លោក Donald Trump ទទួលបានសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋជាង69.5សំឡេង ច្រើនជាងលោក Obama ដែលបានបង្កើតកំណត់ត្រាថ្មីកាលពីឆ្នាំ2008ទៅទៀត។
យោងតាមទិន្នន័យពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតរបស់សហរដ្ឋអាមេរិក គិតមកដល់ថ្ងៃទី5វិច្ឆិកា ប្រធានាធិបតី Trump ដែលជាបេក្ខភាពមកពីបក្សសាធារណរដ្ឋ ទទួលបានសំឡេងឆ្នោតគាំទ្រផ្ទាល់ពីពលរដ្ឋជាង 69.59លានសំឡេង។ លោក Trump បានបំបែកកំណត់ត្រារបស់អតីតប្រធានាធិបតី Barack Obama ដែលទទួលបានសំឡេងឆ្នោតគាំទ្រជិត69.5លានសំឡេងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ2008។
បច្ចុប្បន្ន លោក Trump កំពុងកាន់កាប់សន្លឹកឆ្នោតប្រមាណ 49.9% ក្នុងចំណោមសន្លឹកឆ្នោតសរុបដែលត្រូវបានរាប់រួចរាល់ ក៏ប៉ុន្តែ លោក Trump នៅតែខ្សោយជាងគូប្រជែង Joe Biden ដែលបច្ចុប្បន្នកាន់កាប់សន្លឹកឆ្នោតប្រមាណ 73.6លានសំឡេង ស្មើនឹង50.5% នៃសន្លឹកឆ្នោតដែលបានរាប់។
ការកើនឡើងនៃចំនួនសន្លឹកឆ្នោតគាំទ្ររបស់បេក្ខភាពទាំងពីររូបនេះ ត្រូវបានគេជឿថា បណ្ដាលមកពីពលរដ្ឋនាំគ្នាទៅបោះឆ្នោតច្រើនជាងអាណត្តិមុនៗ។ ការបោះឆ្នោតលើកនេះបានទាក់ទាញម្ចាស់ឆ្នោតជាង100លាននាក់ទៅបោះឆ្នោតមុនកាលកំណត់ ក្នុងនោះមានអ្នកខ្លះបោះឆ្នោតតាមប្រៃសណីយ៍ផងដែរ ព្រោះតែពួកគេបារម្ភអំពីបញ្ហាCovid-19។
ប្រការខាងលើនេះក៏បាននាំឱ្យដំណាក់កាលនៃការរាប់សន្លឹកឆ្លោតត្រូវអូសបន្លាយពេលយូរជាងមុន ក្នុងនោះមានរដ្ឋជាច្រើនបានប្រកាសថា អាចត្រូវចំណាយពេលច្រើនថ្ងៃទៀតដើម្បីរាប់សន្លឹកឆ្នោត មុននឹងលទ្ធផលចុងក្រោយត្រូវបានប្រកាស៕
ប្រភព៖ CBS