ប្រជាជនថៃប្រមាណជាង10,000នាក់ បានលើកគ្នាមកតវ៉ានៅខាងមុខធនាគារពាណិជ្ជសៀម ដើម្បីស្នើឱ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិ ក៏ដូចជាការចំណាយរបស់មហាក្សត្រ Vajiralongkorn។
បាតុកម្មនេះត្រូវបានធ្វើឡើងចាប់ពីវេលាម៉ោងប្រហែល15 ក្នុងថ្ងៃទី25វិច្ឆិកា នៅខាងក្រៅការិយាល័យកណ្ដាលរបស់ធនាគារពាណិជ្ជសៀម (SCB) នៅភាគខាងជើងទីក្រុងបាងកក បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ។ ការិយាល័យកណ្ដាលរបស់ SCB នៅទីក្រុងបាងកកបានបិទទ្វារកាលពីម្សិលមិញ ប៉ុន្តែសាខារបស់ធនាគារនេះនៅតែដំណើរការជាធម្មតា។
មហាក្សត្រថៃ Vajiralongkorn គឺជាភាគហ៊ុនិកធំបំផុតរបស់ធនាគារ SCB ហើយកន្លងមក ក្រុមបាតុករក៏ធ្លាប់បានអំពាវនាវឱ្យប្រជាជនបិទគណនីនៅធនាគារនេះដើម្បីសម្ដែងការជំទាស់។
មេដឹកនាំក្រុមបាតុករ Parit “Penguin” Chiwarak បានស្នើឱ្យបើកការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិ និងការចាយវាយរបស់មហាក្សត្រថៃផងដែរ។ Penguin បានស្នើឱ្យក្រុមបាតុករច្រៀងរួមគ្នានូវចម្រៀងមួយបទមុននឹងបញ្ចប់ការតវ៉ាដោយសន្តិវិធីដើម្បីទប់ស្កាត់ករណីត្រូវចាប់ខ្លួនដែលអាចនាំឱ្យពួកគេមិនអាចធ្វើបាតុកម្មនៅថ្ងៃទី27វិច្ឆិកា។
មេដឹកនាំម្នាក់ទៀតរបស់ក្រុមបាតុករ នោះគឺ Panusaya “Ruang” Sithijirawattanakul បានឱ្យដឹងថា បាតុកម្មបន្ទាប់នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី27វិច្ឆិកាខាងមុខ ក៏ប៉ុន្តែមេដឹកនាំរូបនេះមិនបានបង្ហើបឱ្យដឹងអំពីទីតាំងជាក់លាក់នោះទេ។
Penguin បានសរសេរនៅទំព័រ Facebook កាលពីថ្ងៃទី24វិច្ឆិកាថា ខ្លួនត្រូវបានប៉ូលិសស្នើឱ្យចូលខ្លួនបំភ្លឺនៅឯនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី1ធ្នូ។ ដីកាកោះនេះក៏ត្រូវបានធ្វើឡើងចំពោះក្រុមសកម្មជនចំនួន12នាក់ផ្សេងទៀតផងដែរ។
ក្រុមបាតុករនេះ ដំបូងឡើយមានផែនការប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ហើយបន្ទាប់មកនឹងឆ្ពោះទៅកាន់នាយកដ្ឋានរាជសម្បត្តិ (CBP) នៅកណ្ដាលរាជធានីដើម្បីស្នើឱ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិ និងការចំណាយរបស់មហាក្សត្រ។ ប៉ុន្តែ ក្រុមប៉ូលិសបានរារាំងនៅតំបន់ CBP ដោយប្រើប្រាស់កុងតឺន័រ របងបេតុង និងបន្លាលួស។ ប៉ូលិសព្រមានក្រុមបាតុករមិនឱ្យចូលដល់រង្វង់150ជុំវិញ CBP។
ក្រុមបាតុករ ក្រោយមកក៏បានប្ដូរទិសដៅទៅកាន់ធនាគារ SCB ដើម្បីកាត់បន្ថយភាពតានតឹងដែលអាចប្រឈមមុខដាក់គ្នា ឬការប៉ះទង្គិចជាមួយក្រុមប៉ូលិសដែលអាចនាំឱ្យពួកគេធ្លាក់ចូលក្នុងអន្ទាក់។ អាជ្ញាធរបានបំពាក់កាមេរ៉ានៅជុំវិញ SCB កាលពីព្រឹកថ្ងៃទី25វិច្ឆិកា។
មហាក្សត្រថៃ Vajiralongkorn គឺជាភាគហ៊ុនិកធំជាងគេបង្អស់របស់ SCB ដែលជាធនាគារធំលំដាប់ទីពីរនៅប្រទេសថៃ និងកាន់កាប់ភាគហ៊ុនប្រមាណ 23.4% ដោយព្រះអង្គជាអ្នកឈរព្រះនាមផ្ទាល់។
ក្រោយពីបានឡើងគ្រងរាជ មហាក្សត្រ Vajiralongkorn ក៏បានកាន់កាប់សិទ្ធិគ្រប់គ្រង CPB និងឈរព្រះនាមក្ដោបក្ដាប់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបប្រមាណជាង 60ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ2016 រួមមាន អចលនទ្រព្យកំពូលៗនៅទីក្រុងបាងកក និងមូលបត្រនៅ SCP។ CPB ត្រូវបានបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ1930 ដើម្បីគ្រប់គ្រងរាជសម្បត្តិ ប៉ុន្តែ នៅឆ្នាំ2017 វាបានក្លាយជាទ្រព្យឯកជនរបស់មហាក្សត្រ។
សូមរំលឹកថា បាតុករថៃបានចេញធ្វើបាតុកម្មអស់ជាច្រើនខែមកហើយ ដើម្បីទាមទារឱ្យមានការកែសម្រួលរដ្ឋធម្មនុញ្ញ ឬកែទម្រង់របបយោធានិយម ដែលប្រការនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែថៃជាប្រទេសមួយដែលមានទំនៀមទម្លាប់គោរពរាជវង្សយ៉ាងខ្ជាប់ខ្ជួន។ យោងតាមច្បាប់ប្រមាទព្រះមហាក្សត្រ ដែលត្រូវគេចាត់ទុកថាមានលក្ខណតឹងរ៉ឹងបំផុតក្នុងពិភពលោក ជនល្មើសអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារដល់ទៅ15ឆ្នាំឯណោះ។
នាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha កាលពីសប្ដាហ៍មុន បានប្រកាសថា រាជរដ្ឋាភិបាលថៃ និងស្ថាប័នសន្តិសុខ “នឹងប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីទប់ទល់នឹងក្រុមបាតុករ” ដែលលោកបានហៅថា ជាក្រុមល្មើសច្បាប់៕
ប្រភព៖ Nikkei