ប្រធានាធិបតី Donald Trump បានឱ្យដឹងថា នឹងចុះចេញពីសេតវិមាន បើសិនជាគូប្រជែង Joe Biden ឈ្នះក្នុងការបោះឆ្នោតរបស់តំណាងម្ចាស់ឆ្នោតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី14ធ្នូខាងមុខ។
កាលពីថ្ងៃទី 26វិច្ឆិកា លោក Donald Trump បានអះអាងថា លោកនឹងចុះចេញពីសេតវិមាន បើសិនជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden ត្រូវបានប្រតិភូតំណាងម្ចាស់ឆ្នោតទទួលស្គាល់ថាជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតនាថ្ងៃទី14ធ្នូខាងមុខ ប៉ុន្តែបានបន្ថែមថា នឹងពិបាកខ្លាំងដើម្បីឱ្យលោកទទួលស្គាល់បរាជ័យ នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ហើយតំណាងម្ចាស់ឆ្នោតនឹង “បង្កឱ្យមានកំហុសឆ្គង” បើសិនជាបោះឆ្នោតឱ្យ Biden។
នេះគឺជាឥរិយាបថចុងក្រោយ និងទំនងជាការទទួលស្គាល់បរាជ័យថ្មីបំផុតរបស់ខ្លួន ដែលលោក Trump បានលើកឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន លោក Trump ថ្លែងថា “ការបោះឆ្នោតនេះ គឺជាករណីបោកប្រាស់” ក៏ប៉ុន្តែ លោកមិនបានលើកឡើងអំពីភ័ស្តុតាងនោះទេ។
ចាប់ពីថ្ងៃទី7វិច្ឆិកា សារព័ត៌មានអាមេរិកាំង បានទទួលស្គាល់ថា លោក Joe Biden គឺជាប្រធានាធិបតីជាប់ឆ្នោត។ ចំនួនសន្លឹកឆ្នោតនៃប្រតិភូតំណាងម្ចាស់ឆ្នោតដែលលោក Biden កំពុងកាន់កាប់ មានចំនួន 306សំឡេង ខណៈលោក Trump កាន់កាប់ 232សំឡេង នេះបើតាមលទ្ធផលនៃការព្យាករដែលត្រូវបានប្រកាសដោយបណ្ដាស្ថាប័នសារព័ត៌មានធំៗនៅសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ Trump មិនទាន់ទទួលស្គាល់ថាចាញ់នៅឡើយ ហើយបច្ចុប្បន្ន លោកកំពុងធ្វើ “សង្គ្រាម” ផ្នែកច្បាប់នៅឯបណ្ដារដ្ឋសំខាន់ៗ រួមមាន Pennsylvania, Georgia និង Michigan ដើម្បីប្រឆាំងនឹងលទ្ធផលនៃការរាប់សន្លឹកឆ្នោត បើទោះជារដ្ឋទាំងនេះ បានទទួលស្គាល់ជ័យជំនះរបស់លោក Biden ក៏ដោយ៕
ប្រភព៖ Reuters