នៅក្នុង​ខែមករា​ខាងមុខ។ ប៉ុន្តែ លោក Biedermann និយាយថា លោក​នឹង​ប្រើប្រាស់​មាត្រា​ទី1 ទី2 នៃ​ច្បាប់​ធម្មនុញ្ញ​របស់​រដ្ឋ Texas ដើម្បី​ដាក់សំណើ​ផ្លូវច្បាប់​របស់ខ្លួន។ មាត្រា​ទី1 និង​ទី2 នៃ​រដ្ឋធម្មនុញ្ញ​របស់ Texas បាន​ចែងថា ប្រជាជនមាន​សិទ្ធិ​ប្ដូរផ្លាស់ កែទម្រង់ ឬ​លុបចោល​អាជ្ញាធរ ទៅតាម​អ្វីដែល​ពួកគេ​យល់ថា​ត្រឹមត្រូវ និង​ជាក់ស្ដែង។

តំណាងរាស្ត្ររបស់ Texas ចាប់ផ្ដើមមានផែនការបំបែករដ្ឋនេះ ចេញពីសហរដ្ឋអាមេរិក
Texas ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក​

ក្រុម​ជាច្រើន មានដូចជា​ចលនា​ពលរដ្ឋ Texas ជាដើម តាំងតែ​ពី​យូរណាស់​មកហើយ តែងតែ​គាំទ្រ​ឱ្យ​មានការ​បំបែក​ខ្លួន​ចេញពី​សហរដ្ឋអាមេរិក។ ស្ថាប័ន​សភា​របស់ Texas ក៏បាន​ទទួល​សំណើ​ដូចគ្នានេះ​ចំនួន​រាប់រយ​លើក​មកហើយ​ដែរ។

រដ្ឋ Texas ធ្លាប់បាន​បំបែក​ចេញពី​សហរដ្ឋអាមេរិក​ម្ដង​រួចមកហើយ។ កាលពី​ឆ្នាំ 1845 Texas បាន​បំបែក​ចេញ​ពី​​សហរដ្ឋ​អាមេរិក​ និង​បាន​ក្លាយជា​រដ្ឋ​មួយ ហើយ​ក៏បាន​ចូលរួម​ក្នុង​សហភាព​ភាគខាងត្បូង​កាលពី​ឆ្នាំ 1860។ ក្រោយ​សង្គ្រាម​ផ្ទៃក្នុង Texas ក៏បាន​វិល​ត្រលប់​មកជា​រដ្ឋ​មួយ​របស់​សហរដ្ឋអាមេរិក​វិញ កាលពី​ឆ្នាំ 1870។

ទង់ជ័យ​របស់​រដ្ឋ Texas
ទង់ជ័យ​របស់​រដ្ឋ Texas

Texas ក៏​ជា​រដ្ឋ​មួយ​ដែលថ្មីៗនេះ បានដាក់​ពាក្យបណ្ដឹង​ឡើង​តុលាការ ប្រឆាំងនឹង​រដ្ឋ​ចំនួន 4 គឺ Georgia, Michigan, Pennsylvania និង Wisconsin ដើម្បី​រារាំង​ក្រុម​តំណាង​ម្ចាស់ឆ្នោត​នៃ​រដ្ឋ​ទាំងនេះ ​មិន​ឱ្យ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយ​ចោទថា រដ្ឋ​ទាំងនេះ បាន​ផ្លាស់ប្ដូរ​នីតិវិធី​ក្នុងការ​បោះឆ្នោត​ដោយ​អធម្មនុញ្ញភាព​ក្នុង​គ្រា​ប្រឈម​នឹង​វីរុស Covid-19 ដែល​ទង្វើ​នេះ បាន​នាំឱ្យ​សន្លឹកឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍​មានការ​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ក្រុម​លោក Trump ត្រូវ​ប្រឈម​នឹង​ការ​ចាញ់ឆ្នោត៕

ប្រភព៖ Fox News

Leave a Reply

Your email address will not be published. Required fields are marked *