Skip to content

រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​ត្រូវ​ចាប់ខ្លួន​​ជា​មួយ​នឹង​​ប្រាក់​​ពុករលួយ​ពី​ជំនួយ Covid-19 រាប់ពាន់​លាន​រូពៀ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ឥណ្ឌូនេស៊ី (KPK) កាលពី​ថ្ងៃទី 6ធ្នូ បាន​ចាប់ខ្លួន​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច Juliari Batubara ជាមួយនឹង​ប្រាក់​ពុករលួយ​យ៉ាងតិច 1.2លាន​ដុល្លារ បន្ទាប់ពី​មន្ត្រី​រូបនេះ​បានចេញ​សារភាព។

យោងតាម BBC លោក Juliari Batbara ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជនសង្ស័យ ក្រោយពី KPK រឹបអូស​វ៉ា​លី សា​កាដូ និង​ស្រោមសំបុត្រ​ដែលមាន​ប្រាក់​សរុប​ឡើងដល់ 17ពាន់​លាន​រួ​ពៀ (ប្រហែល 1.2លាន​ដុល្លារ​អាមេរិក) កាលពី​ថ្ងៃទី 5ធ្នូ។ រហូតដល់​ថ្ងៃទី 6ធ្នូ លោក Batubara ក៏​បានចេញ​សារភាព។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ KPK ឱ្យដឹងថា លោក Batubara ត្រូវបាន​ចោទប្រកាន់ថា បានទទួល​សំណូក​យ៉ាងតិច 1.2លាន​ដុល្លារ​អាមេរិក​ពី​អ្នកម៉ៅការ 2រូប​ដែល​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​កញ្ចប់​ជំនួយ​ផ្នែក​ស្បៀងអាហារ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ពី Covid-19 ទៅតាម​កម្មវិធី​របស់​រដ្ឋាភិបាល។ នៅក្នុង​កញ្ចប់​ជំនួយនីមួយៗ លោក Batubara ទទួលបាន 10,000រូពៀ ឬ 0.71ដុល្លារ​អាមេរិក។

បើសិនជា​ត្រូវបាន​កាត់ទោស លោក Batubara អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 20ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ 1ពាន់​លាន​រូពៀ (ស្មើនឹង 70,000ដុល្លារ​អាមេរិក)។

លោក Batubara គឺជា​រដ្ឋមន្ត្រី​ទី​ពីរ​ហើយ​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់​ប្រធានាធិបតី Joko Widodo ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

ទាក់ទង​នឹង​បញ្ហា​ខាងលើ ប្រធានាធិបតី Widodo ថ្លែងថា៖ «នេះ​គឺជា​ប្រាក់​របស់​ប្រជាជន។ នេះ​ជា​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ចាំបាច់​នៅក្នុង​ដំណាក់កាល​ប្រឈម​នឹង​វិបត្តិ​សុខភាព Covid-19 និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច»។ លោក Widodo ប្រកាសថា លោក​នឹងមិន​ការពារ​មន្ត្រី​រូប​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ឡើយ។

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី កំពុងតែ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ Covid-19។ រដ្ឋាភិបាល​ប្រទេស​នេះ បាននិងកំពុង​អនុវត្ត​កម្មវិធី​ជាច្រើន​ដើម្បី​ជួយ​ដល់​ក្រុមមនុស្ស​ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​សុខភាព​នេះ៕

ប្រភព៖ France 24

Leave a Reply

Your email address will not be published. Required fields are marked *