ក្រុមហ៊ុនល្បែរភ្នាល់អនឡាញ Sportsbet បានផ្ដល់ប្រាក់រង្វាន់ទៅឱ្យអតិថិជនជាង100,000នាក់របស់ខ្លួនដែលបានចាក់ភ្នាក់ថា Joe Biden នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
ការសម្រេចចិត្តខាងលើត្រូវបានភាគីខាងមេល្បែងភ្នាល់ Sportsbet លើកឡើងនៅព្រឹកព្រលឹមថ្ងៃទី5វិច្ឆិកានេះ បើទោះលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅអាមេរិកមិនទាន់ត្រូវបានប្រកាសនៅឡើយ។ ក្រុមហ៊ុនល្បែងអនឡាញនេះ បានចាត់ទុកគម្លាតដែលលោក Biden កំពុងនាំមុខលោក Trump ថា មិនមានអ្វីមកប្ដូរផ្លាស់បាន ក្រោយពី CNN បានព្យាករថា រដ្ឋ Michigan បានធ្លាក់ទៅក្នុងដៃបក្សប្រជាធិបតេយ្យ រួមនឹងទិន្នន័យបង្ហាញថា លោក Biden មានប្រៀបជាង នៅក្នុងរដ្ឋ Nevada និងរដ្ឋ Arizona។ ដូច្នេះ Sportsbet បានផ្ដល់ប្រាក់រង្វាន់ទៅឱ្យអតិថិជនជាង100,000នាក់របស់ខ្លួន ដែលបានចាក់ភ្នាល់ខាង Biden នេះតែម្ដង។
Sportsbet បានឱ្យដឹងដែរថា អត្រានៃការភ្នាល់ទៅលើ Biden គឺ 1ស៊ី1.1 ចំណែក Trump គឺ 1ស៊ី 6.5។
នេះមិនមែនជាលើកដំបូងដែល Sportsbet បានផ្ដល់ប្រាក់រង្វាន់មុនពេលកំណត់ទៅឱ្យអ្នកភ្នាល់របស់ខ្លួននោះទេ។ កាលពីឆ្នាំមុន Sportsbet ក៏ធ្លាប់បានធ្វើដូច្នេះសម្រាប់អ្នកភ្នាល់ដែលបានចាក់ខាងបក្សពលករនៅអូស្ត្រាលីផងដែរ នៅក្នុងការបោះឆ្នោតជាតិនៃប្រទេសនេះ។ ប៉ុន្តែ បក្សនេះបានចាញ់ឆ្នោត បន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស។
គិតមកដល់បច្ចុប្បន្ន លោក Biden នៅខ្វះសំឡេងឆ្នោតត្រឹមតែ6សំឡេងទៀតប៉ុណ្ណោះនឹងបានក្លាយជាប្រធានាធិបតីយ៉ាងពិតប្រាកដ។ ពេលនេះ លោក Biden មានសំឡេងឆ្នោតគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន 264សំឡេង ខណៈដែលលោក Trump មានត្រឹមតែ 214សំឡេងប៉ុណ្ណោះ៕
ប្រភព៖ Bloomberg