Skip to content

បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន

ក្រោយការបញ្ចប់តំណែងរបស់លោក Mark Esper មន្ត្រីកំពូលៗជាច្រើននាក់ទៀត កំពុងប្រឈមនឹងការបាត់​បង់​តំណែងដោយសារតែលោក Trump មុនពេលប្រធានាធិបតីរូបនេះប្រគល់អំណាចជូនលោក Joe Biden ដែលនេះនឹងនាំឱ្យសហរដ្ឋអាមេរិក ធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់។

កាលពីល្ងាចថ្ងៃទី9វិច្ឆិកា ប្រធានាធិបតី Trump បានប្រកាសថា បានសម្រេចចិត្តដកហូតតំណែង “ដែលមានសុពលភាពភ្លាមៗ” ចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mark Esper ដោយការបង្ហោះសារមួយនៅលើទំព័រ Twitter។ លោក Trump បានសរសេរថា៖ “Mark Esper ត្រូវបានដកហូត។ ខ្ញុំអរគុណដល់ការបំពេញភារកិច្ចរបស់គាត់”។ លោក Trump ក៏បានប្រកាសថា ប្រធានអង្គភាពប្រឆាំងភេរវកម្មជាតិ លោក Christopher Miller នឹងក្លាយជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក។

Chris Cillizza ដែលជាអ្នកវិភាគម្នាក់មកពី CNN យល់ថា ការសម្រេចចិត្តនេះរបស់លោក Trump មិនបានធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងនោះទេ។ ក្នុងរយៈពេលត្រឹមតែ2ឆ្នាំកន្លងមកនេះ ក្រសួងការពារជាតិអាមេរិក មានរដ្ឋមន្ត្រីស្តីទីដល់ទៅ4រូបទៅហើយ ក្នុងពេលដែល Esper បានក្លាយជា “បន្លាក្នុងភ្នែក” របស់លោក Trump អស់រយៈពេលច្រើនខែកន្លងមក។

Esper មានការខ្វែងគំនិតគ្នាជាមួយលោក Trump នៅពេលលោកមិនយល់ស្របចំពោះការដាក់ពង្រាយកងទ័ពដើម្បីបង្ក្រាបបាតុករហិង្សានៅក្នុងបណ្ដាទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ក្រោយការស្លាប់របស់ George Floyd កាលពីខែឧសភា2020។ កាលពីថ្ងៃទី4វិច្ឆិកា រយៈពេល5ថ្ងៃមុនពេលត្រូវលោក Trump ដកហូតតំណែង លោក Esper បានសម្ភាសជាមួយសារព័ត៌មាន Military Times ក្នុងនោះលោក Esper បានព្យាករថា ខ្លួននឹងត្រូវបញ្ចប់តំណែង ដោយសារតែមិនស្ដាប់បង្គាប់ប្រធានាធិបតី។

បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mark Esper

ការដកហូតតំណែងរបស់ Esper នឹងមិនបង្កឱ្យមានការចាប់អារម្មណ៍ច្រើនប៉ុន្មាននោះទេ បើសិនកើតឡើងនៅក្នុងពេលផ្សេង។ ក៏ប៉ុន្តែ ក្នុងដំណាក់កាលនេះ ករណីនេះគឺជារឿងគួរឱ្យកត់សម្គាល់ ព្រោះថា វាជាសញ្ញាដំបូងនៃភាពច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃ ដែលលោក Trump នឹងបង្កឱ្យមានឡើងប្រកបដោយភាពធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកក្នុងសម័យទំនើប។

គិតមកដល់ពេលនេះ លោក Trump នៅតែមិនទាន់ទទួលស្គាល់បរាជ័យនៅឡើយ នៅចំពោះមុខលោក Joe Biden ដែលត្រូវបានសារព័ត៌មានអាមេរិកាំងហៅថាជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីបានឈ្នះក្នុងការបោះ​ឆ្នោត។ ក្រុមការងារផ្នែកបោះឆ្នោតរបស់លោក Trump បានបើកកិច្ចប្រជុំធំមួយកាលពីថ្ងៃទី9វិច្ឆិកា ហើយពួក​គេ​យល់ថា លោក Trump នៅតែមានឱកាសក្នុងការប្រកួតប្រជែងនេះ។ ជាក់ស្ដែង ប្រធានាធិបតី Trump បានប្រកាសថា នឹងធ្វើការប្ដឹងផ្ដល់ដល់ទីបំផុត ព្រោះថា បរាជ័យគឹជាថ្នាំដែលល្វីងបំផុតសម្រាប់លោក។

លោក Trump ធ្លាប់បានថ្លែងថា៖ “ឈ្នះគឺជារឿងងាយស្រួលណាស់”។ លោកបន្តថា៖ “ចាញ់គឺមិនមែនងាយស្រួលឡើយ ពិសេសគឺសម្រាប់ខ្ញុំ”។

Cillizza អះអាងថា បរាជ័យនឹងធ្វើឱ្យលោក Trump ខឹងខ្លាំង និងជារសជាតិល្វីងជូរចត់ជាទីបំផុតសម្រាប់លោក​ ដូច្នេះ លោកអាចនឹងស្វែងរកវិធីនានាដើម្បីសងសឹក ដោយមិនធ្វើតាមការកំណត់ដែលជាទម្លាប់នៃការប្រគល់អំណាចផ្នែកនយោបាយនៅសហរដ្ឋអាមេរិក។ ប្រការនេះមានន័យថា ការដកហូតតំណែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Esper គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ នៅក្នុងសកម្មភាពរាប់មិនអស់ដទៃទៀតដែលលោក Trump នឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី20មករាឆ្នាំ2021។

បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន
Christopher Wray ប្រធានអង្គភាពស៊ើបការសម្ងាត់សហព័ន្ធ​ (FBI)

Washington Post កាលពីខែតុលា បានចេញផ្សាយថា Trump កំពុងពិចារណាក្នុងការដកតំណែងរបស់ Christopher Wray ដែលជាប្រធានអង្គភាពស៊ើបការសម្ងាត់របស់ FBI ដោយសារគ្មានសមត្ថភាពក្នុងការស្រាវជ្រាវលើការចោទប្រកាន់អំពីបញ្ហា “ក្បត់បក្ខពួក” នៅក្នុងផ្ទៃក្នុង។ នេះក៏ជាសារមួយដែលព្រមានដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr ដែលជាអ្នកស្មោះត្រង់នឹង Trump ប៉ុន្តែ បានធ្វើឱ្យបាត់បង់ទំនុកចិត្តព្រោះតែបានពន្យារការស៊ើបអង្កេតលើកំហុសឆ្គងក្នុងបេសកកម្មប្រឆាំងនឹងការស៊ើបអង្កេតរបស់ FBI នៅក្នុងរដូវឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំ2016។ សារព័ត៌មាន Axios កាលពីខែតុលា ក៏បានចេញផ្សាយថា Trump អាចនឹងដកហូតតំណែងប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់សហព័ន្ធ​ CIA លោកស្រី Gina Haspel ផងដែរ។

បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីការពារជាតិ Trump នឹងបន្តធ្វើឱ្យច្របូកច្របល់ក្នុងរយៈពេល72ថ្ងៃចុងក្រោយរបស់ខ្លួននៅសេតវិមាន
ប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់សហព័ន្ធ​ CIA លោកស្រី Gina Haspel

ការដកតំណែងរបស់ក្រុមមេដឹកនាំក្រសួងការពារជាតិ រួមនឹង CIA និង FBI ឬរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាដើម ទំនងគ្រាន់តែជាជំហានដំបូងនៅក្នុងការ “ចម្រាញ់” ក្រុមមនុស្សដែលមិនមានភាពស្មោះត្រង់គ្រប់គ្រាន់ចំពោះលោក Trump តែប៉ុណ្ណោះ៕

ប្រភព៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *