Skip to content

(វីដេអូ) យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35A ​​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអែរ​​នៅ​លើ​តំបន់​ពិសោធន៍​និង​ហ្វឹក​ហាត់​យោធា​ Nevada

កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានចូលរួមធ្វើលំហាត់សាកល្បងទៅលើយន្តហោះចម្បាំង F-35A ដោយការទម្លាក់គ្រាប់បែកនុយក្លេអែរ B61-12 ក្លែងក្លាយកាលពីខែសីហា ប៉ុន្តែ វីដេអូទើបតែត្រូវបានគេបញ្ចេញកាលពីពេលថ្មីៗនេះ។

មន្ទីរពិសោធន៍ជាតិ Sandia និងមន្ទីរពិសោធន៍ជាតិ Los Alamos រួមជាមួយនឹងកងទ័ពអាកាសអាមេរិក ​កាល​​ពី​​ថ្ងៃ​ទី​25​សីហា ​បានប្រើប្រាស់យន្តហោះចម្បាំង F-35A ដើម្បីធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរក្លែង​ក្លាយ​​ B61-12 ដែលមានរូបរាង និងទម្លន់ស្មើនឹងគ្រាប់បែកនុយក្លេអែរពិត ប៉ុន្តែវាមិនមានរំសេវ សារធាតុវិទ្យុសកម្ម ឬឧបករណ៍អេឡិចត្រូនិកនោះទេ។ ការសាកល្បងនេះត្រូវបានធ្វើឡើងនៅឯទីលាន Tonopah ដែលស្ថិតក្នុងតំបន់ពិសោធន៍និងហ្វឹកហាត់យោធា Nevada។

វីដេអូស្ដីអំពីការសាកល្បង ឬការហ្វឹកហាត់ដែលត្រូវបានប្រកាសដោយមន្ទីរពិសោធន៍ជាតិ Sandia កាលពីថ្ងៃ​ទី​23​វិច្ឆិកា បង្ហាញថា គ្រាប់បែក B64-12 ត្រូវបានទម្លាក់ចេញពីប្រព័ន្ធបំពាក់អាវុធរបស់យន្តហោះចម្បាំង F-35A នៅ​លើកម្ពស់ជាង 3,000ម។ គ្រាប់បែកនេះបានបង្វិលខ្លួនពេលកំពុងធ្លាក់ចុះ និងចំណាយពេលប្រហែល​42​វិនាទី​មុន​នឹងសំដៅចំគោលដៅ។

(វីដេអូ) យន្តហោះចម្បាំងបំបាំងកាយ F-35A ធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរ
យន្ត​ហោះ​ចម្បាំង​ F-35A

Steven Samuels អ្នកគ្រប់គ្រងក្រុមដែលទទួលខុសត្រូវលើប្រព័ន្ធរបស់ B61-12 នៃមន្ទីរពិសោធន៍ជាតិ Sandia បានឱ្យដឹងថា “នេះគឺជាការពិសោធដំបូងដើម្បីពិនិត្យលើប្រព័ន្ធម៉ាស៊ីន អេឡិចត្រូនិក ទំនាក់ទំនង និង​ការទម្លាក់រវាងយន្តហោះ F-35A និងគ្រាប់បែក B61-12។ ការសាកល្បងថ្មីបំផុតនេះគឺជាផ្នែកមួយនៃកម្​មវិធី​ F-35A និង B-61-12”។

យន្តហោះចម្បាំង F-35A ធ្លាប់បានចូលរួមធ្វើការហ្វឹកហាត់ និងសាកល្បងទម្លាក់គ្រាប់បែកក្លែងក្លាយ B61-12 កាលពីខែមិថុនា2019។ ការសាកល្បងនេះគឺមានបំណងដើម្បីធានាឱ្យបានប្រាកដថា គ្រាប់បែកនុយក្លេអែរ B61-12 ដែលត្រូវទម្លាក់ពី F-35A នឹងដំណើរការនៅពេលចាំបាច់ និងមិនទាមទារលក្ខខណ្ឌផ្សេង”។ របាយការណ៍​កាល​ពី​ឆ្នាំ​2007 ​បាន​ឱ្យ​ដឹង​ថា​ ស្ថាប័ន​ដែល​បាន​ចូលរួមធ្វើការសាកល្បងនេះមានសង្ឃឹមថា គ្រាប់បែក​នុយ​ក្លេអែរ B61-12 នឹងត្រូវបាន​បំពាក់​ទៅ​ឱ្យ​យន្ត​ហោះ​ចម្បាំង​ F-35A​ របស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ​2020​នេះ។

(វីដេអូ) យន្តហោះចម្បាំងបំបាំងកាយ F-35A ធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរគ្រាប់បែកនុយក្លេអែរយុទ្ធសាស្ត្រ B61-12 អាចត្រូវបានបំពាក់ប្រព័ន្ធនាំផ្លូវពីផ្កាយរណប ក្បាលគ្រាប់នុយក្លេអែរ​ដែល​មានកម្លាំងស្មើនឹងរំសេវ TNT 50,000តោន។ ចំណែកទំហំវិញ គឺតូចល្មមដែលអាចដាក់បានយ៉ាងល្អនៅក្នុងយន្តហោះចម្បាំង F-35A។

កម្មវិធីកែលម្អ B61-12 ត្រូវចំណាយប្រាក់សរុប 10ពាន់លានដុល្លារ ក្នុងនោះ គ្រាប់បែក1គ្រាប់ៗមានទម្ងន់ 320​គីឡូក្រាម និងមានតម្លៃ28លានដុល្លារអាមេរិក ដែលតម្លៃនេះខ្ពស់ជាង1.5ដងបើធៀបនឹងតម្លៃមាសសុទ្ធដែលមានទម្ងន់ដូចគ្នា។ ​សហរដ្ឋ​អាមេរិក​មាន​ផែនការផលិតគ្រាប់បែកនុយក្លេអែរ B61-12 ដែលមានអាយុកាល​20​ឆ្នាំចំនួន500គ្រាប់ ដើម្បីបំពាក់ឱ្យ​ក្រុម​ហោះ​ហើរ ​F-​15E​ និង F-35 របស់ប្រទេសនេះ និងសម្ព័ន្ធមិត្ត NATA៕

https://www.youtube.com/watch?v=6HmR2D5ZRnw

ប្រភព៖ Drive

Leave a Reply

Your email address will not be published. Required fields are marked *