លោកប្រធានាធិបតី Donald Trump បានប្រកាសថា Nevada គឺជា “រូងដែលផ្ទុកពេញដោយសន្លឹកឆ្នោតក្លែងក្លាយ” ហើយលោកក៏អះអាងថា នឹងបន្តស្រាវជ្រាវលើ Wisconsin និង Pennsylvania ព្រមទាំងបញ្ជាក់ថា នឹង “ឈ្នះធំ” នៅ Georgia ផងដែរ។
ក្នុងរយៈពេលជាង24ម៉ោងកន្លងទៅ លោក Trump បានបង្កការភ្ញាក់ផ្អើលខ្លាំងនៅពេលបង្ហោះសារ និងចែករំលែងអត្ថបទ/វីដេអូរហូតដល់29លើកនៅលើទំព័រ Facebook “Donald J. Trump”។ អត្ថបទទាំងអស់សុទ្ធតែទាក់ទងនឹងការបោះឆ្នោត និងមានអត្ថបទខ្លះនិយាយអំពីសង្គ្រាមផ្លូវច្បាប់នៅក្នុងបណ្ដារដ្ឋដែលមានតំណាងម្ចាស់ឆ្នោតច្រើន ដូចជារដ្ឋ Wisconsin, Pennsylvania, Georgia និងរដ្ឋ Nevada ជាដើម។
អត្ថបទមួយចំនួនត្រូវបានចាប់ផ្ដើមដោយខ្លឹមសារ៖ “ចំនួនសន្លឹកឆ្នោតត្រូវតែពិនិត្យឡើងវិញ។ សន្លឹកឆ្នោតមួយចំនួនធំត្រូវបានគេលូកដៃធ្វើអន្តរាគមន៍។ ចូររង់ចាំមើល?”។
បន្ទាប់មក លោកសរសេរថា៖ Nevada តាមពិតគឺជារូងដែលផ្ទុកពេញដោយសន្លឹកឆ្នោតក្លែងក្លាយ។ Matt Schlapp និង Adam Laxalt កំពុងស្រាវជ្រាវ លទ្ធផលនឹងធ្វើឱ្យយើងភ្ញាក់ផ្អើលនៅពេលត្រូវបានប្រកាស”។
ដំណឹងនានាដែលត្រូវបានលោក Trump បង្ហោះ ក៏មានលក្ខណៈទាក់ទាញគួរឱ្យចាប់អារម្មណ៍៖
ស្ថានភាពនៅ Wisconsin ក៏នៅតែល្អ។ ត្រូវការពេលវេលាខ្លះដើម្បីអនុវត្តតាមច្បាប់។ នឹងមានការប្រែប្រួលឆាប់ៗនេះ! Reince Priebus, Sean Duff”។
“Pennsylvania រារាំងមិនឱ្យយើងតាមដានដំណើរការនៃការរាប់សន្លឹកឆ្នោត។ មិនគួរឱ្យជឿ និងខុសច្បាប់”។
“នឹងឈ្នះធំនៅរដ្ឋ Georgia ហើយដូចទៅនឹងយប់នៃថ្ងៃបោះឆ្នោតដូច្នោះដែរ!”។
“Fox News, Quinnipiac, ABC/WaPo, NBC/WSJ ពិតជាខុស នៅពេលលូកដៃចូលក្នុងការបោះឆ្នោត។ ពួកគេបានដើរហូសតួនាទីនៅក្នុងកិច្ចការបោះឆ្នោត។ បញ្ហានេះអាចត្រូវបានបញ្ចូលទៅក្នុងទោសជ្រៀតជ្រែកកិច្ចការបោះឆ្នោត។ ABC/WaPo បានបន្ថយពន្ទុះចំនួន17របស់ខ្ញុំនៅ Wiscoonsin នៅមុនការបោះឆ្នោត ហើយខ្ញុំបានឈ្នះ! នៅ Iowa ការស្ទង់មតិនានាបានទន្លាក់ពន្ទុះរបស់ខ្ញុំចំនួន4ពិន្ទុ ហើយ4ឆ្នាំក្រោយ ពួកគេនៅតែធ្វើបែបនេះ។ នេះគឺជាបញ្ហាអាក្រក់ គឺអាក្រក់ជាងការបង្ខំឱ្យមនុស្សទៅបោះឆ្នោត ឬចូលរួមវិភាគទានសម្រាប់ការបោះឆ្នោតទៅទៀត”។
លោក Trump ក៏សរសេរថា៖ “ដូចដែលខ្ញុំបាននិយាយកាលពីមុន Pfizer និងបណ្ដាក្រុមហ៊ុនផ្សេងទៀតនឹងប្រកាសអំពីវ៉ាក់សាំងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ព្រោះថា ពួកគេមិនមានភាពក្លាហានក្នុងការប្រកាស (ដំណឹងអំពីវ៉ាក់សាំង) មុន (ថ្ងៃបោះឆ្នោត)។ ដូចគ្នានេះដែរ FDA ក៏គួរប្រកាសឱ្យបានឆាប់ ដោយមិនមែនក្នុងបំណងនយោបាយនោះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះជីវិតមនុស្ស”។
“បើសិនជា Joe Biden ជាប្រធានាធិបតី នោះគ្រប់គ្នានឹងមិនមានវ៉ាក់សាំងឡើយនៅក្នុងរយៈពេល4ឆ្នាំខាងមុខ ឬត្រូវបាន FDA អនុម័តបានលឿនបែបនេះ។ ប្រព័ន្ធរដ្ឋបាលនឹងបំផ្លាញជីវិតរាប់លាននាក់”។
“FDA និងបក្សប្រជាធិបតេយ្យមិនចង់ឱ្យខ្ញុំជោគជ័យក្នុងរឿងវ៉ាក់សាំង ដូច្នេះហើយ 5ថ្ងៃក្រោយ (ការបោះឆ្នោត) ទើបដំណឹងអំពីវ៉ាក់សាំងត្រូវបានគេបញ្ចេញ ដូចអ្វីដែលខ្ញុំបាននិយាយពីមុន!”។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរ នោះគឺលោក Trump ទទួលបានការចុចចូលចិត្ត (Like) ខ្ទង់លានលើក ទៅលើឃ្លាមួយដែលសរសេរថា “ទីផ្សារមូលបត្រឈ្នះធំ ជិតមានវ៉ាក់សាំង។ របាយការណ៍ថា មានប្រសិទ្ធភាព90%។ ដំណឹងនេះពិតជាអស្ចារ្យ!”។
លោក Trump នឹងក្រុមការងាររបស់ខ្លួន បានចាប់ផ្ដើមសង្គ្រាមផ្លូវច្បាប់ដើម្បីធ្វើការពិនិត្យ ឬរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។ តាមរយៈសង្គ្រាមនេះ លោក Trump នៅតែមានឱកាសកែប្រែស្ថានការណ៍ និងជាប់ឆ្នោតជាថ្មី៕