ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជានឹងបង្កើតបណ្ដាញសង្គមថ្មីមួយ ក្នុងបំណងប្រឈមមុខជាមួយនឹង Twitter បន្ទាប់ពីបណ្ដាញសង្គមនេះ បានភ្ជាប់ការព្រមានទៅលើអត្ថបទជាច្រើនរបស់លោក Trump ដោយសារអត្ថបទទាំងនោះចោទប្រកាន់ទៅលើការបោះឆ្នោតនៅអាមេរិកថា មានការលួចបន្លំ។
សារព័ត៌មានពាណិជ្ជកម្មអន្តរជាតិ IB Times របស់អាមេរិកបានដកស្រង់ប្រភពព័ត៌មានមួយឱ្យដឹងថា ប្រធានាធិបតីអាមេរិកកំពុងពិចារណាទៅលើការបង្កើតស្ថានីយទូរទស្សន៍មួយដើម្បីប្រជែងជាមួយនឹង Fox News ឬក្រុមហ៊ុនបណ្ដាញសង្គមមួយដើម្បីប្រឈមមុខទល់នឹង Twitter ដោយសារតែលោកមើលឃើញថា ក្រុមហ៊ុនទាំងនេះ បាន “ក្បត់” រូបលោក ក្រោយការបោះឆ្នោតថ្ងៃទី3វិច្ឆិកាកន្លងទៅ។ លោក Trump ធ្លាប់បានពិភាក្សាជាច្រើនលើកជាមួយនឹងទីប្រឹក្សារបស់លោកអំពីការបង្កើតបណ្ដាញសង្គមថ្មីនេះ។
ទន្ទឹមនឹងនេះ ប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើការពិភាក្សាជាមួយនឹងទីប្រឹក្សារបស់លោកអំពីគម្រោងបង្កើតក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដែលអាចជួយឱ្យលោករក្សាបាន “កម្លាំងទាក់ទាញ” បើសិនជាលោកសម្រេចចិត្តចូលធ្វើជាបេក្ខភាពប្រធានាធិបតីម្ដងទៀតនៅក្នុងឆ្នាំ2024 ក្នុងករណីលោកចាញ់ឆ្នោតក្នុងឆ្នាំនេះ។
ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី3វិច្ឆិកាកន្លងទៅ បណ្ដាញសង្គម Twitter បានលាក់ ឬ tag ទៅលើអត្ថបទជាច្រើនរបស់លោក Trump នៅពេលដែលលោកបង្ហោះអត្ថបទដែលមានខ្លឹមសារចោទកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត៕
ប្រភព៖ IB Times, AP