អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការគំរាមដល់ក្រុមសម្ព័ន្ធមិត្ត Five Eyes (ភ្នែកប្រាំ) ថា ពួកគេអាចនឹងត្រូវ “បុកភ្នែកឱ្យពិការ” បន្ទាប់ពីក្រុមភ្នែកប្រាំនេះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចិនទាក់ទងនឹងបញ្ហាហុងកុង។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី19វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian បានដំឡើងសំឡេងប្រឆាំងទៅនឹងក្រុមភ្នែកប្រាំ រួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី នូវែលហ្សែឡង់ ដោយចោទថា “បាន និងកំពុងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន”។
“ទោះបីជាអស់លោកមានភ្នែកប៉ុន្មានក៏ដោយ ប្រយ័ត្នត្រូវបុកឱ្យពិការ ដោយសារតែការបង្កការខូចខាតដល់អធិប្បតេយ្យ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន” លោក Zhao Lijian ថ្លែងយ៉ាងដូច្នេះ ដែលទំនងជាសំដៅទៅលើភ្នែកទាំងប្រាំរបស់ក្រុមសម្ព័ន្ធមិត្ត Five Eyes។
ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមសម្ព័ន្ធមិត្ត5ប្រទេស ដែលហៅថា ក្រុមភ្នែកប្រាំ កាលពីថ្ងៃទី18វិច្ឆិកា បានប្រកាសថា ប្រទេសចិនបានរំលោភទៅលើកិច្ចព្រមព្រៀង ដែលចិនមានកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅពេលបានអនុម័តយល់ព្រមឱ្យបញ្ចប់មុខនាទីរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន4រូបនៅហុងកុង។ ក្រុមភ្នែកប្រាំក៏បានចោទប្រទេសចិនថា បានរាំងខ្ទប់ការបញ្ចេញមតិរិះគន់នៅទីក្រុងហុងកុង និងបានស្នើឱ្យចិនដកហូតសេចក្ដីសម្រេចខាងលើ ដើម្បីប្រគល់តួនាទីដល់តំណាងរាស្ត្រទាំងនោះឡើងវិញផងដែរ។
លោក Zhao Lijian បានហៅសេចក្ដីថ្លែងការរួមរបស់ក្រុមហ៊ុន Five Eyes ថា ជា “ការលូកដៃយ៉ាងងងើលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភទៅលើច្បាប់អន្តរជាតិ និងស្តង់ដាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ”។
អ្នកនាំពាក្យខាងលើក៏បានថ្លែងថា ករណីរដ្ឋសភាប្រទេសនេះ បានចេញសេចក្ដីសម្រេចនោះ គឺជា “រឿងស្របច្បាប់ និងមិនអាចប្ដូរផ្លាស់បាន។ ជារឿងធម្មតា អ្នកស្រលាញ់ប្រទេសជាតិ និងស្រលាញ់ហុងកុង ត្រូវតែគ្រប់គ្រងហុងកុង ចំណែកអ្នកប្រឆាំងនឹងចិននៅហុងកុង គួរតែត្រូវបានរំលាយចោល”។
យោងតាមសេចក្ដីសម្រេចរបស់ទីក្រុងប៉េកាំង រដ្ឋអំណាចហុងកុងទទួលបានសិទ្ធិក្នុងការដកហូតកៅអីភ្លាមៗពីក្រុមតំណាងរាស្ត្រណាដែលជំរុញ ឬគាំទ្រគំនិតឯករាជ្យនៅហុងកុង ដោយការអូសទាញកម្លាំងពីខាងក្រៅឱ្យលូកដៃចូលក្នុងកិច្ចការរបស់ទីក្រុងនេះ ឬចូលរួមធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕
Xinhua, Global Times