ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានផ្ញើលិខិតមួយជូនទៅបេក្ខភាពប្រធានាធិបតី Joe Biden ឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានត្រៀមខ្លួនរួចហើយក្នុងការប្រគល់អំណាចជូនគណបក្សជាប់ឆ្នោត។
“ខ្ញុំមានការប្រាកដនិយមជាមួយនឹងកិច្ចការនេះ។ ដោយសារស្ថានការណ៍ថ្មីៗនេះមានបញ្ហាទាក់ទងនឹងផ្លូវច្បាប់ និងលិខិតស្នាមស្ដីអំពីការទទួលស្គាល់លទ្ធផលបោះឆ្នោត ខ្ញុំផ្ញើលិខិតនេះដើម្បីប្រគល់ធនធានមនុស្ស និងសេវាកម្មដែលមាន ជូនដល់លោក” លិខិតរបស់ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក GSA (General Services Administration) លោកស្រី Emily Murphy បានសរសរសំបុត្រផ្ញើទៅកាន់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden កាលពីថ្ងៃទី23វិច្ឆិកា ដោយមានឃ្លាសរសេរដូច្នេះ។
ប្រធានាធិបតីអាមេរិក Donald Trump បានសរសេរនៅលើទំព័រ Twitter ថា លោកបានស្នើឱ្យ Murphy និងក្រុមការងារ GSA “ធ្វើកិច្ចការដែលត្រូវធ្វើជាមួយនឹងនីតិវិធិបឋម” ដើម្បីផលប្រយោជន៍ជាតិ លោកបន្ថែមថា លោកក៏បាន “ណែនាំឱ្យក្រុមការងាររបស់ខ្ញុំធ្វើដូច្នេះដែរ”។
“ខ្ញុំសូមអរគុណដល់ប្រធាន GSA លោកស្រី Emily Murphy សម្រាប់ការប្រឹងប្រែង និងស្មោះត្រង់ចំពោះប្រទេសជាតិ។ លោកស្រីត្រូវបានគេរំខាន គំរាមកំហែង និងរំលោភសិទ្ធិ ខ្ញុំមិនចង់ឃើញបញ្ហានេះកើតឡើងចំពោះលោកស្រី និងគ្រួសារ ក៏ដូចជាសមាជិករបស់ GSA។ ការប្ដឹងតវ៉ានឹងបន្តធ្វើឡើងយ៉ាងខ្លាំងក្លា ខ្ញុំជឿថា យើងនឹងឈ្នះ” លោក Trump មានប្រសាសន៍យ៉ាងដូច្នេះ។
លោកស្រី Murphy បានអះអាងថា លោកស្រីមិនត្រូវបានសេតវិមានកៀបសង្កត់ដើម្បីពន្យារការប្រគល់អំណាចនោះទេ។ នៅក្នុងលិខិតនោះ មានឃ្លាសរសេរទៀតថា “សូមយល់ថា ខ្ញុំបានចេញបញ្ជាប្រកបដោយភាពឯករាជ្យ ដោយផ្អែកលើច្បាប់ និងទិន្នន័យជាក់ស្ដែង។
ប្រការខាងលើនេះគឺជាជំហានដំបូងដែលបានបង្ហាញថា រដ្ឋាភិបាលអាមេរិកបានទទួលស្គាល់បរាជ័យរបស់លោក Trump ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ថា ប្រធាន GSA នឹងចុះហត្ថលេខលើលិខស្នាមមួយចំនួនដើម្បីទទួលស្គាល់ជ័យជំនះរបស់លោក Biden ជាផ្លូវការ។
ព័ត៌មានខាងលើនេះត្រូវបានលើកឡើងបន្ទាប់ពីរដ្ឋ Michigan ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានប្រគល់សំឡេងឆ្នោតនៃអ្នកតំណាងពលរដ្ឋចំនួន16សំឡេងទៅឱ្យលោក Biden។
GSA គឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលអាមេរិក ដែលមានតួនាទីជួយដល់សកម្មភាពនានារបស់ស្ថាប័នរដ្ឋាភិបាលកណ្ដាល និងទទួលខុសត្រូវទៅលើការចុះហត្ថលេខាលើសំណុំបែបបទផ្លូវការ ក្រោយពីមានប្រធានាធិបតីជាប់ឆ្នោត ដើម្បីប្រគល់ប្រាក់រាប់លានដុល្លារ ផ្ដល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមមន្ត្រីរដ្ឋាភិបាល ប្រគល់ការិយាល័យនានា និងសម្ភារទូទៅ ទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។ សកម្មភាពទាំងនេះ គឺដូចទៅនឹងការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលកណ្ដាល ទន្ទឹមនឹងការប្រកាសដោយសារព័ត៌មាន ស្ដីអំពីប្រធានាធិបតីថ្មី៕
ប្រភព៖ CNN