រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង F-35 ចំនួន 50គ្រឿង រួមនឹងប្រព័ន្ធនៃយន្តហោះប្រភេទ UAV ចំនួន18គ្រឿង និងអាវុធជាច្រើនផ្សេងទៀតដែលមានតម្លៃសរុប 23.4ពាន់លានដុល្លារអាមេរិក ទៅឱ្យ UAE បើទោះជាអ៊ីស្រាអែលសម្ដែងការព្រួយបារម្ភយ៉ាងណាក៏ដោយ។
រដ្ឋាភិបាលរបស់លោក Donald Trump កាលពីថ្ងៃទី10វិច្ឆិកា បានប្រកាសជូនដំណឹងដល់សភាអាមេរិកអំពីគម្រោងលក់អាវុធនេះទៅឱ្យអារ៉ាប់រួម (United Arab Emirates/UAE) ដើម្បីជួយប្រទេសនេះទប់ទល់នឹងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។
កិច្ចសន្យាជួញដូរអាវុធនេះរួមមាន យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន50គ្រឿង ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAV) ទំនើបបំផុតចំនួន18គ្រឿង អាវុធប្រឆាំងសត្រូវលើអាកាសនិងលើដី រួមនឹងការផ្គត់ផ្គង់ផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលសម្រាប់ការប្រើប្រាស់ផងដែរ។
សភាអាមេរិកនឹងមានពេល30ថ្ងៃ ចាប់ពិទទួលបានសេចក្ដីជូនដំណឹងពីក្រសួងការបរទេស ដើម្បីធ្វើសេចក្ដីអនុម័តថា ត្រូវលក់ ឬយ៉ាងណា។ បើសិនមិនមានការជំទាស់ពីសភា កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចូនឡើងទៅកាន់ប្រធានាធិបតី Trump ដើម្បីចុះហត្ថលេខាចុងក្រោយ។
ដំណឹងខាងលើនេះ ត្រូវបានប្រកាសក្នុងគ្រាដែលអ៊ីស្រាអែល បារ៉ែន និងអារ៉ាប់រួម យល់ព្រមធ្វើប្រក្រតីភាពការទូតជាមួយគ្នាឡើងវិញ។ ប៉ុន្តែ អ៊ីស្រាអែលបានសម្ដែងការព្រួយបារម្ភអំពីការលក់អាវុធនេះ ដោយយល់ថា វានឹងប៉ះពាល់ដល់ឥទ្ធិពលនៃកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អះអាងថា កិច្ចព្រមព្រៀងនេះនឹងគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញារាប់សិបឆ្នាំរវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងតេលអាវីវ (Tel Aviv) ដែលក្នុងនោះ សហរដ្ឋអាមេរិកធានាថានឹងមិនធ្វើឱ្យចុះខ្សោយផ្នែកកម្លាំងទ័ព និងអាវុធដែលបានផ្ដល់ដល់អ៊ីស្រាអែលនោះឡើយ ដោយអាវុធដែលទីក្រុងតេលអាវីវទទួលបាន “មានកម្លាំងក្លាជាង” បើធៀបនឹងអាវុធដែលលក់ទៅឱ្យប្រទេសដទៃ៕
ប្រភព៖ AP