នាយឧត្តមនាវី Michael Studeman ទទួលបន្ទុកផ្នែកចារកម្មរបស់កងទ័ពអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនបានគ្រោងជាទុក នេះបើតាមការអះអាងរបស់ប្រភពព័ត៌មានចំនួនពីរ។
ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ ក្នុងនោះមានមន្ត្រីយោធាតៃវ៉ាន់ផងដែរ បាននិយាយថា មន្ត្រីដែលមកធ្វើទស្សនកិច្ចនៅកោះនេះ គឺលោក Michael Studeman នាយឧត្តមនាវីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យោងតាមគេហទំព័រកងទ័ពជើងទឹលអាមេរិក លោក Studeman គឺជាប្រធានអង្គភាព J2 ដែលជាអ្នកគ្រប់គ្រងកិច្ចការចារកម្មនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទទួលបន្ទុកក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក (Indopacom) របស់កងទ័ពសហរដ្ឋអាមេរិក។
សារព័ត៌មាន United Daily News របស់តៃវ៉ាន់ បានចុះផ្សាយអំពីរូបភាពនៃយន្តហោះឯកជនមួយគ្រឿងដែលមិនមានឈ្មោះ តែត្រូវគេដឹងថា ជាយន្តហោះយោធាអាមេរិក កំពុងចុះចតនៅព្រមានយន្តហោះ Songshan Airport នាទីក្រុងតៃប៉ិ ហើយទំនងជារង់ចាំនៅក្នុងចំណតរថភ្លើង VIP។
ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ phanefinder.net ក៏បានបង្ហាញថា មានជើងហោះហើរនៃយន្តហោះឯកជនមួយដែលបានចាកចេញពីកោះ Hawaii ជាកន្លែងមានការិយាល័យកណ្ដាលនៃបញ្ជាការដ្ឋានកងទ័ព Indopacom បានហោះឆ្ពោះទៅកាន់ព្រមានយន្តហោះ Songshan កាលពីល្ងាចថ្ងៃទី22វិច្ឆិកា នៅមុន United Daily News ចុះផ្សាយអំពីរូបថតដែលបាននិយាយខាងដើម។
មន្ទីរបញ្ចកោណ និងអង្គភាពការពារកោះតៃវ៉ាន់ សុទ្ធតែបានបដិសេធការធ្វើអធិប្បាយអំពីព័ត៌មាននេះ។ ស្ថាប័នកិច្ចការបរទេសនៃកោះតៃវ៉ាន់ កាលពីថ្ងៃទី2វិច្ឆិកា បានទទួលស្គាល់ថា មានមន្ត្រីសហរដ្ឋអាមេរិកម្នាក់មកកាន់កោះតៃវ៉ាន់ ប៉ុន្តែ បានបដិសេដផ្ដល់ព័ត៌មានលម្អិត។
មន្ត្រីតៃវ៉ាន់ខាងលើបន្ថែមថា “យើងស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកាំង។ យោងតាមការទុកចិត្តគ្នា រវាងកោះតៃវ៉ាននិងសហរដ្ឋអាមេរិក យើងមិនមានការបកស្រាយ ឬអធិប្បាយអ្វីបន្ថែមទៀតទេ”។
ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ កន្លងមក ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយការបញ្ជូនយន្តហោះចម្បាំង ហោះទៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar កាលពីខែសីហា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Keith Krach កាលពីខែកញ្ញា។
បច្ចុប្បន្ន គេមិនទាន់ដឹងថា ទស្សនកិច្ចរបស់លោក Michael Studeman នឹងត្រូវបានចិនចាត់ទុកជាការបង្កហេតុដែរ ឬយ៉ាងណានៅឡើយ។ ប៉ុន្តែលោកគឺជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបដំបូងដែលបានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងអំឡុងច្រើនឆ្នាំកន្លងទៅនេះ។
Douglas Paal អតីតប្រធានការិយាល័យតំណាងសហរដ្ឋអាមេរិកនៅកោះតៃវ៉ាន់ បានឱ្យដឹងថា៖ “បើសិនជាលោក Studeman របស់ J2 នៃបញ្ជាការដ្ឋាន Indopacom ខ្ញុំដឹងថា មិនទាន់មានដំណើរទស្សនកិច្ចបែបនេះពីមុនទេ”។
Randall Schriver អតីតជំនួយការរបស់រដ្ឋមន្ត្រីការពារជាតិសម្រាប់តំបន់អាស៊ីក្នុងសម័យលោក Donald Trump បាននិយាយថា មន្ទីរបញ្ចកោណធ្លាប់បានបញ្ជូននាយឧត្តមនាវីមកកាន់កោះតៃវ៉ាន់ដោយស្ងាត់ៗជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។ លោកបន្ថែមថា អាមេរិក និងតៃវ៉ាន់បានចែករំលែកព័ត៌មានសម្ងាត់យ៉ាងលម្អិតទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន។
សហរដ្ឋអាមេរិក និងបណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ប៉ុន្តែ អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាអ្នកគាំទ្រអន្តរជាតិសំខាន់បំផុតរបស់កោះនេះ។ Su Tseng-chang មេដឹកនាំនៃស្ថាប័នប្រតិបត្តិច្បាប់របស់តៃវ៉ាន់បានឱ្យដឹងថា ប្រធានស្ថាប័នការពារបរិស្ថានអាមេរិក Andrew Wheeler ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ នឹងមកធ្វើទស្សនកិច្ចកោះតៃវ៉ាន់នៅខែក្រោយផងដែរ៕
ប្រភព៖ Reuters