ពេលទើបតែឈានជើងចូលសេតវិមាន ទ្រព្យសម្បត្តិរបស់គ្រួសារអតីតប្រធានាធិបតី Barack Obama កាលណោះមានតែ 1.3លានដុល្លារប៉ុណ្ណោះ។ ដល់ឆ្នាំ2018 តួលេខនេះបានឡើងដល់40លានដុល្លារ ហើយនាពេលបន្តបន្ទាប់ទៀត កំពុងតែកើនយ៉ាងឆាប់រហ័ស។
បន្ទាប់ពីចាកចេញពីសេតវិមាន លោក Obama បានកសាង “អនាចក្រទូរគមនាគមន៍” មួយដោយខ្លួនឯង ប្រកបដោយជោគជ័យ។
អ្នកជំនាញការម្នាក់អះអាងថា៖ “ដោយសារតែសង្គមអាមេរិកបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ យីហោ Obama នឹងនៅតែត្រូវបានគេនិយមចូលចិត្ត។
“យីហោចម្លងអាជីវកម្ម (Franchise) Obama
គេហទំព័រ Le Figaro បានចុះផ្សាយអត្ថបទស្ដីអំពីប្រព័ន្ធទូរគមនាគមន៍របស់ស្វាមីភរិយាលោកអតីតប្រធានាធិបតីអាមេរិក Barack Obama ដែលជា “ប្រភពថាមពល” អាចជួយឱ្យទ្រព្យរបស់លោកកើនឡើងយ៉ាងឆាប់រហ័ស រហូតជីតដល់240លានដុល្លារអាមេរិក។
ដោយត្រូវបានបង្កើតឡើងក្នុងពេលតែមួយនៅក្នុងប្រទេសចំនួន23 កាលពីថ្ងៃទី17វិច្ឆិកា ទៅតាមបែបបទនៃការចាក់បញ្ចាំងខ្សែភាពយន្តកំពូលៗរបស់ Hollywood សៀវភៅភាគទីមួយនៃកំណត់ហេតុរបស់ប្រធានាធិបតីទី44របស់សហរដ្ឋអាមេរិក បានក្លាយជា “បាតុភូត” ដ៏អស្ចារ្យមួយ។ នៅសហរដ្ឋអាមេរិក និងកាណាដា សៀវភៅនេះត្រូវបានលក់ដាច់ជាង890,000ក្បាលនៅក្នុងថ្ងៃចេញផ្សាយដំបូង។ សៀវភៅ Becoming របស់ស្ត្រីទីមួយរបស់អាមេរិកដែលបានបោះពុម្ភក្នុងឆ្នាំ2018 ក៏លក់បាន724,000ក្បាលប៉ុណ្ណោះក្នុងថ្ងៃដំបូង ហើយមកដល់ពេលនេះ វាបានឡើងដល់14លានក្បាលទៅហើយ។
គូស្វាមីភរិយា Barack Obama និង Michelle Obama បានក្លាយជាយីហោមួយដែលមានផលិតផលជាច្រើន នាំមកនូវប្រាក់ចំណេញច្រើនសន្ធឹក។ តួលេខដែលគេត្រូវលើកយកមកនិយាយពេលនេះ មានដូចជា ខ្ទង់ប្រាក់ចំណូលជិត65លានដុល្លារបានមកពីកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់រោងពុម្ភ Penguin Random House និងជាង50លានដុល្លារបានមកពីកិច្ចព្រមព្រៀងជាមួយនឹង Netflix បូករួមនឹងមូលប្បទានប័ត្រ20លានដុល្លារពី Spotify ដើម្បីទទួលបាន postcast ផ្ដាច់មុខពីលោក Obama ជាដើម។ល។
ប៉ុន្តែ បញ្ជីរាយនាម “ផលិតផល” របស់គ្រួសារ Obama ខាងលើនេះ នឹងមានច្រើនជាងនេះទៀតនាពេលខាងមុខ។ ក្នុងនោះមានដូចជា កិច្ចពិភាក្សាគ្នាដែលមានតម្លៃ 400,000ដុល្លារ/មួយពេល ហើយសូម្បីតែប៉ានតែដែលមានផ្ដិចឃ្លាដែលទាក់ទងនឹងសេចក្ដីថ្លែងការប្រកបដោយការច្នៃប្រឌិតរបស់លោក Obama ក៏មានតម្លៃដល់ទៅ20ដុល្លារផងដែរក្នុងប៉ាន់ចំនួនមួយ។
នៅសហរដ្ឋអាមេរិក ការដែលប្រធានាធិបតីចេញផ្សាយសៀវភៅ ឬបង្កើតមូលនិធិឯកជន បានក្លាយជារឿងទំនៀមទម្លាប់ទៅហើយ បន្ទាប់ពីពួកគេបានចាកចេញពីសេតវិមាន។ អតីតប្រធានាធិបតី Bush, Bill Clinton ជាដើម សុទ្ធតែបានធ្វើដូច្នេះ។ ប៉ុន្តែ Louis Morales-Chanard ដែលជានាយកផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទូរគមនាគមន៍ Dentsu និយាយថា លោក Obama គឺជាមនុស្សដំបូងគេដែលទទួលបានជោគជ័យខ្លាំង ហើយលទ្ធផលនេះបានកើតឡើងដំណាលគ្នានឹងការរីកចម្រើនរបស់បណ្ដាញសង្គម ដូចជា Facebook, Twitter, Youtube ព្រោះគ្រួសារលោក Obama បានចាប់យកឥទ្ធិពលនេះបានយ៉ាងឆាប់រហ័ស។
មួយវិញទៀត ជោគជ័យរបស់លោក Obama មួយផ្នែកក៏ដោយសារលោកគឺជាប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូងគេ។ ក្រៅពីនេះ លោក Obama ក៏ត្រូវបានគេចាត់ទុកដូចជាតំណាងរបស់ក្រុមភាគតិចផងដែរ។ ហើយដើម្បីរក្សាមុខមាត់ និងកេរ្ដិ៍ឈ្មោះនេះ លោក Obama តែងតែធ្វើខ្លួនឱ្យជាប្រធានាធិបតី និងអតីតប្រធានាធិបតីដែលមានលក្ខណសាមញ្ញ និងងាយស្រួលរាប់អាន។
ជាងនេះ លោក Obama កំពុងតែចាត់ទុកលោក Trump ជាឥន្ធនៈដ៏ល្អឯកសម្រាប់ប្រព័ន្ធដំណើរការរបស់ខ្លួន។ ក្នុងពេលដែលស្ដង់ដា និងតម្លៃនៃសហរដ្ឋអាមេរិកត្រូវបានថយចុះ ក្នុងនោះសង្គមត្រូវបែកបាក់ លោក Obama គឺជាតំណាងនៃសេចក្ដីសុខ និងសុវត្ថិភាពរបស់ពិភពបុរាណ នេះបើតាមអ្នកវិភាគ Jean-Emmanuel Cortade de la Saussay ស្ថាបនិករបស់ Story Mind ដែលជាក្រុមហ៊ុនស្រាវជ្រាវអំពីយីហោ និងប្រព័ន្ធផ្សព្វផ្សាយ។
មកដល់បច្ចុប្បន្ន គូស្វាមីភរិយាលោក Obama ហាក់ដូចជា “ប៉ះត្រង់ណា ត្រង់នោះក៏ក្លាយជាមាស។ ពេលទើបតែឈានជើងចូលសេតវិមាន ទ្រព្យសម្បត្តិរបស់គ្រួសារអតីតប្រធានាធិបតី Barack Obama កាលណោះត្រូវបានប្រកាសថា មានតែ 1.3លានដុល្លារប៉ុណ្ណោះ។ ដល់ឆ្នាំ2018 តួលេខនេះបានឡើងដល់40លានដុល្លារ នេះបើតាម GoBankingRates។ ចំណែក New York Post ថ្មីៗនេះ បានគន់គូរឃើញថា ទ្រព្យរបស់គ្រួសារ Obama មានដល់ទៅ135លានដុល្លារអាមេរិក ខណៈដែលស្ថិតិរបស់សាកលវិទ្យាល័យវ៉ាស៊ីងតោនបានព្យាករថា នាពេលខាងមុខ តួលេខនេះនឹងកើនដល់242លានដុល្លារអាមេរិក៕
ប្រភព៖ BI, Le Figaro,RFI