ប្រធានាធិបតីហសរដ្ឋអាមេរិកដែលទើបតែជាប់ឆ្នោត លោក Joe Biden កំពុងតែរៀបចំផែនការដើម្បីចុះហត្ថលេខាលើក្រឹត្យជាច្រើន ក្រោយពីចូលកាន់កាប់តំណែង ដើម្បីផ្លាស់ប្ដូរអាទិភាពរបស់ប្រទេសជាតិ។
ប្រភពដែលយល់ដឹងអំពីបញ្ហា និងការសន្យារបស់លោក Biden ឱ្យដឹងថា ប្រធានាធិបតីថ្មីរូបនេះនឹងនាំអាមេរិកត្រលប់ទៅកាន់សន្ធិសញ្ញាទីក្រុងបារីសទាក់ទិននឹងបញ្ហាបម្រែបម្រួលអាកាសធាតុ រួមនឹងកែប្រែសេចក្ដីសម្រេចដកខ្លួនពីអង្គការសុខភាពពិភពលោកដែលលោក Trump បានដាក់ចេញ។
លោក Biden ក៏នឹងលុបចោលនូវបម្រាមលើការធ្វើដំណើរចេញចូលរបស់អ៊ីស្លាមសាសនិក និងដំណើរការឡើងវិញនូវកម្មវិធីដែលអនុញ្ញាតឱ្យក្រុមមនុស្សដែលត្រូវបាននាំទៅសហរដ្ឋអាមេរិកពេលនៅក្មេង អាចបន្តរស់នៅទីនេះ។ តាមគម្រោង លោក Joe Biden នឹងបង្កើតក្រុមពិសេសមួយដើម្បីទប់ទល់នឹង Covid-19 នៅថ្ងៃទី9វិច្ឆិកា។
ក្រៅពីនេះ បញ្ហាប្រើប្រាស់អាវុធស្របច្បាប់ បញ្ហាកាត់បន្ថយពន្ធ បញ្ហាសុខាភិបាលសាធារណៈ បញ្ហាសមាជិករដ្ឋាភិបាលមានឥទ្ធិពលលើក្រសួងយុត្តិធម៌ជាដើម ក៏នឹងត្រូវបានលោក Biden យកមកធ្វើជាអាទិភាពនៅក្នុងពេលចូលកាន់តំណែងថ្ងៃដំបូងផងដែរ។
លោក Biden បានឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania និងរកបានសំឡេងឆ្នោតពីតំណាងម្ចាស់ឆ្នោតលើសពី270សំឡេងរួចហើយ។ ប៉ុន្តែ Trump ប្រកាសថា ការបោះឆ្នោតនេះនឹងត្រូវការពេលយូរទៀតទើបបញ្ចប់។
មកដល់ពេលនេះ លោក Trump មិនទាន់បានទាក់ទងទៅកាន់លោក Biden ដើម្បីទទួលថាចាញ់ឆ្នោតនៅឡើយ ហើយក៏មិនមានគម្រោងចូលរួមក្នុងពិធីទទួលតំណែងរបស់ប្រធានាធិបតីអាមេរិកទី46នោះដែរ។ ក្រុមការងារបោះឆ្នោតរបស់លោក Trump បានធ្វើការប្ដឹងផ្ដល់ជាច្រើនករណី ទាក់ទិននឹងការលួចបន្លំសន្លឹកឆ្នោត ប៉ុន្តែ បណ្ដឹងស្ទើរតែទាំងអស់ត្រូវបានបដិសេធដោយចៅក្រម ដោយសារតែមិនមានភស្ដុតាង៕
ប្រភព៖ Washington Post