លោក Joe Biden កំពុងរស់នៅជាមួយនឹងភរិយា នៅក្នុងភូមិគ្រឹះមួយដែលមានទំហំជាង 1,000ម៉ែត្រការ៉េ នៅលើដីភូមិសម្បូរទៅដោយរុក្ខជាតិដែលមានម្លប់យ៉ាងត្រឈឹងត្រឈៃ។
យោងតាម Washington Post លោក Biden រស់នៅជាមួយភរិយា ក្នុងភូមិគ្រឹះប្រណិតមួយនៅក្នុងតំបន់ McLean ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។
លោក Biden ចាប់ផ្ដើមជួលភូមិគ្រឹះនៅ McLean បន្ទាប់ពីលោកបានចាកចេញពីតំណែងអនុប្រធានាធិបតី។ ព័ត៌មានលម្អិតស្ដីអំពីកិច្ចសន្យាជួលភូមិគ្រឹះនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងទេ ប៉ុន្តែ គេហទំព័រអចលនទ្រព្យ Zillow បានប៉ាន់ប្រមាណឃើញថា តម្លៃជួលប្រចាំខែសម្រាប់ភូមិគ្រឹះនេះគឺជិតស្មើនឹង20,000ដុល្លារអាមេរិក។
អចលនទ្រព្យខាងលើនេះ មានតម្លៃប្រមាណជា 4.7លានដុល្លារអាមេរិក នេះបើតាមគេហទំព័រ Zillow។
ភូមិគ្រឹះនេះមានរចនាតាមបែបបទ Georgia និងត្រូវបានគេប្រៀបប្រដូចទៅនឹងសេតវិមានខ្នាតតូច លាក់ខ្លួននៅលើផ្ទៃដីដែលពោរពេញដោយម្លប់រុក្ខជាតិ។
ភូមិគ្រឹះដែលមានទំហំជិត 1,115ម៉ែត្រការ៉េនេះ មានបន្ទប់គេងចំនួន5 និងបន្ទប់ទឹកចំនួន10។
បន្ទប់ទទួលភ្ញៀវធំទូលាយ និងមានចង្ក្រានកម្ដៅធ្វើអំពីថ្មម៉ាបយ៉ាងស្រស់ស្អាត។
បង្អួចស្ថិតនៅជុំវិញ ដែលអាចឱ្យគេគយគន់សួនច្បារ ក៏ដូចជាទិដ្ឋភាពខាងក្រៅ និងទទួលពន្លឺពីធម្មជាតិបានយ៉ាងល្អ។
បន្ទប់សម្រាប់គ្រួសារ ត្រូវបានរចនាឡើងប្រកបដោយភាពកក់ក្ដៅ ជួយឱ្យមានអារម្មណ៍កាន់តែស្និទ្ធស្នាលនឹងគ្នា។
ផ្ទះបាយធំទូលាយជាមួយនឹងរចនាបែបបើកចំហ បំពាក់សម្ភារចម្អិនអាហារទាន់សម័យ និងមិនមានខ្វះចន្លោះអ្វីឡើយ។
បន្ទប់គេងដែលធំជាងគេ មានភាពប្រណិតខ្លាំង និងប្រើប្រាស់ពណ៌សស្រទន់ជាចម្បង ប្រកបដោយភាពថ្លៃថ្នូរ បង្កើតបានជាអារម្មណ៍ធូរស្រាល និងមានផាសុកភាព។
បន្ទប់ទទួលទានអាហារចម្បងរបស់ភូមិគ្រឹះនេះក៏ធំទូលំទូលាយ និងលេចធ្លោដោយជញ្ជាំងដែលមានគំនូរយ៉ាងប្លែកភ្នែក។
ក្រៅពីនេះ ភូមិគ្រឹះក៏មានទីលានចតរថយន្តធំល្មម និងមានបន្ទប់ហាត់ប្រាណ រួមនឹងបន្ទប់ស្ទីមផងដែរ៕
ប្រភព៖ Washington Post