រដ្ឋទាំង 50 និងរដ្ឋធានីវ៉ាស៊ីងតោន នៃសហរដ្ឋអាមេរិក បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ខណៈដែលក្រុមតំណាងម្ចាស់ឆ្នោតនឹងធ្វើការជ្រើសរើសប្រធានាធិបតីថ្មីនៅដើមសប្ដាហ៍ក្រោយ។
West Virginia កាលពីថ្ងៃទី 9ធ្នូ បានក្លាយជារដ្ឋចុងក្រោយគេដែលទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយបានប្រកាសជាផ្លូវការថា ប្រធានាធិបតី Donald Trump ទទួលបាន 5សំឡេងនៃតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។
ប្រធានាធិបតីជាប់ឆ្នោត Joe Biden ត្រូវបានគេព្យាករថា ទទួលបាន 306សំឡេងឆ្នោតនៃក្រុមតំណាងម្ចាស់ឆ្នោត ខណៈដែលលោក Trump ត្រូវបានព្យាករថា ទទួលបាន 232សំឡេង។ បេក្ខភាពប្រធានាធិបតី ត្រូវការសំឡេងឆ្នោតនៃក្រុមតំណាងម្ចាស់ឆ្នោតយ៉ាងតិច 270សំឡេងនៅក្នុងចំណោម 538សំឡេង ទើបក្លាយជាប្រធានាធិបតី។
ការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងលើ ត្រូវបានធ្វើចប់សព្វគ្រប់ ខណៈដែលលោក Trump ធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងទ្រង់ទ្រាយធំ ប៉ុន្តែមិនបានបង្ហាញភ័ស្តុតាងជាក់លាក់។ ក្រុមរបស់លោក Trump បានដាក់ពាក្យបណ្ដឹងរាប់សិបលើក ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោត ក៏ប៉ុន្តែ ពាក្យបណ្ដឹងជាច្រើនត្រូវបានច្រានចោលនៅថ្នាក់រដ្ឋ និងថ្នាក់ជាតិ។
កាលពីថ្ងៃទី 4ធ្នូ រដ្ឋ Texas បានដាក់ពាក្យបណ្ដឹងឡើងតុលាការកំពូល ដោយពន្យល់ថា តំណាងម្ចាស់ឆ្នោតនៃបណ្ដារដ្ឋ Georgia, Michigan, Pennsylvania និង Wisconsin មិនគួរត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត ព្រោះថារដ្ឋទាំងនេះបានផ្លាស់ប្ដូរនីតិវិធីបោះឆ្នោតដោយអធម្មនុញ្ញភាពនៅក្នុងវិបត្តិសុខភាពដើម្បីអនុញ្ញាតឱ្យមានការកើនឡើងនៃសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍។ រដ្ឋ Texas ក៏បានស្នើឱ្យតុលាការកំពូលពន្យារពេលក្នុងការទទួលស្គាល់ជ័យជំនះរបស់លោក Biden ពីសំណាក់តំណាងម្ចាស់ឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី 14ធ្នូខាងមុខផងដែរ។
បច្ចុប្បន្ន មានរដ្ឋចំនួន 17 ដែលភាគច្រើនដឹកនាំដោយបក្សសាធារណរដ្ឋ បានដាក់ពាក្យបណ្ដឹងគាំទ្រដល់ពាក្យបណ្ដឹងរបស់រដ្ឋ Texas។ លោក Trump ក៏បានបញ្ជូនពាក្យបណ្ដឹងរបស់ខ្លួនឡើងទៅតុលាការកំពូលដើម្បីស្នើសុំចូលរួមក្នុងរឿងក្ដីខាងលើនេះដែរ។
រដ្ឋនីមួយៗនៅសហរដ្ឋអាមេរិក មាននីតិវិធីផ្សេងៗគ្នាក្នុងការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយរដ្ឋមួយចំនួនទទួលស្គាល់សំឡេងឆ្នោតនៃតំណាងម្ចាស់ឆ្នោតដាច់ដោយឡែកពីលទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋ និងមូលដ្ឋាន។ ប៉ុន្តែ រដ្ឋមួយចំនួន ក៏មានច្បាប់ដែលតម្រូវឱ្យក្រុមតំណាងម្ចាស់ឆ្នោត បោះឆ្នោតឱ្យបេក្ខភាពដែលបានទទួលជ័យជំនះក្នុងការបោះឆ្នោតសកលនៅថ្នាក់រដ្ឋ ក្នុងនោះក៏មានការកំណត់ខ្លះដែលតម្រូវឱ្យពិន័យ ឬដកហូតតួនាទីចំពោះតំណាងម្ចាស់ឆ្នោតរូបណារូបណាដែលមិនគោរពតាមការកំណត់៕
ប្រភព៖ CNN