អ្នករៀបចំកម្មវិធីជប់លៀង Sex នៅទីក្រុង Brussels កាលពីសប្ដាហ៍មុន បានឱ្យដឹងថា បុរសជាតំណាងរាស្ត្រមកពីប្រទេសចំនួន 9 បានចូលរួមព្រឹត្តិការណ៍ដែលខ្លួនបានរៀបចំ នៅមុនពេលត្រូវបានក្រុមប៉ូលិសឆ្មក់ចូលចាប់។
នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងសារព័ត៌មាន Onet របស់ប៉ូឡូញ កាលពីថ្ងៃទី 3ធ្នូ David Manzheley បានឱ្យដឹងថា ខ្លួនបានប្រារព្ធកម្មវិធីជប់លៀង Sex សម្រាប់មនុស្សភេទទីបីនេះអស់រយៈពេល 2ឆ្នាំមកហើយ។ លោកបន្តថា កម្មវិធីរបស់ខ្លួនតែងតែមានមនុស្សរាប់រយនាក់ចូលរួម។
លោក Manzheley និយាយថា៖ «ក្រុមមនុស្សល្បីឈ្មោះជាច្រើនមកពីប្រទេសនានា បានបង្ហាញខ្លួននៅក្នុងពិធីជប់លៀងដែលខ្ញុំបានរៀបចំ ក្នុងនោះមានទាំងអ្នកនយោបាយប៉ូឡូញផងដែរ។ ពួកគេសុទ្ធតែជាអ្នកមានគ្រួសាររួចហើយ ហើយពួកគេក៏សុទ្ធតែស្នើឱ្យរក្សាការសម្ងាត់អំពីការចូលរួមពិធីជប់លៀងសម្រាប់មនុស្សភេទពីរបីនេះ»។
កាលពីសប្ដាហ៍មុន Manzheley បានរៀបចំពិធីជប់លៀងដូចខាងលើ នៅក្នុងផ្ទះមួយនៅទីក្រុង Brussels ដោយមានមនុស្ស 25នាក់ចូលរួម ប៉ុន្តែ ត្រូវបានក្រុមប៉ូលិសឆ្មក់ចូលត្រួតពិនិត្យ ដោយសារតែបានរំលោភលើបម្រាមគោចរដើម្បីទប់ស្កាត់ Covid-19។
Manzheley និយាយថា៖ «ពួកគេគឺជាអ្នកនយោបាយមកពី អ៊ុយក្រែន បារាំង អាល្លឺម៉ង់ ហូឡង់ លុចហ្សំបួរ ស្វីស និងអេស្ប៉ាញ។ ក៏ប៉ុន្តែ ភ្ញៀវដែលបានចូលរួមជាញឹកញាប់គឺអ្នកតំណាងរាស្ត្រនៃប្រទេសប៉ូឡូញ និងហុងគ្រី»។
អ្នករៀបចំពិធីជប់លៀង Sex ខាងលើបានអះអាងថា មានអ្នកនយោបាយដល់ទៅ 9រូបរបស់បក្សកាន់អំណាច Fidesz នៅហុងគ្រី ក្នុងនោះមានតំណាងរាស្ត្រ Jozsef Szajer ផងដែរដែលបានចូលរួមពិធីជប់លៀងនេះ។
Manzheley បានរៀបរាប់ថា ពិធីជប់លៀង Sex របស់លោក ត្រូវបានប្រារព្ធឡើងទៅតាមរូបភាព “អាក្រាតជាទីបំផុត” ក្នុងនោះ មិនមានវិធានការការពារ ក៏ដូចជាការពិនិត្យរកវីរុស Covid-19។ ភ្ញៀវគ្រប់រូបត្រូវតែចូលរួមដោយអស់ពីចិត្ត ហើយពុំមានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទ ឬថតរូបនៅក្នុងពិធីជប់លៀង Sex នេះទេ។
ក្រុមមន្ត្រីបានរកឃើញថា អ្នកចូលរួមចំនួន 25នាក់ដែលជាបុរស ភាពច្រើនគ្មានសម្លៀកបំពាក់ជាប់ខ្លួននោះឡើយ នៅក្នុងពិធីជប់លៀងក្នុងបន្ទប់មួយនៅជាន់លើរបស់ហាងកាហ្វេមួយកន្លែង។ ព័ត៌មាននេះបានបែកធ្លាយ និងបាននាំឱ្យ Szajer អាយុ 59ឆ្នាំ មកពីបក្សកំពុងកាន់អំណាច Fidesz របស់នាយករដ្ឋមន្ត្រីហុងគ្រី Vikto Orban ត្រូវលាលែងពីតំណែង។
ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Brussels បានទទួលស្គាល់ថា មានបុរសម្នាក់ត្រូវបានគេដាក់ឈ្មោះថា S.J. បានចូលរួមពិធីជប់លៀង និងបានព្យាយាមគេចចេញពីពិធីជប់លៀង មុនពេលត្រូវបានចាប់ខ្លួន។
Manzheley បានបញ្ជាក់ថា អ្នកចូលរួមសុទ្ធតែត្រូវបានតម្រូវឱ្យចុះឈ្មោះទៅក្នុងបញ្ជីមួយដែលប្រកាសថា មិនមានផ្ទុកវីរុស Covid-19។ គាត់និយាយថា ក្រុមប៉ូលិសអាចឆ្មក់ចូលបាន ក៏ព្រោះតែមានអ្នកទុកទ្វារចំហ៕
ប្រភព៖ Fox News