ប្រធានាធិបតីអាមេរិក បានក្លាយជាប្រធានបទជជែកគ្នានៅលើបណ្ដាញសង្គម បន្ទាប់ពីលោកបង្ហាញខ្លួនជាមួយនឹងតុខ្នាតតូចមិនគួរឱ្យជឿកាលពីព្រលប់ថ្ងៃទី26វិច្ឆិកា។
ថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់ពីសេតវិមានកាលពីយប់ថ្ងៃទី26វិច្ឆិកា ប្រធានាធិបតី Donald Trump បានឱ្យដឹងថា លោកនឹងចាកចេញពីតំណែង បើសិនលោក Joe Biden ដណ្ដើមបានជ័យជំនះនៅក្នុងការបោះឆ្នោតនៃក្រុមប្រតិភូតំណាងម្ចាស់ឆ្នោត នៅថ្ងៃទី14ធ្នូខាងមុខ។
ក្នុងគ្រាដែលប្រធានាធិបតីបានលើកឡើងអំពីការបោះឆ្នោតប្រកបដោយការលួចបន្លំ អ្នកលេងបណ្ដាញសង្គមបែរជាចាប់អារម្មណ៍ទៅលើតុដ៏តូចខុសពីធម្មតាដែលលោក Trump កំពុងប្រើប្រាស់នៅក្នុងសន្និសីទរបស់លោក។
អ្នកលេងបណ្ដាញសង្គមមួយចំនួនយល់ថា តុដែលមានខ្នាតដ៏តូចនេះ បង្ហាញអំពីអំណាចនៃប្រធានាធីបតីកំពុងថមថយ ប៉ុន្តែ អ្នកលេងបណ្ដាញសង្គមមួយចំនួនទៀតគិតថា វាអាចជាស្នាដៃនៃការកាត់តរូបភាព។
តារាសម្ដែង Mark Hamill បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ៖ “បើសិនជាលោកប្រព្រឹត្តត្រឹមត្រូវ ឈប់និយាយកុហកដើម្បីធ្វើឱ្យការបោះឆ្នោតមានបញ្ហា និងគិតអំពីប្រការល្អៗសម្រាប់ប្រទេសជាតិជំនួសឱ្យការត្អូញត្អែរថាអយុត្តិធម៌ នោះប្រហែលជាលោកទទួលបានការអញ្ជើញឱ្យឡើងអង្គុយនៅលើកៅអីនិងតុធំជាងនេះ។
អ្នកលេងបណ្ដាញសង្គមម្នាក់ទៀត សរសេរថា៖ “មិនគួរឱ្យជឿសោះថា ប្រការនេះបានកើតឡើងនៅក្នុងថ្ងៃនេះ។ អរគុណដល់អ្នកដែលមានគំនិតអំពីតុនេះ។
លោក Trump ក្រោយមកបានបង្ហោះសារនៅលើ Twitter ដោយចោទបណ្ដាញផ្សព្វផ្សាយថា បានចុះផ្សាយព័ត៌មានមិនពិតអំពីការអធិប្បាយរបស់លោក និងបានចោទ Twitter ថា បានបង្កើត “ខ្លឹមសារអវិជ្ជមាន” សម្រាប់អ្វីដែលកំពុងពេញនិយមរបស់បណ្ដាញសង្គម។
រាប់ចាប់ពីលោក Joe Biden ត្រូវបានគេព្យាករថា បានជាប់ឆ្នោតដោយមានសំឡេងឆ្នោតចំនួន 306 សំឡេងពីតំណាងម្ចាស់ឆ្នោត លោក Trump ក៏បានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត និងធ្វើការប្ដឹងតវ៉ាជាបន្តបន្ទាប់ដើម្បីកែប្រែស្ថានការណ៍នៅក្នុងរដ្ឋមួយចំនួន ដូចជា Georgia, Michigan, Nevada, Arizona និង Pennsylvania។ ប៉ុន្តែ បច្ចុប្បន្ន មិនទាន់មានរដ្ឋណាមួយទទួលស្គាល់ការប្ដឹងតវ៉ារបស់លោក Trump និងក្រុមរបស់លោកនៅឡើយ៕
ប្រភព៖ Guardian