Skip to content

ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធាន​រដ្ឋ​សភា​រហូត​ដល់សម្លប់

ដោយសារតែមានការខឹងខ្លាំងចំពោះកិច្ចព្រមព្រៀងប្រកបដោយការខាតបង់នៅតំបន់ Nagorno-Karabakh ជាមួយនឹងភាគីអាហ្សែបែហ្សង់ ប្រជាជនអាមេនីបានប្រមូលផ្ដុំគ្នា និងបានសម្រុកចូលកាន់កាប់អគារនានារបស់រដ្ឋាភិបាល ព្រមទាំងបានវាយប្រធានសភាឱ្យសន្លប់ទៀតផង។

យោងតាមសារព័ត៌មាន Guardian កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអាមេនី និងអាហ្សែបែហ្សង់នៅតំបន់ Nagorno-Karabakh ដែលមានរុស្ស៊ីជាអាជ្ញាកណ្ដាលនេះ បានបង្កឱ្យមានប្រតិកម្មផ្ទុយគ្នារវាងប្រទេសអតីតសហភាពសូវៀតទាំងពីរនេះ នៅពេលវាបានចូលជាធរមានកាលពីថ្ងៃទី10វិច្ឆិកា2020។

ក្នុងគ្រាដែលជនជាតិអាហ្សែបែហ្សង់ ជប់លៀងអបអរសាទរ ដោយសារពួកគេដណ្ដើមបានសិទ្ធិគ្រប់គ្រងទឹកដីសំខាន់ៗមួយចំនួន ប្រជាជនអាមេនីមានការខឹងយ៉ាងខ្លាំង ព្រមទាំងបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ហើយក៏បានចូលទៅកាន់កាប់វិមានរដ្ឋាភិបាលក្នុងរយៈពេលខ្លីកាលពីថ្ងៃទី10វិច្ឆិកា។ ក្រុមបាតុករបានសម្រុកចូលអគារសភា ហើយក៏បានវាយបំផ្លាញទ្រព្យសម្បត្តិនានា និងបានបណ្ដាលឱ្យប្រធានសភាអាមេនី លោក Ararat Mirzoyan ត្រូវសន្លប់។

នៅកន្លែងផ្សេងៗ ក្រុមបាតុករក៏បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងនាំគ្នាស្រែកឡើងថា៖ “Nikol Pashinyan (នាយករដ្ឋមន្ត្រីអាមេនី) បានក្បត់យើងហើយ”។

ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធានរដ្ឋសភារហូតដល់សម្លប់
មន្ត្រី​អាមេនី​ម្នាក់​កំពុង​រារាំង​ក្រុម​បាតុករ​នៅក្នុង​វិមាន​សភា​អាមេនី​កាល​ពី​ថ្ងៃទី​10​វិច្ឆិកា

អាហ្សែបែហ្សង់ប្រកាសថា នេះជា “កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ” ខណៈអាមេនីថា ជា “កិច្ចព្រមព្រៀងដ៏ឈឺចាប់”

កិច្ចព្រមព្រៀងសន្តិភាពខាងលើត្រូវបានប្រកាសកាលពីយប់ថ្ងៃទី9វិច្ឆិកា ដែលនេះបានបើកផ្លូវឱ្យរុស្ស៊ីបញ្ជូនទាហាន​ជិត​2,000​នាក់​ទៅកាន់តំបន់មានជម្លោះដើម្បីរក្សាសន្តិភាព។ ប្រធានាធិបតីអាហ្សែបែហ្សង់ លោក Ilham Aliyev បានហៅកិច្ចព្រមព្រៀងនេះថា ជា “កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយភាគីអាមេនី​អស់​រយៈ​ពេល​6​សប្ដាហ៍”។ ​ចំណែក​នាយករដ្ឋមន្ត្រីអាមេនី លោក Pashinyan បានហៅកិច្ចព្រមព្រៀងនេះថា ជា “កិច្ចព្រមព្រៀងដ៏ឈឺចាប់”។

កាលពីថ្ងៃទី10វិច្ឆិកា ប្រធានាធិបតី Aliyev ឱ្យដឹងថា ក្រៅពីរុស្ស៊ី ប្រទេសទួរគីក៏នឹងទទួលបានការអនុញ្ញាតឱ្យដាក់ពង្រាយកម្លាំងការពារសន្តិភាពនៅក្នុងតំបន់ Nagorno-Karabakh ផងដែរ ប៉ុន្តែក្រោយមក ប្រទេសរុស្ស៊ីបានបដិសេធប្រការនេះ។ ក្រុមអ្នកជំនាញបានវាយតម្លៃថា នេះគឺជាជោគជ័យរបស់អាហ្សែបែហ្សង់ ក៏ប៉ុន្តែ វាមិនមែនជាសន្ធិសញ្ញាសន្តិភាពពេញលេញទេ ព្រោះថា ចំណុចជាច្រើននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់នេះ នៅតែមានភាពមិនច្បាស់លាស់។

ជនជាតិអាមេនីសម្រុកចូលគ្រប់គ្រងវិមានរដ្ឋាភិបាល និងវាយប្រធានរដ្ឋសភារហូតដល់សម្លប់
ជនជាតិ​ Baku នៅ​ប្រទេស​អាហ្សែបែហ្សង់ នាំ​គ្នា​អបអរ​ជ័យ​ជំនះ​កាល​ពីថ្ងៃទី​10​វិច្ឆិកា

លោក Pashinyan និងក្រុមមេដឹកនាំនៅតំបន់ Nagorno-Karabakh បានថ្លែងថា ពួកគេត្រូវបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងពេលដែលអាហ្សែបែហ្សង់ដណ្ដើមបានតំបន់យុទ្ធសាស្ត្រ ហើយអាចវាយប្រហារមកលើ Stepanakert ដែលជាទីក្រុងធំបំផុតក្នុងតំបន់នេះ។

ការប្រយុទ្ធគ្នារវាងប្រទេសអាហ្សែបែហ្សង់ និងអាមេនី នៅក្នុងឆ្នាំនេះ ត្រូវបានចាត់ទុកថា ជាបញ្ហាអាក្រក់បំផុតរាប់ចាប់ពីឆ្នាំ1994។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់រយនាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនក្នុងពេលភាគីទាំងពីរប្រយុទ្ធគ្នាចាប់ពីថ្ងៃទី27កញ្ញា៕

ប្រភព៖ Guardian

Leave a Reply

Your email address will not be published. Required fields are marked *