Skip to content

មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​​នៃ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក

Muslim Shahdan មេបញ្ជាការ​ជាន់ខ្ពស់រ​បស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បាត់​បង់ជីវិត​នៅ​ក្នុងករណី​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ក្នុង​តំបន់​ព្រំដែន​ស៊ី​រី។

ប្រភពពី​កងសន្តិសុខ​អ៊ីរ៉ាក់​បានឱ្យដឹងថា ករណី​វាយប្រហារ​សំដៅលើ​ក្បួន​រថយន្ត​ដែលមាន​ដឹក Shahdan បានកើត​ឡើង​នៅ​យប់​ថ្ងៃទី 28វិច្ឆិកា ឬ​ទៀបភ្លឺ​ថ្ងៃទី 29វិច្ឆិកា បានសម្លាប់​មេបញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) រួម​នឹង​មនុស្ស 3នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ជាមួយ​លោក។

មន្ត្រី​សន្តិសុខ​អ៊ីរ៉ាក់ 2នាក់​ផ្សេងទៀត​បាន​និយាយថា ក្បួន​រថយន្ត​របស់ Shahdan មាន​ដឹក​អាវុធ និង​ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បាញ់ប្រហារភ្លាមៗក្រោយពី​បាន​ឆ្លង​ពី​ព្រំដែន​អ៊ីរ៉ាក់ ចូលដល់​ទឹកដី​ស៊ី​រី។ ករណីនេះ​មិនទាន់មាន​ភាគី​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ​នៅឡើយ។

ករណីនេះ​បាន​កើតមានឡើង បន្ទាប់ពី​អ្នកជំនាញ​ខាង​នុយ​ក្លេ​អែរ​ដ៏​កំពូល​របស់​អ៊ីរ៉ង់ លោក Mohsen Fakhrizadeh ត្រូវបាន​ធ្វើឃាត​កាលពី​ថ្ងៃទី 27វិច្ឆិកា។ ការធ្វើឃាត​នេះ ត្រូវបាន​អ៊ីរ៉ង់​ចោទថា ជា​ស្នាដៃ​របស់​ប្រទេស​អ៊ីស្រាអែល។

ចំណែក​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​វិញ បាន​ចោទ​អ៊ីរ៉ង់ រួម​នឹង​ក្រុម​ទាហាន​ដែល​ប្រទេស​គាំទ្រ​ថា បាន​ព្យាយាម​ដឹក​អាវុធ​ខុសច្បាប់​ពី​ប្រទេស​អ៊ីរ៉ាក់ ទៅកាន់​ប្រទេស​ស៊ី​រី និង​លី​បង់។ អាវុធ​ទាំងនោះ ក្រោយមក​នឹងត្រូវ​បាន​ក្រុម​ទាហាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​អ៊ីស្រាអែល។

ឧ​ត្ត​ម​សេនី Aviv Kochavi មេបញ្ជាការ​កងទ័ព​ការពារជាតិ​អ៊ីស្រាអែល (IDF) បាន​អះអាងថា ប្រទេស​នេះ​មិន​បោះបង់​យុទ្ធនាការ​ទប់ស្កាត់​កង​ទាហាន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ធ្វើ​សកម្មភាព​ស្វែងរក​កន្លែង​ឈរជើង​នៅ​ស៊ី​រី​ឡើយ៕

ប្រភព៖ Time of Israel

Leave a Reply

Your email address will not be published. Required fields are marked *