ទ័ពអវកាសសហរដ្ឋអាមេរិកបង្កើតបញ្ជាការដ្ឋានកងម៉ារីនអវកាស ទទួលបន្ទុកគ្រប់គ្រងសកម្មភាពក្នុងលម្ហអវកាសដែលមានកម្ពាស់ពីផ្ទៃដីនៃភពផែនដីចាប់ពី100គមឡើងទៅ។
បញ្ជាការដ្ឋានកងម៉ារីនអវកាស MARFORSPACE ស្ថិតក្រោមបញ្ជាការដ្ឋានគ្រប់គ្រងសន្តិសុខប្រព័ន្ធអ៊ីនធើណិតនៃកងម៉ារីន ដែលត្រូវបាន David Berger មេបញ្ជាការនៃកងម៉ារីនសហរដ្ឋអាមេរិក ប្រកាសឱ្យបង្កើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Offutt រដ្ឋ Nebraska និងផ្ដើមដំណើរការចាប់ពីថ្ងៃទី1តុលា។
អង្គភាពនេះគឺជាផ្នែកមួយនៃបញ្ជាការដ្ឋានអវកាសអាមេរិក ទទួលខុសត្រូវទៅលើសកម្មភាពយោធានៅលើអាកាសដែលមានកម្ពស់ចាប់ពី100គមឡើងទៅ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី13វិច្ឆិកា។ MARFORSPACE ស្ថិតក្រោមបញ្ជាការរបស់ឧត្តមសេនី Matthew Glavy ជាមេបញ្ជាការនៃអង្គភាពទទួលបន្ទុកបេសកកម្មរក្សាសន្តិសុខលើប្រព័ន្ធអ៊ីនធើណិតរបស់កងម៉ារីនសហរដ្ឋអាមេរិក។
ឧត្តមសេនី Glavy បានឱ្យដឹងនៅក្នុងរបាយការណ៍នោះថា៖ “យើងមានឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីបង្កើតអំណាចនៅក្នុងបរិស្ថានព័ត៌មាន ដោយយោងទៅតាមទីតាំងពិសេសនៅក្នុងកម្លាំងទ័ពជើងទឹក និងកងទ័ពចម្រុះ។ អវកាស និងបរិស្ថានអ៊ីនធើណិត មានតួនាទីយ៉ាងសំខាន់នៅក្នុងពិភពព័ត៌មាន និងអាចនាំមកនូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងនៅពេលបានសហការគ្នា”។
MARFORSPACE ទទួលខុសត្រូវក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធនាការក្នុងអវកាសជាមួយនឹងទ្រង់ទ្រាយទូទាំងសកលលោក ក៏ផ្ដល់ជំនួយ និងផ្ដល់ទិន្នន័យទៅឱ្យមេបញ្ជាការនានា ក៏ដូចជាសម្ព័ន្ធមិត្ត ឬដៃគូរបស់សហរដ្ឋអាមេរិក។ កងកម្លាំងនេះនឹងធ្វើការដោយឯករាជ្យ “ដោយយោងទៅលើក្រុមអ្នកជំនាញផ្នែកអវកាសដែលធ្លាប់ជួយដល់បញ្ជាការដ្ឋានយុទ្ធសាស្ត្រនៃកងម៉ារីនសហរដ្ឋអាមេរិក” នេះបើតាមសារព័ត៌មាន Space News។
ព័ត៌មានខាងលើនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Twitter មានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា កងម៉ារីនគឺជាអង្គភាពដែលមានជំនាញសម្រាប់តែការវាយប្រហារឡើងគោករបស់កងទ័ពសហរដ្ឋអាមេរិកប៉ុណ្ណោះ។
អ្នកលេង Twitter ម្នាក់សសរសេរថា៖ “អូ អង្គភាពវាយឡើងអវកាសឬ? កងកម្លាំងកាំភ្លើងធំនៃយានអវកាសមែនទេ? ខ្ញុំអាចចុះឈ្មោះចូលរួមនៅកន្លែងណាបាន?”។ល។
កងទ័ពអវកាសគឺជាអង្គភាពយោធាទី6 របស់កងទ័ពសហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ2019 ទៅតាមបញ្ជារបស់ប្រធានាធិបតី Donald Trump។ កងកម្លាំងយោធានេះមានតួនាទីការពារផ្កាយរណប ប្រឆាំងទៅនឹងការគំរាមកំហែងនៅក្នុងទីអវកាស ក្នុងបំណងអះអាងអំពីការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅលើគន្លងគោចរនៃភពផែនដី។
អង្គភាពថ្មីនេះស្ថិតក្នុងកងទ័ពអាកាសអាមេរិក និងមានយោធិនចំនួន16,000នាក់។ បញ្ជាការដ្ឋានអវកាស ទទួលខុសត្រូវលើសកម្មភាពប្រតិបត្តិការក្នុងលម្ហអាកាសដែលត្រូវបានបង្កើតឡើងកាលពីខីសីហា ឆ្នាំ2019៕
ប្រភព៖ UPI, Task&Purpose