គោលនយោបាយថ្មីរបស់ក្រសួងការបរទេសអាមេរិក តម្រូវឱ្យអ្នកទេសចរណ៍បរទេសមកពីប្រទេសចំនួន23 ដាក់ប្រាក់កក់ជាមុនរហូតដល់15,000ដុល្លារ នៅពេលសុំទិដ្ឋាការចូលទឹកដីអាមេរិក។ ខ្ទង់ប្រាក់កក់នេះនឹងត្រូវបានអាជ្ញាធរដកហូត បើសិនជាអ្នកទេសចរណ៍ស្នាក់នៅលើសថ្ងៃកំណត់នៅលើទឹកដីអាមេរិក។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី23វិច្ឆិកា បានឱ្យដឹងថា គោលនយោបាយថ្មីនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី24ធ្នូ ឆ្នាំ2020ខាងមុខ រហូតដល់ថ្ងៃទី24មិថុនា ឆ្នាំ2021។ ការកំណត់ថ្មីនេះ ភាគច្រើនសំដៅទៅលើបណ្ដាប្រទេសដែលមានអត្រាពលរដ្ឋទៅស្នាក់នៅហួសកាលកំណត់លើទឹកដីអាមេរិកខ្ពស់ជាងគេ ដោយប្រើប្រាស់ប្រភេទទិដ្ឋាការ B-2 (សម្រាប់គោលដៅទេសចរណ៍) និង B-1 (សម្រាប់គោលដៅការងារ)។ ព័ត៌មានខាងលើនេះ ត្រូវបានចុះផ្សាយលើបណ្ដាញព័ត៌មានរបស់នាយកដ្ឋានចុះឈ្មោះជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃទី24វិច្ឆិកា។
គោលនយោបាយថ្មីនេះ បញ្ជាក់ថា អ្នកទេសចរណ៍ដែលសុំទិដ្ឋាការប្រភេទ B ទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវកក់ប្រាក់ចំនួន 5,000ដុល្លារ ឬ 10,000ដុល្លារ ឬ 15,000ដុល្លារ។ ខ្ទង់ប្រាក់នេះនឹងត្រូវនាយកដ្ឋានអន្តោប្រវេសន៍ដកហូត បើសិនស្នាក់នៅហួសថ្ងៃកំណត់។
ប្រទេសដែលមានឈ្មោះក្នុងបញ្ជីនៃគោលនយោបាយខាងលើ មានចំនួន23ប្រទេស ដែលសុទ្ធសឹងតែជាប្រទេសដែលមានអត្រាពលរដ្ឋទៅស្នាក់នៅអាមេរិកខ្ពស់ជាង10% ហើយភាគច្រើនគឺជាប្រទេសនៅទ្វីបអាហ្វ្រិក (15ប្រទេស)។ ក្រៅពីនេះក៏មានប្រទេសមួយចំនួននៅអាស៊ីផងដែរ។ ក៏ប៉ុន្តែ ការកំណត់ថ្មីខាងលើ មិនប៉ះពាល់ដល់និស្សិត ឬទេសចរមកពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀតដែលទទួលបានការលើកលែងទិដ្ឋាការចូលទឹកដីអាមេរិក។
គោលនយោបាយសាកល្បងដែលមានសុពលភាពរយៈពេល 6ខែនេះរបស់រដ្ឋាភិបាលលោក Trump ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយស្ថានភាពទេសចរស្នាក់នៅហួសកាលកំណត់ ដែលនេះនឹងជួយឱ្យរដ្ឋាភិបាលបន្ថយបានការចំណាយទាក់ទងនឹងការបណ្ដេញចេញជនបរទេសដែលស្នាក់នៅលើសថ្ងៃកំណត់នៅលើទឹកដីអាមេរិក។
បណ្ដាប្រទេសដែលរងផលប៉ះពាល់ពីគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក រួមមាន៖ អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ស៊ីរី យេមែន លីប៊ី ម៉ូរីតានី អ៊ីរីទ្រា ស៊ូដង់ អង់ហ្គោឡា ប៊ូតាន បួគីណាហ្វាសូ បួរុនឌី កាបវែរ ឆាត សាធារណរដ្ឋកុងហ្គោ ជីប៊ូទី ហ្គាមប៊ី ហ្គីណេប៊ីសូ ឡាវ មីយ៉ានម៉ារ ប៉ាពួញ៉ូវហ្គីណេ និងប្រទេស សៅតូម៉េប្រាំងស៊ីប៕
ប្រភព៖ AFP