នៅព្រឹកថ្ងៃទី10វិច្ឆិកា រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេសក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានបើកកិច្ចប្រជុំលើកទី22 គឺ “កិច្ចប្រជុំសហគមន៍សន្តិសុខ-នយោបាយ ASEAN 22 (APSCC)” ដែលសន្និសីទនេះត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh។
នៅក្នុងសន្និសីទដែលត្រូវបានធ្វើឡើងតាមរយៈវីដេអូផ្សាយផ្ទាល់ រដ្ឋមន្ត្រីនានានៃបណ្ដាប្រទេសបានសម្ដែងការពេញចិត្តចំពោះសហគមន៍នយោបាយ-សន្តិសុខ ASEAN ដែលមានការរីកចម្រើន និងផ្លាស់ប្ដូរថ្មី បើទោះជាមានការលំបាកច្រើន និងពិសេសនៅក្នុងសម័យ Covid-19។
រដ្ឋមន្ត្រីការបរទេសនានាបានវាយតម្លៃខ្ពស់ទៅលើការរួមចំណែកនៃបណ្ដាស្ថាប័នសំខាន់ៗនៅក្នុងសហគមន៍ ដូចជា ក្រុមរដ្ឋមន្ត្រីការពារជាតិ ASEAN (ADMM) ក្រុមរដ្ឋមន្ត្រី ASEAN ទទួលបន្ទុកផ្នែកទប់ស្កាត់និងប្រឆាំងបទល្មើសឆ្លងដែន (AMMTC) នៅក្នុងកិច្ចសហការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងរយៈពេលកន្លង។ រដ្ឋមន្ត្រីរបស់បណ្ដាប្រទេស ASEAN យល់ថា ការសម្រេចបាន 98% នៃផែនការសកម្មភាព APSC គឺជាសញ្ញាលេចធ្លោនៅក្នុងដំណើរការនៃការកសាងសហគមន៍ ASEAN។
យ៉ាងនេះក្ដី រដ្ឋមន្ត្រីនានាក៏យល់ថា នៅតែមានបញ្ហាជាច្រើនត្រូវការធ្វើឱ្យបានសម្រេចក្នុងពេលខាងមុខ។ ក្រុមរដ្ឋមន្ត្រីក៏បានរំឭកអំពីការបង្កើតឡើងវិញនូវកិច្ចចរចា COC ដោយបានអះអាងថា បានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចារវាង ASEAN និងចិន។ រដ្ឋមន្ត្រីមួយចំនួនបានបន្តអំពាវនាវឱ្យមានការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួម DOC ដោយសង្ឃឹមថា ASEAN និងចិន អាចកសាងដោយជោគជ័យនូវក្រមប្រតិបត្តិ COC ប្រកបដោយសុពលភាព និងប្រសិទ្ធភាពស្របទៅតាមច្បាប់អន្តរជាតិ UNCOLS 1982៕