Skip to content

យានអវកាស​ Crew​ Dragon ​របស់ ​Elon Musk​ ដឹក​អវកាសចរ​4​នាក់​ឡើង​ទៅ​កាន់​ស្ថានីយ​ ISS

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាស នៅពេលប្រើប្រាស់គ្រាប់រ៉ុកកែត Falcon 9 ដែលហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋ​​អាមេរិក។

កាំជ្រួច Falcon 9 នេះ បានហោះចេញពីប្រព័ន្ធបាញ់បង្ហោះរ៉ុកកែតលេខ39 របស់អង្គការ NASA ​កាល​ពី​វេលា​ម៉ោង​6​និង​27​នាទី ​ថ្ងៃទី16វិច្ឆិកា (ម៉ោងនៅកម្ពុជា) ដោយនាំទៅជាមួយអវកាសយានិកដែលស្ថិក្នុងយាន Crew Dragon ហើយបន្ទាប់មក ក៏ត្រលប់មកកាន់ផែនដី និងចុះចតលើស្រឡាងស្វ័យប្រវត្តិមួយដែលស្ថិតនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក។

យាន Crew-1 Dragon របស់ក្រុមហ៊ុន SpaceX ដឹកអវកាសយានិករបស់ NASA 3នាក់ គឺ Mike Hopkins, Victor Glover, និង Shannon Walker រួមនឹងអវកាសយានិកជប៉ុន Soichi Noguchi។

នៅមុនពេលបាញ់បង្ហោះ បញ្ហាដែលគេព្រួយបារម្ភខ្លាំង នោះគឺអាកាសធាតុ។ រលកសមុទ្រធំៗនៅតំបន់សម្រាប់ចុះចតរបស់គ្រាប់រ៉ុកកែត នាំឱ្យ SpaceX ពន្យារពេលការបាញ់បង្ហោះ1ថ្ងៃ ដើម្បីឱ្យស្រឡាងគ្មានមនុស្សបើកមានពេលគ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅដល់់កន្លែងទទួលការចុះចតរបស់រ៉ុកកែតទាន់ពេលវេលា។

យានអវកាស Crew Dragon របស់ Elon Musk ដឹកអវកាសចរ4នាក់ឡើងទៅកាន់ស្ថានីយ ISSNASA បានជ្រើសរើស SpaceX និង Boeing ឱ្យធ្វើជាអ្នកផ្គត់ផ្គង់សេវាកម្មហោះហើរទៅកាន់ទីអវកាស។ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​កំពុង​អភិវឌ្ឍ​យាន​អវកាសដែលអាចដឹកមនុស្សប្រកបដោយសុវត្ថិភាពបំផុត ទៅតាមកិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​6.8​ពាន់​លាន​ដុល្លារ។ ​ក្រោយពីដាក់ឱ្យដំណើរការ យាន Crew Dragon របស់ SpaceX និងយាន CST-100 Starliner របស់ Boeing នឹងក្លាយជាមធ្យោបាយចម្បងរបស់សហរដ្ឋអាមេរិកក្នុងការដឹកមនុស្សទៅកាន់ទីអវកាស។

ខុសពីជើងហោះហើរសាកល្បងកាលពីខែឧសភា2020 ដែលក្រុមអវកាសយានិក Bob Behnken និង Doug Hurley ត្រូវចំណាយពេល19ម៉ោងដើម្បីដេញតាមទាន់ស្ថានីយអវកាសអន្តរជាតិ ISS យាន Crew-1 ចំណាយពេលប្រហែល27ម៉ោងទើបតាមទាន់ ISS នៅលើគន្លងគោចរ។ នៅក្នុងអំឡុងពេលនោះ ក្រុមអវកាសចរអាចដើរហើរ ហូបចុក និងគេងនៅក្នុងយានបានតាមចិត្ត។ យានអវកាសនេះដំណើរការដោយប្រព័ន្ធស្វ័យប្រវត្ត ប៉ុន្តែវាក៏មានប្រព័ន្ធបញ្ជាដែលមនុស្ស​អាចប្រើ​ប្រាស់​បាន។​

ប្រហែលជា9នាទីក្រោយការបាញ់បង្ហោះ កំណាត់ដំបូងនៃប្រព័ន្ធរុញច្រានរបស់ Falcon 9 បានចុះចតលើស្រឡាងគ្មានមនុស្សបើក (JRTI) របស់ SpaceX ដែលកំពុងរង់ចាំនៅលើមហាសមុទ្រអាត្លង់ទិក។ SpaceX កំពុងរៀបផែនការដើម្បីប្រើប្រាស់កំណត់រុញច្រាននេះសម្រាប់ជើងហោះហើរបន្ទាប់ ដែលតាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ2021។

យានអវកាស Crew-1 នេះនឹងហោះទៅតភ្ជាប់នឹងស្ថានីយអវកាសអន្តរជាតិនៅវេលាម៉ោង10ព្រឹក ថ្ងៃទី17វិច្ឆិកាខាងមុខ (ម៉ោងនៅកម្ពុជា)៕

ប្រភព៖ Space

Leave a Reply

Your email address will not be published. Required fields are marked *