ក្រុមអ្នកជំនាញផ្នែកស្វែងរកទីតាំងនៅលើប្រព័ន្ធអ៊ីនធើណិត បានរុករកឃើញទីតាំងរបស់បង្គោលលោហធាតុដ៏ចម្លែកដែលត្រូវបានគេប្រទះឃើញនៅលើសមុទ្រខ្សាច់កាលពីប៉ុន្មានថ្ងៃមុននេះ នាំឱ្យមានមនុស្សកាន់តែច្រើន នាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បើទោះជាមានការព្រមានអំពីសុវត្ថិភាពពីអាជ្ញាធរ។
នៅពេលមានព័ត៌មានទាក់ទងនឹងបង្គោលលោហធាតុខាងលើ កាលពីថ្ងៃទី23វិច្ឆិកា ក្រុមមន្ត្រីនៅរដ្ឋ Utah បានបដិសេធមិនប្រាប់អំពីទីតាំងរបស់បង្គោលនេះទេ ដោយសារបារម្ភអំពីសុវត្ថិភាព។
ប៉ុន្តែ ក្នុងរយៈពេលតែ48ម៉ោង ក្រោយពីមានព័ត៌មានខាងលើ មនុស្សដំបូងគេបានរុករកឃើញទីតាំងរបស់បង្គោលនេះ ហើយក៏បានមកដល់ទីតាំងនោះផ្ទាល់ដើម្បីពិនិត្យមើល បើទោះជាមានការបារម្ភថា គេអាចវង្វេងផ្លូវ។ មកដល់ថ្ងៃទី25វិច្ឆិកា នៅលើ Instagram គេក៏ឃើញមានរូបថតជាច្រើនសន្លឹក បង្ហាញអំពីទិដ្ឋភាពមនុស្សមួយចំនួនដែលបានទៅដល់ទីតាំងនៃបង្គោលលោហធាតុនោះ។
អ្នកទាំងនេះ ទទួលបានជំនួយពីក្រុមអ្នកលេងអ៊ីនធើណិត ដែលជាក្រុមមនុស្សបានស្វែងរកឃើញទីតាំងរបស់បង្គោល តាមរយៈកម្មវិធី Google Earth។
សូមរំលឹកថា ក្រុមបុគ្គលិកនៅអង្គភាពសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពីថ្ងៃទី18វិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រជួយដល់នាយកដ្ឋានការពារធនធានសត្វព្រៃ ដើម្បីរាប់សត្វចៀមស្នែងធំនៅលើសមុទ្រខ្សាច់ភាគអាគ្នេយ៍របស់រដ្ឋនេះ។ ពួកគេស្រាប់តែបានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងដុំថ្មអាថ៌កំបាំងដែលមាននៅក្នុងខ្សែភាពយន្តរឿង “2001: A Space Odyssey” ដែលផលិតឆ្នាំ1968។
អ្នកបើកបរឧទ្ធម្ភាគចក្រ Bret Hutchings បានរៀបរាប់ថា៖ “អ្នកជំនាញខាងជីវសាស្ត្រម្នាក់នៅក្នុងក្រុមហោះហើរបានប្រទះឃើញវា នៅពេលយើងហោះពីលើវត្ថុនោះ។ គាត់បានស្រែកឡើង “អូ! អូ! ត្រលប់ក្រោយ!។ ខ្ញុំក៏សួរថា “ថីហ្នឹង?។ ហើយគាត់ក៏ប្រាប់ថា “ត្រលប់ក្រោយសិនៗ មានអ្វីនៅខាងក្រោយ យើងត្រូវតែទៅមើល!។ វានៅទីនោះ! នៅកណ្ដាលដុំថ្មធំៗពណ៌ក្រហម គឺជាបង្គោលលោហធាតុពណ៌ប្រាក់ រលោកផ្លេកដែលផុសឡើងផុតពីដី។
Hutchings ប៉ាន់ប្រមាណដឹងថា បង្គោលលោហធាតុនោះមានកម្ពស់ប្រហែលពី3-3.6ម៉ែត្រ ហើយវាមិនដូចទៅនឹងករណីធ្លាក់ពីលើអាកាសនោះទេ វាទំនងជាមានអ្នកយកមកដាំ៕
ប្រភព៖ BBC