Skip to content

តៃវ៉ាន់​នៅតែ​ត្អូញ​ថា «ខ្លួន​រង​ការ​គំរាម​រាល់ថ្ងៃ» ខណៈ​អាមេរិក​យល់ព្រម​លក់​អាវុធ​ថ្មី តម្លៃ 280 ដុល្លារ​មកឱ្យ​កោះ​នេះ

តៃវ៉ាន់​បាន​និយាយថា ខ្លួន​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ផ្នែក​យោធា​ជា​រៀងរាល់ថ្ងៃ នៅក្នុង​គ្រា​ដែល​សហរដ្ឋ អាមេរិក ប្រកាស​អំពី​កិច្ចព្រមព្រៀង​ជួញដូរ​អាវុធ​ថ្មី​ដែលមាន​តម្លៃ 280លាន ដុល្លារ​អាមេរិក រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សន្តិសុខ​នៅ​ទីក្រុង​តៃប៉ិ ក្នុងថ្ងៃនេះ មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen យល់ថា មាន​កងកម្លាំង​មួយចំនួន «តែងតែ​ព្យាយាម​រំលោភ​ទៅលើ​សណ្ដាប់ធ្នាប់​ដែល​យោងទៅតាម​ស្ដង់ដា​ដែលមាន​ស្រាប់។ តៃវ៉ាន់ បាននិងកំពុង​ទទួល​រង​ការគំរាមកំហែង​ផ្នែក​យោធា​ដូច្នេះ​ជា​រៀងរាល់ថ្ងៃ»។

ការ​ថ្លែង​របស់​លោកស្រី Tsai ត្រូវបាន​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 7ធ្នូ ឱ្យដឹងថា បាន​ជូនដំណឹង​ទៅ​សភា​អំពី​គម្រោង​លក់​ប្រព័ន្ធ​ទំនាក់ទំនង​ក្នុង​សមរភូមិ​ថ្មី តម្លៃ 280 លាន​ដុល្លារ​អាមេរិក ទៅឱ្យ​កោះ​តៃវ៉ាន់។ នេះ​គឺជា​កិច្ចព្រមព្រៀង​លក់ដូរ​អាវុធ​លើក​ទី 6 រវាង​សហរដ្ឋអាមេរិក និង​កោះ​តៃវ៉ាន់ នៅក្នុង​ឆ្នាំនេះ ហើយ​វា​ក៏​ជាការ​លក់ដូរ​អាវុធ​លើក​ទី 11 រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅក្នុង​អាណត្តិ​ប្រធានាធិបតី Donald Trump ផងដែរ។

ភាគី​ខាង​តៃវ៉ាន់​បានឱ្យដឹងថា កិច្ចព្រមព្រៀង​ថ្មី​នេះ​បង្ហាញថា សហរដ្ឋអាមេរិក​មិនបាន​ប្ដូរផ្លាស់​នូវ​អ្វីដែល​បាន​សន្យា​ក្នុង​ការជួយ​ការពារ​កោះ​នេះ​ពីស​ត្រូវ។

តៃវ៉ាន់​នៅតែ​ត្អូញ​ថា «ខ្លួន​រង​ការ​គំរាម​រាល់ថ្ងៃ» ខណៈ​អាមេរិក​យល់ព្រម​លក់​អាវុធ​ថ្មី តម្លៃ 280 ដុល្លារ​មកឱ្យ​កោះ​នេះ
មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen

Kurt Campbell ដែលជា​អ្នកការទូត​កំពូល​ម្នាក់​របស់​សហរដ្ឋអាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត​ក្នុងសម័យ​លោក Barack Obama ហើយ​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​របស់លោក Biden បាន​អះអាងថា ទាំង​បក្ស​សាធារណរដ្ឋ ទាំង​បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​គាំទ្រ​យ៉ាងខ្លាំង​ក្លាដ​ល់កោះ​តៃវ៉ាន់។

«មាន​មនុស្ស​ជាច្រើន​នៅក្នុង​បក្សនយោបាយ បាន​យល់​អំពី​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​ជ្រាលជ្រៅ និង​ផលប្រយោជន៍​ជា​យុទ្ធ​សំខាន់​របស់​យើង នៅក្នុង​ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​តៃវ៉ាន់» លោក Kurt Campbell ថ្លែង​បែបនេះ។

កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់​ពី​សំណាក់​សហរដ្ឋអាមេរិក​កន្លងមក តែងតែ​ធ្វើឱ្យ​ចិន​មានការ​ក្ដៅក្រហាយ និង​នាំឱ្យ​ចិន​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​អាមេរិកាំង​មួយចំនួន​ដែល​ពាក់ព័ន្ធ។ ក្រៅពីនេះ ចិន​ក៏​មិន​ភ្លេច​បញ្ជូន​នាវាចម្បាំង​ទៅកាន់​តំបន់​ក្បែរ​កោះ​តៃវ៉ាន់​ផងដែរ ដើម្បី​គំរាម​កោះ​នេះ។ ប្រទេស​ចិន តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​ដែល​មិនអាច​កាត់ផ្ដាច់​ចេញពី​ប្រទេស​ចិន ហើយ​កោះ​នេះ​នឹងត្រូវ​វិល​ត្រលប់​មកជា​របស់​ចិន​វិញ​នាពេលខាងមុខ បើទោះជា​ត្រូវ​ប្រើ​កម្លាំងបាយ​ក៏ដោយ៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *