ហ្វូស៊ីរបស់កាឡាក់ស៊ី Heracles ដែលត្រូវបានកប់នៅកណ្ដាលកាឡាក់ស៊ី Milky Way របស់មនុស្ស បង្ហើបឱ្យយើងដឹងព័ត៌មានបន្ថែមអំពីចក្រវាឡរបស់ផែនដីកាលពីយុគសម័យដំបូង។
ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញកាឡាក់ស៊ីមួយដែលបានក្លាយជាថ្ម (ហ្វូស៊ីល) ដែលកប់ជ្រៅក្នុងកាឡាក់ស៊ី Milky Way ហើយវាត្រូវបានគេដាក់ឈ្មោះឱ្យថា Heracles។ កាឡាក់ស៊ីនេះ ទំនងជាបានហោះមកបុកនឹងកាឡាក់ស៊ី Milky Way របស់មនុស្ស កាលពី1ម៉ឺនលានឆ្នាំមុន ក្នុងសម័យដែល Milky Way នៅក្មេងនៅឡើយ។ លទ្ធផលនៃការស្រាវជ្រាវថ្មីនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី The Monthly Notices of Royal Astronomical Society កាលពីថ្ងៃទី20តុលា។
ដានដែលនៅសេះសល់របស់ Heracles មានទំហំប្រមាណ 1/3នៃរង្វង់ពន្លឺដែលភ្លឺខ្លាំងជាងគេនៅកណ្ដាលកាឡាក់ស៊ី Milky Way។ បើទោះជាមានទំហំធំ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញវា រហូតដល់មានការសង្កេតយ៉ាងយកចិត្តទុកដាក់បំផុតទៅលើផ្កាយរាប់ម៉ឺនដួងនៅទីនោះ។
បណ្ឌិត Ricardo Schiavon មកពីមន្ទីរស្រាវជ្រាវតារារូបវិទ្យានៃសាកលវិទ្យាល័យ Liverpool John Moores រួមនឹងសហការី បានវិភាគទៅលើទិន្នន័យដែលបានមកពី Apogee ដែលជាគម្រោងដ៏ធំមួយដែលប្រមូលព័ត៌មានអំពីផ្កាយជាងកន្លះលាននៅក្នុងកាឡាក់ស៊ី Milky Way។
“ដើម្បីរកឃើញកាឡាក់ស៊ីដែលបានក្លាយជាហ្វូស៊ីល ដូចជា Heracles យើងត្រូវសង្កេតទៅលើធាតុគីមីជាក់លាក់ និងចលនារបស់ផ្កាយរាប់ម៉ឺនដួង។ ប្រការនេះពិតជាមានការលំបាក់ចំពោះផ្កាយដែលនៅកណ្ដាលកាឡាក់ស៊ី Milky Way ព្រោះពួកវាត្រូវបានពពកធូលីបិទបាំង។ Apogee បានជួយទម្លុះពពកធូលីនោះ និងអាចមើលឃើញផ្នែកដែលនៅជ្រៅបំផុតនៅកណ្ដាលកាឡាក់ស៊ី Milky Way” លោក Schiavon បញ្ជាក់យ៉ាងដូច្នេះ។
ដើម្បីបែងចែកឱ្យដឹងថា ផ្កាយណាជាផ្កាយរបស់ Heracles និងផ្កាយណាជាផ្កាយរបស់ Milky Way ក្រុមអ្នកវិទ្យាសាស្ត្រត្រូវវាស់ស្ទង់មើលធាតុគីមី និងល្បឿនរបស់ផ្កាយដោយប្រើឧបករណ៍របស់គម្រោង Apogee។ បេក្ខជនបណ្ឌិត Danny Horta មកពីសាកលវិទ្យាល័យ Liverpool John Moores បានបកស្រាយថា “ក្នុងចំណោមផ្កាយរាប់ម៉ឺនដួងដែលយើងបានសង្កេត មានផ្កាយខ្ទង់រយដួងដែលមានធាតុគីមី និងល្បឿនខុសប្លែកពីគេ។ ពួកវាពិសេស និងប្លែកពីគេរហូតដល់ថ្នាក់ មានតែផ្កាយមកពីកាឡាក់ស៊ីដទៃតែប៉ុណ្ណោះទើបមានលក្ខណបែបនេះ។ ដោយសារសង្កេតយ៉ាងហ្មត់ចត់ទៅលើផ្កាយទាំងនេះ ទើបយើងអាចរកឃើញទីតាំងជាក់លាក់ និងអតីតកាលរបស់កាឡាក់ស៊ីហ្វូស៊ីល Heracles”។
ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ករណីបុកជាមួយនឹងកាឡាក់ស៊ី Heracles គឺជាព្រឹត្តិការណ៍ធំកាលពីអតីតកាលរបស់ Milky Way។ ប្រការនេះបានធ្វើឱ្យកាឡាក់ស៊ីរបស់មនុស្ស មានលក្ខណពិសេស ព្រោះថា កាឡាក់ស៊ីរាងគូទខ្យងធំៗ តែងតែឆ្លងកាត់ “យុវវ័យ” ប្រកបដោយភាពស្ងប់ស្ងាត់ជាងនេះឆ្ងាយណាស់៕
ប្រភព៖ Independent