សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានបើកកិច្ចប្រជុំកំពូលលើកទី37 និងកិច្ចប្រជុំនានាដែលទាក់ទង នៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាមនាព្រឹកនេះក្នុងគ្រា ដែលតំបន់កំពុងប្រឹងប្រែងគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតឡើងដោយសារCovid-19។
ប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong បានឡើងថ្លែងការណ៍ប្រកាសបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី37នៅទីក្រុងហាណូយ។ បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានឡើងប្រកាសស្វាគមន៍ចំពោះមេដឹកនាំនៃប្រទេសនានាដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសជាដៃគូរបស់អាស៊ាន ដែលបានចូលរួមសន្និសីទកំពូលនេះ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី37 ដែលត្រូវបានធ្វើឡើងនៅប្រទេសវៀតណាមនេះ គេឃើញមានវត្តមានរបស់ក្រុមមន្ត្រីកំពូលៗវៀតណាម និងតំណាងប្រតិភូការទូតប្រចាំនៅវៀតណាម បានចូលរួមដោយផ្ទាល់ ខណៈក្រុមមេដឹកនាំប្រទេសនានារបស់សមាគមអាស៊ាន និងក្រុមប្រទេសជាដៃគូសហការ បានចូលរួមកិច្ចប្រជុំតាមរយៈវីដេអូផ្សាយផ្ទាល់។
នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំកិច្ចប្រជុំកំពូលនេះ និងកិច្ចប្រជុំនានារវាងសមាគមអាស៊ានជាមួយនឹងបណ្ដាដៃគូសហការបរទេស ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់។
កិច្ចប្រជុំតាមវីដេអូផ្សាយផ្ទាល់ដែលត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី15វិច្ឆិកា2020នេះ គឺជាកិច្ចប្រជុំកំពូលចុងក្រោយនិងសំខាន់នៅក្នុងអាណត្តិដែលវៀតណាមធ្វើជាប្រធានបន្តវេន។ កិច្ចប្រជុំនេះគឺជាឱកាសដើម្បីវាយតម្លៃសរុបទៅលើលទ្ធផលនៃកិច្ចសហការនៅក្នុងនិងក្រៅសមាគម រួមនឹងការដាក់ចេញនូវគោលដៅអាទិភាពសម្រាប់ដំណាក់កាលបន្ទាប់។ តាមគម្រោង ក្រុមមេដឹកនាំនឹងធ្វើការអនុម័ត កត់់ត្រា និងធ្វើសេចក្ដីប្រកាស សរុបមានជាង80 ដែលនេះគឺជាចំនួនច្រើនជាងគេមិនធ្លាប់មានពីមុនមក។
សន្និសីទកំពូលនេះនឹងផ្ដោតការពិភាក្សាទៅលើខ្លឹមសារសំខាន់ចំនួន4៖ ទី1.ជំរុញការកសាងសហគមន៍ រក្សាល្បឿននៃការសហការដើម្បីឆ្លងផុតពីឧបសគ្គ ទី2.ពង្រីក និងធ្វើឱ្យស៊ីជម្រៅទៅលើទំនាក់ទំនងរវាងអាស៊ានជាមួយនឹងដៃគូសហការ ពង្រឹងតួនាទីជាស្នូលរបស់អាស៊ាននៅថ្នាក់តំបន់ និងពិភពលោក ទី3.គ្រប់គ្រង និងរាំងខ្ទប់Covid-19 ដោះស្រាយបញ្ហាដែលកើតឡើងដោយសារវីរុសនេះ និងលើកស្ទួយការងើបឡើងវិញក្រោយវិបត្តិសុខភាព និងទី4.ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលកំពុងត្រូវបានចាប់អារម្មណ៍៕
ប្រភព៖ Reuters,Thestar